ក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនមួយដែលទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងទីផ្សារបច្ចេកវិទ្យាដោយសារតែក្រុមហ៊ុនចិនមួយនេះបានប្រកាសចេញឧបករណ៍ថ្មីៗជាច្រើនសម្រាប់បំពេញ តម្រូវការទីផ្សារក្នុងតម្លៃថោកសមរម្យ។ ក្នុងឆ្នាំ 2016 នេះ Xiaomi បានប្រលែងចេញទូរស័ព្ទស្មាតហ្វូនជាច្រើនម៉ូដែលហើយក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់ជាពិសេសកំពូលស្មាតហ្វូន Xiaomi Mi Mix ដែលជាស្មាតហ្វូនដែលមានកញ្ចក់អេក្រង់បង្ហាញរូបភាពស្ទើរពេញផ្ទៃខាងមុខគឺសល់តែផ្នែកខាងក្រោមបន្តិចតែប៉ុណ្ណោះ។ បើនិយាយពីប្រតិបត្តិការក្នុងការចរាចរណ៍លក់ទូរស័ព្ទរបស់ Xiaomi ឃើញថាមានសន្ទុះរីកចម្រើនខ្លាំងក្លាគួរឲ្យចាប់អារម្មណ៍ក្នុងឆ្នាំ 2016 នេះទាំងទីផ្សារក្នុងតំបន់ និងទីផ្សារសកល។
ហើយថ្មីៗនេះមានរបាយការណ៍ថ្មីមួយដែលបានបង្ហោះក្នុងគណនីធ្វីស្ទ័រឈ្មោះថា Manu Kumar Jain បានឲ្យដឹងថា Xiaomi កំពុងតែមានទីផ្សារល្អនៅក្នុងប្រទេសឥណ្ឌាដោយក្នុងត្រីមាសទីបីកន្លងទៅក្រុមហ៊ុននេះលក់ទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនបានជាង 2 លានគ្រឿង ដែលកើនឡើងរហូតដល់ទៅ 150% បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ 2015។ គណនីដដែលនេះបានបន្តទៀតថា នេះគឺជាតួរលេខការលក់បានច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Xiaomi ក្នុងទីផ្សារប្រទេសឥណ្ឌាចាប់តាំងពីក្រុមហ៊ុនចិនមួយនេះបានឈានចូលវាយលុកទីផ្សារប្រទេសមួយនេះកាលពីខែកក្ដដា ឆ្នាំ 2014។ គណនី Jain បានបន្ថែមទៀតថា ម៉ាកសញ្ញាស្មាតហ្វូន Mi ទទួលបានការពេញនិយមខ្លាំងពីសំណាក់អ្នកប្រើប្រាស់ក្នុងប្រទេសឥណ្ឌា ហើយគេសង្កេតឃើញថាក្នុងចំនោមទូរស័ព្ទបួនគ្រឿងដែលបានដាក់លក់លើបណ្តាញអនឡាញក្នុងនោះក៏មានទូរស័ព្ទរបស់ Xiaomi មួយគ្រឿងដែរ។
ហើយបច្ចុប្បន្នម៉ាកសញ្ញាទូរស័ព្ទ Mi របស់ Xiaomi បានការរីកចម្រើនជាខ្លាំងក្នុងឧស្សាហកម្មស្មាតហ្វូន។ ចំនែករបាយការណ៍ផ្សេងមួយទៀតបានឲ្យដឹងស្របពេលជាមួយគ្នានេះដែរថា នៅក្នុងត្រីមាសទីបួនដោយគិតត្រឹមថ្ងៃទី 18 ខែតុលា Xiaomi បានលក់ស្មាតហ្វូនរបស់ខ្លួនបានជាង 1 លានគ្រឿងរួចទៅហើយ ហើយគេបានទស្សន៍ទាយថាការលក់ពេញមួយត្រីមាសទីបួននេះនឹងមានការកើនឡើងខ្លាំងជាងត្រីមាសមុន។ ប៉ុន្តែនៅក្នុងរបាយការណ៍ទាំងពីរនេះមិនបានបញ្ជាក់ពីប្រាក់ចំណូលពីការលក់នេះនោះទេ៕