ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Xpeng បានបន្ថែមនូវម៉ូដែលថ្មីជាប្រភេទ EREV សម្រាប់ម៉ូដែលឡានអគ្គិសនី P7+ របស់ខ្លួន ហើយនឹងចេញលក់នៅលើទីផ្សារឆាប់ៗខាងមុខនេះ។ Xpeng P7+ EREV បានពន្លាតប្រវែងតួខ្លួនវែងជាងម៉ូដែល P7+ អគ្គិសនី ប្រមាណ 15mm ដែលធ្វើឲ្យម៉ូដែល EREV ថ្មី មានតួរខ្លួនឡើងដល់ 5,071mm។ ទោះជាយ៉ាងណាទៅលើការឌីស្សាញរូបរាងខាងក្រៅរបស់ P7+ EREV ថ្មី គឺមិនមានអីខុសគ្នាពីម៉ូដែល P7+ អគ្គិសនីនោះទេ។ ប៉ុន្តែ អ្វីដែលមានការចាប់អារម្ម គឺ Xpeng បានបន្ថែមនៅនិមិត្តសញ្ញាថ្មី “POWER & ULTRA”។
បើតាមប្រភពបែកធ្លាយបានបង្ហើបថា Xpeng P7+ EREV ថ្មី នឹងគាំទ្រដំណើរការផ្នែកខាងក្នុងកាប៊ីនជាមួយបន្ទះឈីប Turing AI chips ចំនួន 3 ដែលជាឈីបអភិវឌ្ឍន៍ផលិតដោយ Xpeng ផ្ទាល់។ ជាមួយគ្នានេះ Xpeng P7+ EREV នឹងមានបំពាក់មកជាមួយនឹងម៉ាស៊ីនសាំង 1.5T កម្លាំង 148 សេះសម្រាប់ជំនួយដល់ការបើកបរបានចម្ងាយផ្លូវឆ្ងាយ (Extended-Range) រួមជាមួយការដំណើរការដោយម៉ូទ័រអគ្គិសនីមួយដែលមានកំលាំង 241 សេះ ដែលផ្តល់ថាមពលដោយកញ្ចប់ថ្ម Lithium iron phosphate (មិនទាន់ដឹងទំហំ)។ សម្រាប់រយះចម្ងាយបើកបរសរុបដែល P7+ EREV អាចធ្វើបាន ក្រុមហ៊ុនមិនទាន់បញ្ជាក់នៅឡើយទេ។
Xpeng P7+ EREV នឹងអាចជាន់ល្បឿនលឿនបំផុតដល់ 200km/h។ ជាមួយគ្នានេះ P7+ EREV ឃើញមានការឌីស្សាញយ៉ាន់កង់បែបស្ទាយថ្មី ហើយនិងអាចនឹងប្រើសម្បកកង់ខ្នាត 235/55 R19 និង 255/45 R20។ សម្រាប់ទំហំវិមាត្ររួមរបស់ Xpeng P7+ EREV គឺ 5071/1937/1512mm ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,000mm។
សូមបញ្ជាក់ថា គិតត្រឹមចុងខែកញ្ញា កន្លងទៅ Xpeng បានធ្វើការនាំចេញឡានអគ្គិសនី P7+ បានចំនួនសរុប 77,000 គ្រឿង។ ហើយយោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា Xpeng P7+ ក៏បានឈរនៅលើកំពូលតារាងនៃការលក់នៅក្នុងតម្លៃវចន្លោះ $21,000 ទៅ $28,100 សម្រាប់រយៈពេល 10 ខែជាប់ៗគ្នានៅលើទីផ្សារប្រទេសចិនផងដែរ៕