
នៅក្នុងឆ្នាំ 2025 គឺជាឆ្នាំដ៏ល្អបំផុតមួយសម្រាប់រថយន្ត Ford Everest ដោយសាររថយន្ត Large-size SUV របស់អាមេរិកមួយនេះ បានឈរនៅលំដាប់ជួរមុខក្នុងការលក់ប្រចាំឆ្នាំ 2025 ដោយមានទម្លាក់ Toyota Prado ដែលជា off-road SUV ដ៏មានប្រជាប្រិយភាពបំផុតរបស់ជប៉ុន។ ទោះជាយ៉ាងណាសម្រាប់តួរលេខនៃការលក់ គឺមានចំនួនលើសគ្នាប្រមាណតែ 55 គ្រឿងតែប៉ុណ្ណោះ។
Ford Everest ជំនាន់ទីពីរត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់កាលពីចុងឆ្នាំ 2022។ សម្រាប់ការលក់ពេញមួយឆ្នាំ 2025 របស់ Ford Everest នៅទីផ្សារអូស្ត្រាលី គឺមានចំនួន 26,161 គ្រឿង កើនឡើង 1.3% ធៀបនឹងឆ្នាំ 2024។ ចំនែក Toyota Prado ស៊េរីថ្មីវិញ លក់បានចំនួន 26,106 គ្រឿង កើនឡើងដល់ 166.3% ធៀបនឹងការលក់ក្នុងឆ្នាំ 2024។ Toyota Prado ឆ្នាំ 2025 មានតម្លៃខ្ទង់ $72,500 តម្លៃចេញពីរោងចក្រមិនទាន់បូកបញ្ចូលពន្ធ និងដល់ $99,990 សម្រាប់ម៉ូដែល Prado Altitude 2025។

ដោយឡែកសម្រាប់ Ford Everest ម៉ូដែល Ambiente ដែលប្រើម៉ាស៊ីន 2.0-litre bi-turbo V6 មានកម្លាំង 184kW និងកម្លាំងរមួល 600N.m មានតម្លៃខ្ទង់ $59,490 ខណៈ Toyota Land Cruiser Prado Eclipse ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត 2.8-litre turbo-diesel មានជំនួយពីប្រព័ន្ធ twin-mild hybrid មានកម្លាំង 150kW/500Nm មានតម្លៃ $75,990។

នៅក្នុងខែធ្នូ ឆ្នាំ 2025 ដែលជាខែបញ្ចប់នៃការលក់ប្រចាំឆ្នាំ Ford លក់ Everest បានចំនួន 2,149 គ្រឿង ខណៈ Toyota លក Land Cruiser Prado បានចំនួន 1,327 គ្រឿង។ សម្រាប់ខែដែល Ford Everest លក់ដាច់បានច្រើនបំផុតនៅឆ្នាំ 2025 គឺខែមិថុនា ដោយលក់បានចំនួន 2,705 គ្រឿង ខណៈខែដែល Toyota Prado លក់ដាច់បំផុត គឺក្នុងខែមីនា ដោយលក់បានចំនួន 2,871 គ្រឿង។

សម្រាប់រថយន្ត Large-size SUV ដែលលក់ដាក់លំដាប់ទី 3 នៅពីក្រោយ Toyota Prado ក្នុងឆ្នាំ 2025 គឺ Isuzu MU-X ដែលលក់បានចំនួន 15,458 គ្រឿង, លំដាប់ទី 4 គឺ Kia Sorento លក់បានចំនួន 8,745 គ្រឿង, លំដាប់ទី 5 គឺ Subaru Outback លក់បានចំនួន 8,384 គ្រឿង, លំដាប់ទី 6 គឺ Toyota Kluger លក់បានចំនួន 8,098 គ្រឿង, លំដាប់ទី 7 គឺ Hyundai Santa Fe លក់បានចំនួន 6,264 គ្រឿង និងលំដាប់ទី 8 ជា Mitsubishi Pajero Sport ដែលលក់បានចំនួន 6,052 គ្រឿង៕





