អីចឹងនេះគឺជាឡានអគ្គិសនី Tesla Model 3 Standard ថ្មី ដែលទើបតែបានបង្ហាញខ្លួន នៅលើទីផ្សារសហរដ្ឋអាមេរិក ជាមួយនឹងតម្លៃត្រឹមតែ $36,990 ប៉ុណ្ណោះ ពោលគឺធូរថ្លៃជាង $5,500 បើប្រៀបធៀបនឹងម៉ូដែល Tesla Model 3 Long Range RWD។
គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះ Tesla Model 3 ចែកចេញជា 3 ប្រភេទគឺ៖
ទី 1 ប្រភេទ Standard ថ្មី ដែលទើបបង្ហាញខ្លួន
ទី 2 ប្រភេទ Premium ដែលពីមុនប្រើឈ្មោះ Long Range
និង ទី 3 ប្រភេទ Performance ដែលមានតម្លៃថ្លៃជាងគេ និងខ្លាំងជាងគេ ផងដែរ
យ៉ាងណាក៏ដោយ Tesla Model 3 Standard ថ្មីនេះ បំពាក់ម៉ូទ័រអគ្គិសនី 1 និង ប៉ុង 1 (RWD) ហើយប្រើកញ្ចប់អាគុយ ទំហំ 69 kWh ដែលសាកភ្លើងមួយពេញ អាចបើកបរបានចម្ងាយ 321 ម៉ាយ៍ ឬប្រហែល 515 KM។ វាអាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេល 6.8 វិនាទី និងមានល្បឿន Top Speed 201 KM/H។
បើនិយាយពីរូបរាងវិញ Tesla Model 3 Standard មិនសូវខុសគ្នាពីម៉ូដែលផ្សេងឡើយ ប៉ុន្តែវាមានបំពាក់យ៉ាន់កង់ទំហំ 18 អ៊ីញមកស្តង់ដារ និងរក្សាជម្រើសពណ៌ដដែល ហើយនៅតែរក្សាការរៀបចំបែបតិចនិយម និងប្រើអេក្រង់កម្សាន្ត ទំហំធំជាងមុន 15.4 អ៊ីញ និងដំបូលកញ្ចក់ធំ ប៉ុន្តែបានដក Option មួយចំនួនដូចជា លែងមានមុខងារកៅអីក្តៅត្រជាក់, លែងមានអេក្រង់ Touchscreen សម្រាប់អ្នកដំណើរផ្នែកខាងក្រោយ ទំហំ 8 អ៊ីញ, ដៃចង្កូតសារ៉េដៃធម្មតា, Speaker មានត្រឹម 7 គ្រាប់, កៅអីជួរទី 2 កាច់សារ៉េធម្មតា ហើយសូម្បីតែមុខងារភ្លើងឌីម Ambient Lighting ក៏លែងមានដែរ។
ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ Tesla Model 3 Standard ថ្មីនេះ បានបំពាក់នូវចង្កិះស៊ីញ៉ូមកវិញ ប៉ុន្តែនៅតែគ្មានកាមេរ៉ាខាងមុខ ដដែល៕