ក្រុមហ៊ុនផលិតរថយន្តដំណើរការដោយថាមពលថ្មី NEV របស់ប្រទេសចិន Li Auto បានបើកមជ្ឈមណ្ឌលចែកចាយលក់រាយនៅទីផ្សារបរទេសលើកដំបូងរបស់ខ្លួនក្នុងប្រទេស Uzbekistan ដែលជាជំហានក្នុងការឈានចូលទៅក្នុងចូលទីផ្សារពិភពលោក។ នៅក្នុងដំណាក់កាលដំបូងនេះ Li Auto នឹងអភិវឌ្ឍនៅទីផ្សារអាស៊ីកណ្តាលជាមួយនឹងការបើកដំណើរការនាពេលអនាគតនៅកាហ្សាក់ស្ថាន ហើយបបន្ទាប់មកក្រុមហ៊ុននឹងផ្តោតលើការពង្រីកទីផ្សារនៅមជ្ឈិមបូព៌ា និងអឺរ៉ុប។
ដំបូងឡើយ Li Auto គ្រោងនឹងឈានជើងចូលទីផ្សារក្រៅប្រទេសនៅឆ្នាំ 2028។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះបានប្រឈមមុខនឹងការប្រកួតប្រជែងនៅទីផ្សារក្នុងស្រុកជាខ្លាំង ដែលបណ្តាលឱ្យការលក់បានធ្លាក់ចុះ។ នៅក្នុងត្រីមាសទី 3 ឆ្នាំ 2025 ក្រុមហ៊ុន Li Auto បានលក់រថយន្តតិចជាងក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ 2023។
សម្ពាធទីផ្សារកើនឡើងបានជំរុញឱ្យក្រុមហ៊ុនបង្កើនល្បឿននៃការបើកដំណើរការមជ្ឈមណ្ឌលសម្រាប់ទីផ្សារសលកជាលើកដំបូងនៅក្នុងទីផ្សារអាស៊ីកណ្តាល។ កាលពីឆ្នាំមុន រថយន្តរបស់ Li Auto ត្រូវបាននាំចេញទៅកាន់អាស៊ីកណ្តាល តាមរយៈបណ្តាញក្រុមហ៊ុនដៃគូចែកចាយបន្ត។ ហើយទីផ្សារសំខាន់ៗរបស់ Li Auto រួមមាន អ៊ូសបេគីស្ថាន និងកាហ្សាក់ស្ថាន។
នៅថ្ងៃទី 13 ខែតុលា Li Auto បានបង្ហាញពីមជ្ឈមណ្ឌលចែកចាយលក់រាយរថយន្តនៅបរទេសដំបូងរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅ Tashkent ដែលជារដ្ឋធានីនៃប្រទេស Uzbekistan។ចំពោះដៃគូសំខាន់ក្នុងការចែកចាយបន្តរបស់ Li Auto នៅ Uzbekistan គឺជា Control Auto។
ក្រុមហ៊ុននេះ គឺទទួលបានអាជ្ញាប័ណ្ណពី Li Auto ទៅលើការធានាជាផ្លូវការ ការត្រួតពិនិត្យ និងការជួសជុល ការផ្គត់ផ្គង់គ្រឿងបន្លាស់ ជំនួយផ្នែកបច្ចេកទេសរថយន្ត ការធ្វើបច្ចុប្បន្នភាពតាមរយះ OTA និងសេវាកម្មផ្សេងៗទៀតដល់អតិថិជននៅក្រៅប្រទេសដែលបានទិញយានយន្តតាមរយៈមជ្ឈមណ្ឌលលក់រាយនេះ។ ក្នុងដំណាក់កាលដំបូងនៅក្នុងមជ្ឈមណ្ឌលថ្មីនៅទីផ្សារក្រៅស្រុកនេះ Li Auto នឹងលក់រថយន្តចំនួនបីម៉ូដែល ដែលមានដូចជា Li Auto L6, L7, និង L9 crossovers។
លោក Wu Zuomin ប្រធានផ្នែកធុរកិច្ចអន្តរជាតិរបស់ក្រុមហ៊ុនបាននិយាយថា Li Auto ខិតខំពង្រីកម៉ាកយីហោរថយន្តរបស់ខ្លួនទៅកាន់ទីផ្សារសកលលោក ហើយនិងបានមើលឃើញពីសក្តានុពលយ៉ាងខ្លាំងនៅក្នុងទីផ្សារអាស៊ីកណ្តាល។ នៅខែវិច្ឆិកា ឆ្នាំ 2025 ក្រុមហ៊ុន Li Auto នឹងចូលខ្លួនទៅក្នុងទីផ្សារប្រទេសកាហ្សាក់ស្ថានតាមរយះដៃគូចំនួនពីរគឺ Allur និង Doscar។
Li Auto បានបង្កើតមជ្ឈមណ្ឌល R&D ក្នុងប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់ការធ្វើមូលដ្ឋានីយកម្មនៃផលិតផល និងបច្ចេកវិទ្យា។ ក្រុមហ៊ុននេះ មានគម្រោងនឹងកែសម្រួលរថយន្តម៉ូដែលថ្មីរបស់ខ្លួនឲ្យសមស្របទៅនឹងតម្រូវការបទប្បញ្ញត្តិនៃទីផ្សារក្រៅប្រទេសនៅឆ្នាំ 2026៕