នៅទីបំផុត ក្រុមហ៊ុន Nokia បានវិលត្រឡប់មកក្នុងទីផ្សារឧស្សាហកម្មស្មាតហ្វូនវិញ ហើយក្រុមហ៊ុនមួយនេះនៅតែមានប្រជាប្រិយភាពខ្លាំង មិនចាញ់ពីមុនទេ។ ទូរស័ព្ទស៊េរីថ្មី Nokia 6 របស់ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ នឹងដាក់លក់នៅលើគេហទំព័រ JD.com នៅក្នុងប្រទេសចិននៅថ្ងៃទី 19 ខែមករា នៅក្នុងតម្លៃ 1699 យ័ន (ប្រហែលជា 245 ដុល្លារអាមេរិច)។ ប្រសិនបើការចុះឈ្មោះចាប់អារម្មណ៍ទៅលើទូរស័ព្ទ Nokia 6 ជាអារម្មណ៍ពិតមែនរបស់អ្នកប្រើប្រាស់នោះ វាហាក់ដូចជាម៉ាកយីហោ Nokia នៅតែមានអ្នកគាំទ្រច្រើនដែលស្មោះស្ម័គ្រចំពោះក្រុមហ៊ុនមួយនេះ។ ពេលនេះ ចំនួនអ្នកចុះឈ្មោះបានកើនឡើងរហូតដល់ទៅ 420,000 នាក់ហើយនៅក្នុងប្រទេសចិន។ យ៉ាងណាមិញ ការចុះឈ្មោះទាំងនេះមិនមែនជាការកម្មង់ទិញមុននោះទេ។
JD.com ជាគេហទំព័រលក់ទូរស័ព្ទរាយផ្តាច់មុខរបស់ Nokia 6 ដែលមានការចុះឈ្មោះពីរជម្រើសគឺ ឥតគិតថ្លៃ និងគិតថ្លៃ។ មនុស្សដែលបានជ្រើសរើសយកការបង់ប្រាក់ត្រូវធ្វើការកក់មុន 66 យ័ន (ប្រហែលជា 9.57 ដុល្លារអាមេរិច) ដែលចំនួនអ្នកបានចុចកក់នេះមានចំនួនត្រឹមតែ 9200 នាក់ប៉ុណ្ណោះ ខណៈពេលដែលមនុស្សចំនួន 411,470 នាក់ទៀតបានជ្រើសរើសយកឥតបង់ថ្លៃ។ គម្លាតនេះពិតជាធំមែនទែន ប៉ុន្តែ វាក៏ធ្លាប់បានកើតឡើងរួចមកហើយសម្រាប់វត្តមានស្មាតហ្វូនស៊េរីថ្មីជាច្រើនដែលក្នុងនោះក៏មានវត្តមានរបស់ទូរស័ព្ទ Xiaomi Mi Note 2 ផងដែរ។
ទូរស័ព្ទ Nokia 6 ស៊េរីថ្មីនេះជាទូរស័ព្ទថ្នាក់កណ្តាលដែលមានតម្លៃសមរម្យជាមួយនឹងអេក្រង់ទំហំ 5.5 អ៊ីងកម្រិតភាពច្បាស់ Full HD កញ្ចក់ប្រភេទ 2.5D Gorilla Glass រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB កាមេរ៉ាខាងក្រោយទំហំ 16 មេហ្គាភិចសែលភ្ជាប់ជាមួយនឹង f/2.0 Aperture និងមុខងារ Phase Detection Autofocus ផងដែរ។ បន្ថែមពីនេះទៀត កាមេរ៉ាខាងមុខរបស់វាមានទំហំ 8 មេហ្គាភិចសែល បន្ទះឈីប Qualcomm Snapdragon 4300 រួមជាមួយនឹងថាមពលថ្មកម្លាំង 3000 mAh ថែមទៀត។
ក្រុមហ៊ុន HMD Global នៅមិនទាន់បានបញ្ជាក់ព័ត៌មានណាមួយដែលទាក់ទងនឹងការដាក់លក់ទូរស័ព្ទស៊េរីថ្មីនេះ នៅក្នុងទឹកដីសហរដ្ឋអាមេរិចនៅឡើយទេ។ ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ បានត្រៀមខ្លួនក្នុងការបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ Mobile World Congress ឆ្នាំ 2017 នៅទីក្រុងបាសេឡូណាក្នុងខែកុម្ភៈហើយ ក្រុមហ៊ុនប្រហែលជាប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីខ្ពស់ទំនើប (High-End Device) Nokia 8 ផងដែរនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍នេះ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន HMD Global ធ្លាប់បានប្រកាសរួចមកហើយថាក្រុមហ៊ុននឹងប្រកាសនូវទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីចំនួន 7 ផ្សេងគ្នានៅក្នុងឆ្នាំ 2017 នេះដែលមានតម្លៃខុសៗគ្នាផងដែរ៕