
ថ្មីៗនេះ មានសេចក្តីរាយការណ៌ជាច្រើនបានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S26 Ultra នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មជំនាន់ថ្មី មានល្បឿនលឿនជាងមុន កម្លាំងដល់ទៅ 60W ខណៈដែលម៉ូដែល Galaxy S26+ គឺមានការគាំទ្រដោយកម្លាំងសាក 45W ខុសតែ Galaxy S26 ប៉ុណ្ណោះ ដែលក្រុមហ៊ុនប្រើប្រាស់ត្រឹមតែ 25W ដដែល។ យោងតាមការបែកធ្លាយថ្មីមួយនៅថ្ងៃនេះ បានចេញមកបញ្ជាក់ជាថ្មីថា Galaxy S26 ក៏នឹងមានការប្រើប្រាស់កម្លាំងសាក 45W ដូចសិស្សច្បងរបស់ខ្លួនម៉ូដែល Galaxy S26 Plus អញ្ចឹងដែរ។
ការបង្កើននូវបច្ចេកវិទ្យាសាកសម្រាប់ម៉ូដែលស្តង់ដារនេះ ត្រូវបានគេនិយាយថា គឺជាការផ្លាស់ប្តូរដ៏ប្រសើរមួយពីក្រុមហ៊ុននេះបើទោះបីជាល្បឿនសាកមិនខ្លាំងដូចគូរប្រជែងរបស់ខ្លួនក៏ដោយ។ ជាមួយនិងវត្តមាន Galaxy S26 និង S26+ ត្រូវបានគេបញ្ជាក់ថា នឹងមានការប្រើប្រាស់នូវបន្ទះឈីប Exynos 2600 ដូចគ្នា ប៉ុន្តែមិនទាន់បញ្ជាក់ថា នឹងមានដាក់លក់នៅលើទីផ្សារណាមួយនោះទេ។ ចំពោះ Galaxy S26 Ultra គឺនៅតែបន្តប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite Gen 5 របស់ក្រុមហ៊ុន Qualcoom ដដែល។

ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S26 Series ទាំងបីនេះ នឹងមានការប្រកាសចេញនៅលើទីផ្សារនាថ្ងៃទី 25 ខែកុម្ភៈ ខាងមុខនេះហើយ។ សូមជំរាបថា ព័ត៌មានខាងលើនេះ គ្រាន់តែជាការបែកធ្លាយក្រៅផ្លូវការណ៌តែប៉ុណ្ណោះ សម្រាប់ព័ត៌មានជាក់លាក់ពីក្រុមហ៊ុននៅមិនទាន់មានបញ្ជាក់នោះទេ។





