ក្រុមហ៊ុន Samsung នឹងប្រកាសនូវទូរស័ព្ទស៊េរីថ្មីត្រកូល Galaxy A (2017): Galaxy A3, Galaxy A5 និង Galaxy A7 នាពេលឆាប់ៗនេះ។ ទូរស័ព្ទទាំង 3 ស៊េរីម៉ូដែលនេះនឹងដាក់លក់នៅក្នុងប្រទេសរុស្សី នៅដើមខែមករាខាងមុខនេះ ហើយនឹងបន្តពង្រីកទៅកាន់ទីផ្សារជាសកលនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀត។ ក្រុមហ៊ុន Samsung នៅមិនទាន់បានប្រកាសអំពីតម្លៃរបស់ទូរស័ព្ទស៊េរីថ្មីត្រកូល Galaxy A (2017) នេះនៅឡើយទេ ប៉ុន្តែបើតាមប្រភពរបាយការណ៍មុននេះ បានអះអាងថា ទូរស័ព្ទ Galaxy A5 (2017) នឹងដាក់លក់នៅក្នុងតម្លៃ 378 ដុល្លារអាមេរិច ខណៈពេលដែលទូរស័ព្ទ Galaxy A7 (2017) មានតម្លៃដល់ទៅ 424 ដុល្លារអាមេរិច។
សម្រាប់ម៉ូដែល Samsung Galaxy A7 (2017) ដែលមានតម្លៃខ្ពស់ជាងគេនោះ មានអេក្រង់ទំហំ 5.7 អ៊ីងជាមួយនឹងអេក្រង់កម្រិតភាពច្បាស់ Super AMOLED Full HD (1080p) និងមានកាមេរ៉ាខាងមុខ~ក្រោយទំហំ 16 មេហ្គាភិចសែលដូចគ្នា។ ទូរស័ព្ទនេះមានបន្ទះ ឈីបប្រភេទ Octa-Core ដែលមានល្បឿន 1.9GHz រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 3GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB (រួមទាំង microSD កាតទំហំ 256GB ថែមទៀត) ថាមពលថ្មកម្លាំង 3600mAh ប្រព័ន្ធស្កែនក្រយ៉ៅដៃ និងផត USB Type-C Port ថែមទៀត។
យើងអាចធ្វើការប៉ាន់ស្មានបានថា ទូរស័ព្ទ Galaxy A3 (2017) នឹងមានតម្លៃថោកជាងទូរស័ព្ទពីរស៊េរីម៉ូដែលទៀត។ លើសពីនេះទៀតនោះ ទូរស័ព្ទនេះមាន 4 ពណ៌យ៉ាងស្រស់ស្អាតសម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ ពណ៌មាស ពណ៌ទឹកសមុទ្រ និងពណ៌គុជខ្យង។ បើនិយាយពីលក្ខណៈសម្បត្តិរបស់ទូរស័ព្ទនេះវិញ ទូរស័ព្ទ Galaxy A3 (2017) បំពាក់នូវអេក្រង់ទំហំ 4.7 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ Super AMOLED HD (720p) រួមជាមួយនឹងប្រព័ន្ធស្កែនក្រយ៉ៅដៃ និងផត USB Type-C ថែមទៀតផង។ Galaxy A3 (2017) នឹងភ្ជាប់ជាមួយនឹងបន្ទះឈីប Octa-Core ដែលមានល្បឿន 1.6GHz រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 2GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB រួមជាមួយនឹង microSD ដែលអាចផ្ទុកបានទំហំ 256GB ថែមទៀតផង។ ទូរស័ព្ទនេះបំពាក់នូវថាមពលថ្មកម្លាំង 2350mAh កាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល និងកាមេរ៉ាខាងមុខទំហំ 8 មេហ្គាភិចសែលសម្រាប់ធ្វើការថតរូប Selfie បានយ៉ាងស្រស់ស្អាត។
ចំនែកទូរស័ព្ទ Samsung Galaxy A5 (2017) វិញនឹងមានអេក្រង់ធំទំហំដល់ទៅ 5.2 អ៊ីងកម្រិតភាពច្បាស់ Super AMOLED ដែលទ្រទ្រង់នូវវីដេអូកម្រិត Full HD (1080p) ។ កាមេរ៉ាខាងក្រោយរបស់វាទំហំ 16 មេហ្គាភិចសែល ហើយកាមេរ៉ាខាងមុខក៏មានទំហំ 16 មេហ្គាភិចសែលដូចគ្នាដែលប្រើប្រាស់នូវ f/1.9 Aperture ថែមទៀតផង។ ទូរស័ព្ទ Galaxy A5 (2017) ប្រើប្រាស់នូវបន្ទះឈីប Octa-Core ដែលមានល្បឿន 1.9GHz រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 3GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB (រួមនឹង microSD កាតអាចផ្ទុកទិន្នន័យបន្ថែមបាន 256GB) ។ Galaxy A5 (2017) ថែមទាំងប្រើប្រាស់នូវថ្មដែលមានកម្លាំងថាមពល 3,000mAh ប្រព័ន្ធស្កែនក្រយ៉ៅដៃ និងផត USB Type-C Port ។
ទូរស័ព្ទ Galaxy A5 (2017) និង Galaxy A7 (2017) ប្រើប្រាស់នូវបច្ចេកវិទ្យាបញ្ចូលថ្មលឿន (Fast Charging) ហើយទូរស័ព្ទទាំង 3 ស៊េរីនេះ នឹងប្រើប្រាស់នូវមុខងារមិនជ្រាបទឹក និងធូលី (IP68) ហើយវាស្រោបដោយលោហពីក្រៅ និងកញ្ចក់ខាងក្រោយប្រភេទ 3D Glass ផងដែរ។ យ៉ាងណាមិញ ទូរស័ព្ទត្រកូល Galaxy A (2017) នេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 6.0.1 Marshmallow តែប៉ុណ្ណោះ។ យើងសង្ឃឹមថា ក្រុមហ៊ុន Samsung នឹងធ្វើការអាប់ឌែតទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android Nougat សម្រាប់ស្មាតហ្វូនទាំង 3 ស៊េរីនេះនាពេលឆាប់ៗខាងមុខនេះ៕