
ថ្មីៗនេះរថយន្ត Plug-in-hybrid sedan ស៊េរីថ្មី Magotan ដែលជាផលិតផលថ្មីរបស់សម្ព័ន្ធក្រុមហ៊ុនវិនិយោគទុនរួមគ្នា FAW-Volkswagen បានឆ្លងកាត់ការចុះបញ្ចីផ្លូវការណ៍ពីស្ថាប័ន MIIT ក្នុងប្រទេសចិន។ នៅលើបញ្ចី MIIT បានបង្ហាញថា Volkswagen Magotan PHEV ថ្មីនេះ បានបំពាក់មកជាមួយម៉ាស៊ីនសាំង 1.5T Plug-in-hybrid engine ជាមួយនឹងសមត្ថភាពអាចផលិតកម្លាំងសរុបបានដល់ 240kW ឬ 321 សេះ។
ក្រុមហ៊ុនផលិតរថយន្តរដ្ឋចិន FAW និងក្រុមហ៊ុនផលិតសម្ព័ន្ធក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង Volkswagen បានចាប់ដៃសហការក្នុងការវិនិយោគទុនរួមគ្នាក្នុងការផលិតរថយន្តសម្រាប់លក់នៅទីផ្សារប្រទេសចិនក្នុងឆ្នាំ 2007 ដោយបានបង្កើតម៉ាករថយន្ត Magotan ដែលជាប្រភេទរថយន្ត sedan ប្រើម៉ាស៊ីនសាំង ហើយក៏ជាសមត្ថផលដំបូងដែលត្រូវបានចាក់ចូលក្នុងស្រឡាយរថយន្ត B-Segment លក់ក្នុងទីផ្សារប្រទេសចិន។
ក្នុងឆ្នាំ 2025 ក្រុមហ៊ុនសម្ព័ន្ធមិត្តចិន-អាល្លឺម៉ងនេះ លក់រថយន្តម៉ាក Magotan បានចំនួន 202,300 គ្រឿង ស្ថិតនៅលំដាប់លេខ 5 ក្នុងការលក់រថយន្តរបស់ Volkswagen។ ហើយបើធៀបនឹងម៉ូដែល Volkswagen Passat ដែលលក់បានចំនួន 227,100 គ្រឿង និង Toyota Camry លក់បានចំនួន 208,700 គ្រឿង។

Magotan PHEV sedan គឺជាផលិតផលថ្មីមួយស្ថិតក្នុងផ្នែកនៃគម្រោងការប្រកាសចេញរថយន្តចំនួន 20 ម៉ូដែលរបស់ Volkswagen នៅក្នុងឆ្នាំ 2026 នេះ ដែលរួមមានទាំងម៉ូដែលប្រើអគ្គិសនីសុទ្ធ all-electric, Plug-in-hybrid និង range-extender (EREV) ដើម្បីពង្រីក និងបង្កើនសង្វាក់ការលក់កាន់តែខ្លាំងនៅក្នុងទីផ្សាររថយន្តថាមពលថ្មី (NEV) ក្នុងទីផ្សារប្រទេសចិន។ Magotan PHEV ថ្មី គឺនៅរក្សាការឌីស្សាញរូបរាងដូចគ្នានឹងម៉ូដែល Magotan B9 ប្រើម៉ាស៊ីនសាំងបច្ចុប្បន្នដែរ ដោយគ្រាន់តែមានការរួមបញ្ចូលនូវផ្នែកមួយចំនួនរបស់រថយន្ត Plug-in-hybrid ប៉ុណ្ណោះ។ Magotan PHEV មានការឌីស្សាញគ្រោងផ្នែកតួរបែប C-Pillar និងប្រើប្រាស់សម្បកកង់ខ្នាត 225/55 R17 ឬ 245/45 R18។
Volkswagen Magotan PHEV មានបណ្តោយខ្លួន 4,990mm/ទទឹង 1,854mm/កម្ពស់ 1,491mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,872mm ដែលធ្វើឲ្យម៉ូដែល PHEV ថ្មីនេះ មានកម្ពស់ខ្ពស់ជាង និងគម្លាតកង់មុខទៅកង់ក្រោយវែងជាងម៉ូដែលប្រើម៉ាស៊ីនបច្ចុប្បន្នបន្តិច។ រថយន្ត Plug-in-hybrid sedan ថ្មីនេះ ក៏មានដំបូលបើក panoramic sunroof និងមានសែនស័រកាមេរ៉ាមុខក្រោយ ជំនួយសុវត្ថិភាពនៅពេលចូល និងចេញពីចំណោតផងដែរ។

Magotan PHEV មានបំពាក់នូវម៉ាស៊ីនសាំង Hybrid 1.5T ដែលអាចផលិតកម្លាំងបាន 127 សេះ និងម៉ូទ័រអគ្គិសនីមួយមានកម្លាំង 194 សេះ រួមនឹងកញ្ចប់ថ្មទំហំ 22kW អាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 127km តាមស្តង់ដារ CLTC។ រថយន្ត Plug-in-hybrid sedan អាចជាន់ល្បឿន Top Speedបានដល់ 180km/h។ Magotan PHEV មានទំងន់ 1,838kg និងកញ្ចប់ថ្មមានទំហំ 163,5kg៕





