នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន ARCFOX និង Huawei បានសហការគ្នា ក្នុងការបង្កើតនូវរថយន្តស៊េរីថ្មីដ៏អស្ចារ្យរបស់ខ្លួនដែលមានឈ្មោះហៅថា ARCFOX Alpha S Huawei HI Edition។ រថយន្ត Polar Fox Alpha S Huawei HI version នេះ ត្រូវបានគេបំពាក់នូវប្រព័ន្ធ 3 lidars រួមជាមួយនិងសេនស័រជាច្រើនទៀតផងដែរ។ រថយន្តឆ្លាតវៃនេះ គឺមានសមត្ថភាពខ្ពស់ អាចបើកបរដោយខ្លួនឯងនៅលើផ្លូវទីក្រុង ហើយក្រុមហ៊ុនទាំងពីរនេះ បានប្រកាសចេញលក់វាក្នុងតម្លៃ 429,900 yuan ($66,500)។
ជាមួយគ្នា ក្រុមហ៊ុន BAIC Group បានប្រកាសថា រថយន្ត Polar Fox Alpha S Huawei HI version គឺជារថយន្តឆ្លាតវៃជំនាន់ដំបូងដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ HarmonyOS។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើននោះ បានអោយដឹងថា ក្រុមហ៊ុន Polar Fox មានក្តីសង្ឃឹមក្នុងការបើកនូវស្ថានីយ៍សាកថ្ម 360kW Supercharger នៅក្នុងឆមាសទី 2 នៅក្នុងឆ្នាំនេះ។ ក្រុមហ៊ុននេះ នឹងធ្វើការពង្រីកនូវស្ថានីយ៍រហូតដល់ទៅ 100 កន្លែងនៅក្នុងពេលមួយឆ្នាំ។ បន្ថែមពីនេះទៀតនោះរថយន្ត Alpha S Huawei HI version នេះគឺចាប់ផ្តើមការផលិតទ្រង់ទ្រាយធំ។
របាយការណ៍ថ្មីនេះ បានបង្ហាញទៀតថា ការបញ្ជាទិញទៅលើរថយន្តនេះ គឺមានតម្រូវការខ្ពស់ខ្លាំងមែនទែន។ ក្រុមហ៊ុននេះអាចនឹងដឹកជញ្ជូននូវរថយន្តទាំងនេះ នៅចុងឆ្នាំនេះហើយ។ គោលដៅរបស់ក្រុមហ៊ុន Polar Fox គឺដឹកជញ្ជូនរថយន្តមិនតិចជាង 1000 គ្រឿងនោះទេ នៅក្នុងត្រីមាសទី 4 ឆ្នាំនេះ។ រថយន្ត ARCFOX Polar Fox Alpha S Huawei HI version នេះប្រើប្រាស់ជាមួយនឹង HarmonyOS smart cockpit។ រថយន្តនេះ មានអេក្រង់ 21.69-inch ដែលមានកម្រិតភាពច្បាស់ 3840x720 និង 180PPI។ រថយន្តនេះ ប្រើប្រាស់នូវបន្ទះឈីប Kirin 990A chip ជាមួយនឹង 3.5TOPs និងទ្រទ្រង់នូវបច្ចេកវិទ្យា5G ថែមទៀត។
រថយន្ត Alpha S version នេះគឺមានតម្លៃ 388,900 yuan ($60,000) ខណៈពេលដែលរថយន្តប្រភេទ High-version គឺមានតម្លៃ 429,900 yuan ($66,000)។ រថយន្ត Polar Fox Alpha S Huawei HI version នេះគឺជារថយន្តអគ្គីសនីឆ្លាតវៃរបស់ក្រុមហ៊ុនដែលមានបំពាក់នូវដំណោះស្រាយ Huawei Lidar ។ រថយន្តនេះគឺមានបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិផងដែររបស់ក្រុមហ៊ុន Huawei ៕