ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិន និងពិភពលោក BYD បានប្រារព្ធព្រឹត្តិការណ៍អបអរសាទរការផលិត ឡានអគ្គិសនីទី 14 លានគ្រឿងរបស់ខ្លួន ទីក្រុង Camaçari ប្រទេសប្រេស៊ីល។ ដោយព្រឹត្តិការណ៍ដ៏មហស្ចារ្យនេះ មានការចូលរួមពីប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva អបដំណើរដោយអនុប្រធានាធិបតីលោក Geraldo Alckmin ឯកអគ្គរដ្ឋទូតប្រទេសចិនលោក Zhu Qingqiao អភិបាលខេត្ត Bahia លោក Jerônimo Rodrigues និងប្រធានក្រុមហ៊ុន BYD លោក Wang Chuanfu។
សម្រាប់រថយន្តដ៏សំខាន់ទី 14 លានគ្រឿងដែលមានបង្ហាញនៅក្នុងព្រឹត្តិការណ៍ គឺជា BYD Song Plus ជាប្រភេទឡានសាំង+អគ្គិសនី ឬ Plug-in-Hybrid SUV ហើយម៉ូដែលនេះត្រូវបានធ្វើការចុះបញ្ជីដោយដាក់ឈ្មោះរបស់ប្រធានាធិបតី Lula តែម្តង ដែលធ្វើឱ្យគាត់បានក្លាយជាម្ចាស់របស់ Song Plus ផ្ទាល់។
យោងតាមព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយចិន រថយន្តដែលប្រគល់ទៅឱ្យប្រធានាធិបតីប្រេស៊ីលោក Lula គឺជារថយន្ត Hybrid "super-flexible" ដំបូងបង្អស់របស់ BYD ដែលត្រូវបានកែសម្រួលសម្រាប់ទីផ្សារអាមេរិកខាងត្បូង ហើយត្រូវបានចាត់ជាម៉ូដែលពិសេស COP30 Special Edition។ COP30 Special Edition បានបំពាក់នូវបច្ចេកវិទ្យា Hybrid Technology ចុងក្រោយបំផុតរបស់ BYD ដែលត្រូវបានរចនាឡើងដើម្បីបង្កើនប្រសិទ្ធភាពទាំងប្រសិទ្ធភាពប្រើប្រាស់ប្រេង និងដំណើរការសម្រាប់ការបើកបរក្នុងលក្ខខណ្ឌអគ្គិសនី និងលក្ខខណ្ឌប្រេងឥន្ធនៈ។
លោក Wang Chuanfu បានកត់សម្គាល់ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះថា BYD បានប្រតិបត្តិការនៅក្នុងប្រទេសប្រេស៊ីលអស់រយៈពេលជាង 11 ឆ្នាំ មកហើយ ហើយបច្ចុប្បន្ន បានបម្រើអតិថិជនក្នុងស្រុកជាង 170,000នាក់។ BYD បានដឹកនាំទីផ្សាររថយន្តថាមពលថ្មី ឬ New Energy Vehicleរបស់ប្រទេសប្រេស៊ីលរយៈពេលពីរឆ្នាំជាប់ៗគ្នា ដែលគាំទ្រដោយប្រតិបត្តិការក្នុងតំបន់ដែលរួមមានការផលិតរថយន្តក្រុងអគ្គិសនី ការផលិតរថយន្តដឹកអ្នកដំណើរ និងគម្រោងដំឡើងថាមពលថ្ម។
ចំណែកលោកប្រធានាធិបតី Lula បាននិយាយនៅក្នុងសុន្ទរកថារបស់គាត់ថា ការវិនិយោគរបស់ BYD នាំមកនូវសន្ទុះឧស្សាហកម្មថ្មីដល់រដ្ឋក្នុងខេត្ត Bahia និងរួមចំណែកដល់ការស្តារឡើងវិញនូវឧស្សាហកម្មរថយន្តរបស់ប្រទេសប្រេស៊ីល។ លោកបានបន្ថែមថា ការបង្កើតរោងចក្រតំណាងឱ្យឱកាសមួយសម្រាប់តំបន់ក្នុងការពង្រឹងមូលដ្ឋានឧស្សាហកម្មរបស់ខ្លួនតាមរយៈបច្ចេកវិទ្យាស្អាតដែលកំពុងលេចឡើង។
លោក Wang ក៏បានប្រកាសថា BYD នឹងផ្គត់ផ្គង់រថយន្តថាមពលថ្មីចំនួន 30 គ្រឿងសម្រាប់ម៉ូដែលពិសេស COP30 ដែលជាសន្និសិទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកទី 30 ដែលនឹងប្រារព្ធឡើងនៅចុងឆ្នាំនេះនៅ Belém។ បន្ទាប់ពីព្រឹត្តិការណ៍នេះ រថយន្តទាំងនេះនឹងត្រូវបានបរិច្ចាគទៅសាលារៀនក្នុងស្រុក និងស្ថាប័នសាធារណៈសម្រាប់ប្រើប្រាស់ក្នុងការដឹកជញ្ជូនប្រចាំថ្ងៃ។
មុនពិធីនេះ សភារដ្ឋ Bahia បានបោះឆ្នោតប្តូរឈ្មោះផ្លូវធំនៅមុខរោងចក្រ BYD ថាជា “BYD Road”។ ហើយវាក្លាយជាផ្លូវនៅក្រៅប្រទេសទីបីដែលដាក់ឈ្មោះតាមក្រុមហ៊ុន បន្ទាប់ពីនៅរដ្ឋ Lancaster សហរដ្ឋអាមេរិក និង Rayong ប្រទេសថៃ។ BYD បានឈានដល់ដំណាក់កាលនៃការផលិតរថយន្តថាមពលថ្មីទី 10 លានគ្រឿង កាលពីខែវិច្ឆិកា ឆ្នាំ 2024 ហើយវចំនួនបានដល់ 14 លានគ្រឿង ដោយប្រើរយះពេលមិនដល់ 1 ឆ្នាំ៕