នាអំឡុងពេលនៃការផ្សាយបន្តផ្ទាល់មួយដែលបានធ្វើឡើងនាពេលថ្មីៗនេះ ប្រធានក្រុមហ៊ុន Xiaomi លោក Lu Weibing បានបញ្ជាក់ថា ក្រុមហ៊ុននឹងបង្ហាញព័ត៌មានលម្អិតបន្ថែមអំពីរថយន្ត SUV អគ្គិសនីម៉ូដែលទីពីររបស់ខ្លួនដែលនឹងមកដល់នាពេលខាងមុខនេះ គឺ Xiaomi YU7 នៅក្នុងព្រឹត្តិការណ៍សម្ពោធផលិតផលថ្មីរបស់ក្រុមហ៊ុនដែលនឹងរៀបចំធ្វើឡើងនៅចុងខែឧសភានេះ។
រថយន្ត SUV ម៉ូដែលដំបូង និងជាម៉ូដែលទីពីរបន្ទាប់ពី SU7 ត្រូវបានគេរំពឹងថា នឹងចេញវាយលុកទីផ្សារនៅចន្លោះខែមិថុនា និងខែកក្កដា ឆ្នាំនេះ ជាមួយជម្រើសប្រើម៉ូទ័រអគ្គិសនីមួយ ឬប៉ុងមួយ (rear-wheel-drive) និងម៉ូទ័រអគ្គិសនីពីរ ឬប៉ុងពីរ (All-wheel-drive)។
Xiaomi YU7 ទទួលបានការចុះបញ្ជីផ្លូវការណ៍ជាមួយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិនហៅកាត់ MIIT រួចរាល់ហើយ។ ទៅលើរូបភាពដែលបានបញ្ជាក់ផ្លូវការណ៍ បានបង្ហាញថា ការឌីស្សាញផ្នែកខាងក្រៅទូទៅរបស់ YU7 SUV គឺមិនសូវជាខុសគ្នានឹងម៉ូដែល SU7 sedan ឡើយ។
រថយន្តអគ្គិសនី SUV របស់ក្រុមហ៊ុនចិននេះ មានបណ្តោយតួរខ្លួន 4,999mm/ ទទឹង 1,996mm/កំពស់ 1,608mm និងមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,000mm។ ផ្នែកខាងក្នុងរបស់ Xiaomi YU7 មានបំពាក់នូវកៅអីចំនួន 5។ Xiaomi នឹងផ្តល់ជូននូវជម្រើសយ៉ាន់កង់របស់ YU7 បីទំហំ គឺ 19-inch, 20-inch និង 21-inch។ Xiaomi YU7 ត្រូវបានគេបញ្ជាក់ថា នឹងមានដំបូលស្រោបដោយស្រទប់ការពារកំដៅ triple-layer silver-coated panoramic sunroof ជួយទប់ស្កាត់កំដៅ UV ចូលខាងក្នុងបានដល់ 99.9% និងកម្រិតអ៊ីសូឡង់កំដៅបានដល់ 97.6%។
ផ្នែកខាងក្នុងរបស់ Xiaomi YU7 បានបង្ហាញច្បាស់ថា បំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាប្រើប្រាស់ទំនើប ដោយក្នុងនោះរួមមានអេក្រង់កម្សាន្តនៅកណ្តាលជាប្រភេទ Touchscreen ទំហំធំ គាំទ្រដំណើរការដោយប្រតិបត្តិការ Xiaomi Hyper OS មិនមានអេក្រង់បង្ហាញព័ត៌មាននៅក្រោយដៃចង្កូត ប៉ុន្តែបានជំនូសមកវិញជាមួយនឹងប្រព័ន្ធបាញ់បង្ហាញលើកញ្ចក់ដំបូលខាងមុខ Panoramic head-up display (PHUD)។ ដៃចង្កូតរចនាជាកាំបី ហើយនិងមានភ្ជាប់ជាមួយចង្កឹះលេខ shift-by-wire gear selector រួមនឹងមុខងារប្រើប្រាស់ទំនើបៗជាច្រើនទៀត។
រថយន្ត SUV ម៉ូដែលដំបូងរបស់ Xiaomi មួយនេះ នឹងមានជម្រើសប្រើម៉ូទ័រអគ្គិសនីមួយកំលាំង 235kW ជាមួយកញ្ចប់ថ្មទំហំ 96.3kWh ដែលអាចជិះបានចម្ងាយ 835km។ ជម្រើសម៉ូដែលទីពីរ ដំណើរការដោយម៉ូទ័រអគ្គិសនីពីរដោយម៉ូទ័រមុខមានកំលាំង 130kW និងម៉ូទ័រក្រោយមានកំលាំង 235kW ជាមួយទំហំ 101.7kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយពី 670km ទៅ 760km។
ចំនែម៉ូទ័រទីបី ដំណើរការដោយម៉ូទ័រអគ្គិសនីពីរ ម៉ូទ័រខាងមុខមានកំលាំង 220kW និងម៉ូទ័រក្រោយមានកំលាំង 288kW មានកំលាំងសរុប 508kW (691hp) ដែលអាចជាន់ល្បឿនលឿនបំផុតដល់ 253km/h។ YU7 នឹងគាំទ្រនូវប្រព័ន្ធសាកភ្លើងល្បឿនលឿនកំលាំង 800V fast-charging system ដែលសាកថ្មតែ 5 នាទីអាចជិះបាន 200km។
Xiaomi YU7 នឹងក្លាយជាគូប្រគូតប្រជែងទីផ្សារប្រទេសចិនជាមួយនឹង Tesla Model Y ដែលមានតម្លៃចាប់ពីខ្ទង់ $36,600 និង Nio EC6 ដែលមានតម្លៃចាប់ពីខ្ទង់ $49,700។ YU7 ត្រូវបានគេព្យាករណ៍ថា នឹងមានតម្លៃចាប់ពីខ្ទង់ $34,700 ដល់ $48,600៕