ទន្ទឹមនឹងការប្រកាសបង្ហាញវត្តមានរបស់ទូរស័ព្ទ Mi Note 2 ក្រុមហ៊ុន Xiaomi ក៏បានធ្វើការប្រកាសបង្ហាញនូវទូរស័ព្ទស៊េរីថ្មីមួយគ្រឿងទៀតឈ្មោះថា Mi MIX ដែលជាគំនិតនៃការរចនាថ្មីផ្តោតសំខាន់ទៅលើអេក្រង់ពេញគ្មានគែមសងខាង ហើយវាពិតជាបង្ហាញវត្តមានសម្រាប់ដាក់លក់ហើយ។ ទូរស័ព្ទ Mi MIX មានអេក្រង់ទំហំ 6.4 អ៊ីងកម្រិតភាពច្បាស់ 2040 x 1080 ភិចសែល Aspect Ratio 17:9 ដែលធ្វើឱ្យផ្ទៃកញ្ចក់ខាងមុខមានរហូតដល់ទៅ 91.3% ។ អេក្រង់កញ្ចក់នេះពិតជាស្រស់ស្អាតជាមួយនឹងគែមស្តើងសងខាងដែលមើលទៅហាក់ដូចជាកញ្ចក់អេក្រង់គឺពេញលេញតែម្តង។ វាមានតែគែម (Bezel) ស្ថិតនៅផ្នែកខាងក្រោមគេហើយអ្នកអាចមើលឃើញយ៉ាងច្បាស់នូវកាមេរ៉ា និងប្រព័ន្ធបំពងសំឡេងនៅខាងមុខបានផងដែរ។ ទូរស័ព្ទ Mi MIX មិនមានប៊ូតុងសម្រាប់ចុចនោះទេហើយវាជាទូរស័ព្ទដំបូងបំផុតរបស់ក្រុមហ៊ុន Xiaomi ដែលគ្រប់គ្រងការប្រើប្រាស់នៅលើអេក្រង់តែម្តង។
ជាមួយនឹង Aspect Ratio 17:9 គឺមានន័យថាការប្រើប្រាស់នូវប៊ូតុងនៅលើស្គ្រីនអេក្រង់ អ្នកនៅតែអាចមើលឃើញការបង្ហាញនៅក្នុងកម្រិត 16:9 បានផងដែរ។ កន្លែងស្តាប់កាស និង Proximity សែនស័រត្រូវបានលាក់។ Mi MIX ប្រើប្រាស់នូវ Piezoelectric Ceramic Driver សម្រាប់គ្រប់គ្រងទៅលើកន្លែងស្តាប់កាស និង Proximity សែនស័រដែលធ្វើការនៅលើអេក្រង់តែម្តង។ តួខ្លួនទាំងមូលរបស់ទូរស័ព្ទ MI MIX ត្រូវបានបង្កើតឡើងពីសេរ៉ាមិច បន្ទះខាងក្រោយជាសេរ៉ាមិច ស៊ុមព័ទ្ធ (Frame) ជាសេរ៉ាមិច និងប៊ូតុងជាសេរ៉ាមិច។ ការរចនាម៉ូដនេះត្រូវបានបង្កើតដោយលោក Philippe Starck ។
នៅផ្នែកខាងក្នុងម៉ាស៊ីនវិញ ទូរស័ព្ទ Mi MIX ដំណើរការនូវឈីប Qualcomm Sanpdragon 821 ។ ម៉ូដែលម៉េមូរី 128GB មានរ៉េមផ្ទុកទិន្នន័យទំហំ 4GB ហើយម៉ូដែលម៉េមូរី 256GB មានរ៉េមផ្ទុកទិន្នន័យទំហំ 6GB ។ ម៉ូដែលម៉េមូរី 256GB នេះព័ទ្ធទៅដោយមាស 18K នៅត្រង់កាមេរ៉ា Lens និងសែនស័រស្កែនក្រយ៉ៅដៃនៅផ្នែកខាងក្រោយផងដែរ។ កាមេរ៉ាស្ថិតនៅផ្នែកខាងក្រោយមានទំហំ 16 មេហ្គាភិចសែលកម្រិតភាពច្បាស់ PDAF អាចថតវីដេអូកម្រិត 4K ចំនែកកាមេរ៉ាខាងមុខវិញទំហំត្រឹមតែ 5 មេហ្គាភិចសែលតែប៉ុណ្ណោះ។ ទូរស័ព្ទនេះប្រើប្រាស់ស៊ីមកាតចំនួនពីរ ហើយវាប្រើប្រាស់នូវថ្មដែលមានថាមពល 4,400 mAh ប្រើប្រាស់បច្ចេកវិទ្យាបញ្ចូលថ្មលឿន Qualcomm Quick Charge 3.0 ថែមទៀត។ ទូរស័ព្ទ Mi MIX មានតម្លៃ 3,499 យ័ន (515 ដុល្លារ) សម្រាប់ម៉ូដែល 4GB / 128GB ។ សម្រាប់ម៉ូដែល 6GB / 256GB មានតម្លៃ 3999 យ័ន (590 ដុល្លារ) ។ ទូរស័ព្ទទាំងពីរសុទ្ធតែភ្ជាប់មកជាមួយនូវសម្បក Case ស្បែកដ៏ស្រស់ស្អាត៕