
ឡានអគ្គិសនី Xpeng P7+ ឈានដល់ការផលិតបានដល់ចំនួន 100,000 គ្រឿងហើយនៅក្នុងរោងចក្រប្រទេសចិន។ ក្រុមហ៊ុនផលិតរថយន្តដែលមានមូលដ្ឋាននៅទីក្រុងក្វាងចូវប្រទេសចិនមួយនេះ ក៏បានចាប់ផ្តើមការនាំចេញ P7+ ម៉ូដែលឆ្នាំ 2026 ជាផ្លូវការណ៍ផងដែរ បន្ទាប់ពីការប្រកាសដាក់លក់នៅថ្ងៃទី 8 ខែមករា ជាមួយនឹងជម្រើសម៉ាស៊ីនលាយអគ្គិសនី (EREV) និងអគ្គិសនីសុទ្ធ (BEV)។ Xpeng P7+ ជា ឡានអគ្គិសនី liftback sedan បានប្រកាសចេញលក់នៅទីផ្សារប្រទេសចិនដំបូងក្នុងខែវិច្ឆិកា ឆ្នាំ 2024 ជាមួយម៉ូដែលប្រើអគ្គិសនីសុទ្ធ (BEV) មានតម្លៃចាប់ពី $26,750។ Xpeng P7+ បានក្លាយជាម៉ូដែល លក់ដាច់បំផុតរបស់ Xpeng នៅទីផ្សារក្នុងស្រុក។
នៅថ្ងៃទី 8 ខែមករា ឆ្នាំ 2026 ក្រុមហ៊ុនក៏បានបញ្ចេញម៉ូដែលថ្មីឆ្នាំ 2026 ដែលធ្វើបច្ចុប្បន្នភាពថ្មីរហូតដល់ទៅ 104 ចំនុចពីម៉ូដែលមុន និងមានបន្ថែមម៉ូដែល Extended-range (EREV) មួយទៀតផងដែរ។ ហើយនៅថ្ងៃទី 9 មករា ឆ្នាំ 2026 ម្សិលមិញនេះ Xpeng P7+ គ្រឿងទី 100,000 បានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតកម្មក្នុងរោងចក្រប្រទេសចិន។ ដើម្បីអបអរសាទរឱកាសដ៏ពិសេសនេះ ក្រុមហ៊ុន Xpeng ក៏បានប្រកាសបើកទីស្នាក់ការកណ្តាលសកល និងមូលដ្ឋានផលិតកម្មរបស់ខ្លួននៅទីក្រុង Guangzhou និង Zhaoqing ជាសាធារណៈជាលើកដំបូង។ Xpeng នឹងផ្តល់ជូននូវវគ្គសិក្សាការផលិតរថយន្តសម្រាប់សិស្សបឋមសិក្សា និងមធ្យមសិក្សាក្នុងតំបន់ថែមទៀតផង។
សូមរំលឹកថា Xpeng P7+ ត្រូវបានប្រកាសចេញលក់ផ្លូវការណ៍នៅចុងខែតុលា ឆ្នាំ 2024 ដែលចំណាយពេល 14 ខែ ដើម្បីឈានដល់ការសម្រេចបាននូវការផលិតដល់ចំនួន 100,000 គ្រឿង ជាមួយនឹងបរិមាណផលិតកម្មជាមធ្យមប្រចាំខែចំនួន 7,143 គ្រឿង។ ថ្មីៗនេះ Xpeng បានបញ្ចប់ការផលិតសាកល្បង P7+ ឆ្នាំ 2026 នៅរោងចក្រ Magna Steyr ក្នុងទីក្រុង Graz ប្រទេសអូទ្រីស។ រថយន្ត liftback sedan នេះនឹងក្លាយជាម៉ូដែលសកលលើកដំបូងក្នុងពេលឆាប់ៗនេះ ដែលក្នុងនោះក៏មានទាំងទីផ្សារអឺរ៉ុបផងដែរ។

Xpeng P7+ ម៉ូដែល EREV ដំណើរការដោយម៉ាស៊ីនសាំង 1.5-litre turbocharged កម្លាំង 148 សេះ សម្រាប់ range-extender ភ្ជាប់ដំណើរការជាមួយម៉ូទ័រអគ្គិសនី e-motor កម្លាំង 241 សេះ ទទួលការផ្គត់ផ្គង់ថាមពលពីកញ្ចប់ថ្មទំហំ 49.2kWh សាកភ្លើងពេញម្តងអាចបើកដោយអគ្គិសនីសុទ្ធបានចម្ងាយ 430km និងដល់ 1,550km នៅពេលប្រើជាមួយម៉ាស៊ីនសាំងពេញ។ សម្រាប់ម៉ូដែលអគ្គិសនីសុទ្ធ (BEV) វិញ គឺមានពីរជម្រើស គឺជម្រើសប្រើម៉ូទ័រអគ្គិសនីកម្លាំង 241 សេះ និងកម្លាំង 308 សេះ ជាមួយកញ្ចប់ពីរទំហំផ្សេងគ្នា គឺទំហំ 61.7kWh និង 74.9kWh ដែលអាចបើកបានចម្ងាយឆ្ងាយបំផុតដល់ 725km នៅពេលសាកភ្លើងពេញម្តង។

Xpeng P7+ មានបណ្តោយខ្លួន 5,071mm/ទទឹង 1,937mm/កំពស់ 1,512mm គម្លាតកង់មុខទៅកង់ក្រោយ3,000mm។ ក្នុងផ្នែកកាប៊ីន P7+ មានបំពាក់អេក្រង់កម្សាន្តទំហំ 15.6-inch, អេក្រង់បង្ហាញព័ត៌មានទំហំ 8.8-inch រួមនឹងប្រព័ន្ធ AR-HUD ទំហំ 29-inch។ ប្រព័ន្ធដំណើរការមុខងារទូទៅនៅលើ Xpeng P7+ 2026 Series បានគាំទ្រដោយបន្ទះឈីបឆ្លាតវៃ Turing AI chips ចំនួន 3 ដែលមានកម្រិតនៃភាពឆ្លាតវៃខ្ពស់ដល់ 2,250 TOPS ជាមួយប្រព័ន្ធ VLA model រួមនឹងប្រព័ន្ធជំនួយការបើកបរឆ្លាតវៃកម្រិត L4 assistant driving system ជាដើម៕





