រថយន្ត PHEV ស៊េរីថ្មីរបស់ Geely ម៉ូដែល Starray EM-i ដែលនៅក្នុងប្រទេសចិនហៅថា Galaxy Starship 7 ត្រូវបានចាប់ផ្តើមសង្វាក់ផលិតកម្មនៅក្នុងរោងចក្រ KD ស្ថិតក្នុងទីក្រុង Purwakarta ខេត្ត West Java ប្រទេសឥណ្ឌូនេស៊ី។ ការរៀបចំចាប់ផ្តើមសង្វាក់ផលិត ត្រូវបានធ្វើឡើងនៅចុងខែកញ្ញា 2025 ហើយក៏ជាលើដំបូងសម្រាប់រថយន្តប្រភេទ Plug-in-hybrid SUV របស់ Geely ដែលមានការផលិតទ្រង់ទ្រាយធំនៅរោងចក្រក្រៅប្រទេសចិន។
Geely បានបញ្ជាក់ថា Starray EM-i នឹងមានចេញលក់នៅលើទីផ្សារជាច្រើននៅលើពិភពលោក បន្ទាប់ពីការបង្ហាញវត្តមានលើកដំបូងនៅក្នុងទីផ្សារអូស្ត្រាលី។ ការបញ្ចេញលក់រថយន្ត PHEV SUV ថ្មីនេះ គឺនឹងពង្រីកទីផ្សារដល់ទៅជិត 20 ប្រទេសនៅចុងឆ្នាំនេះ ដែលក្នុងរួមទាំងប្រទេសឥណ្ឌូនេស៊ី អាហ្វ្រិកខាងត្បូង ម៉ិកស៊ិក និងអ៊ីតាលី ហើយនិងបន្តទៅកាន់ទីផ្សារក្នុងតំបន់នៅទូទាំងអាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប អាមេរិកឡាទីន និងអាហ្វ្រិកផងដែរ។ Geely Starray EM-i ឬ Galaxy Starship 7 ត្រូវបានក្រុមហ៊ុនចេញលក់នៅទីផ្សារប្រទេសចិនកាលពីខែធ្នូ ឆ្នាំ 2024 ដោយមានតម្លៃចាប់ពីខ្ទង់ $15,400។
ឡាន PHEV SUV មួយនេះប្រើប្រាស់នូវគ្រោងឆ្អឹង GEA platform របស់ Geely ផ្ទាល់។ Galaxy Starship 7 មានបណ្តោយប្រវែង 4,740mm/ទទឹង 1,905/ កំពស់ 1,685mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,755mm។ ប្រព័ន្ធផ្នែកខាងក្នុងរបស់ Galaxy Starship 7 ដំណើរការដោយ Flyme Auto system ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនស្មាតហ្វូន Meizu ដែលត្រូវបានផ្សាភ្ជាប់ទំនាក់ទំនងគ្នារវាងរថយន្ត ស្មាតហ្វូន និងសេវាកម្ម Cloud Service។ បន្ថែមពីនេះ វាក៏នឹងមានមុខងារ Head up display, ឧបករណ៍បំពងសំឡេងចំនួន 16 គ្រាប់, កៅអីមានមុខងារក្តៅត្រជាក់ និងម៉ាស្សា រួមនឹងមានពោងសុវត្ថិភាពនៅផ្នែកចំហៀង ជាដើម។
Geely Starray EM-i / Galaxy Starship 7 គាំទ្រនូវប្រព័ន្ធ Tho EM-i hybrid system របស់ Geely ដែលដំណើរការនៅលើម៉ាស៊ីន 1.5-liter naturally aspirated engine និងម៉ូទ័រអគ្គិសនីមួយ ដែលភ្ជាប់ដោយប្រអប់លេខ 11-in-1 E-DHT transmission។ ម៉ាស៊ីន Hybrid 1.5-liter អាចផលិតកម្លាំងបាន 82kW ចំនែកម៉ូទ័រអាចផលិតកម្លាំងបាន 160kW និងកម្លាំងរមួល 262Nm ដែលផ្តល់នូវអនុភាពជាន់ស្ទុះពី 0-100km/h ចាយពេលខ្ទង់ 7.5 វិនាទី ជាមួយកម្រិតស៊ីសាំងប្រមាណ 3.75L/100km។ Geely Starray Em-i អាចបើកបរបានចម្ងាយផ្លូវដល់ 1,420km នៅពេលសាកថ្មពេញ និងចាក់សាំងពេញម្តង។
ក្រៅពីការផលិត Starray EM-i ក្រុមហ៊ុន Geely ក៏នឹងមានការផលិតម៉ូដែលផ្សេងទៀតដូចជា Geely EX5 SUV និង Geome Xingyuan ដែលជាឡាន Compact Hatchback នៅក្នុងរោងចក្រ Purwakarta នៅខែក្រោយនេះ (ខែវិច្ឆិកា) ឆ្នាំ 2025 ផងដែរ៕