កាលពីម្សិលមិញនេះ គណៈកម្មការរៀបចំការ ប្រកួតប្រជែងពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា ឆ្នាំ 2016 (Cambodia ICT Awards 2016) បានបញ្ជាក់ថា រហូតមកដល់ពេលនេះ គឺមានក្រុមហ៊ុន និងស្ថាប័នចំនួន 32 បានពាក្យចូលរួមប្រកួតប្រជែងពានរង្វាន់ Cambodia ICT Awards 2016 ដើម្បីប្រកួតប្រជែងនៅលើវិញ្ញាសារចំនួន 6 ផ្សេងៗគ្នា។ បន្ទាប់ពីពិនិត្យលើពាក្យស្នើសុំចូលរួមប្រកួតរួចមក ខ្លួនបានរឃើញបេក្ខជនចំនួន 21 ដែលជាប់វគ្គជំម្រុះ ដើម្បីឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ។ ការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ Cambodia ICT Awards 2016 នឹងត្រូវរៀបចំឡើង នៅថ្ងៃទី 16 ខែមិថុនា ឆ្នាំ 2016 ខាងមុខនេះ។
នៅថ្ងៃទី 16 ខែមិថុនា ឆ្នាំ 2016 បេក្ខជនដែលជាប់វគ្គជម្រុះ នឹងតម្រូវឱ្យធ្វើបទបង្ហាញនៅមុខចៅក្រម នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីកាត់សេចក្តី ជ្រើសរើសជ័យលាភីប្រចាំឆ្នាំ និងជ័យលាភីតាមវិញ្ញាសារនិមួយៗ ហើយនឹងមានការប្រកាសជ័យលាភី នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra។ «ពានរង្វាន់ Cambodia ICT Awards 2016» រៀបចំឡើងដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ដើម្បីផ្តល់ឱកាស ក្នុងការជំរុញនវានុវត្តន៍ (ការស្វែងរកគំនិតច្នៃប្រឌិតថ្មី) ក្នុងវិស័យ ICT ក៏ដូចជាលើកទឹកចិត្ត លើការបង្កើតគំនិតថ្មីៗ ក្នុងចំណោមក្រុមហ៊ុន ឯកជន និងស្ថាប័នពាក់ព័ន្ធនឹងវិស័យ ICT នៅកម្ពុជា។
សំរាប់ការ ប្រកួតប្រជែងពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា ឆ្នាំ 2016 (Cambodia ICT Awards 2016) នេះ ទស្សនាវដ្តី ពីភព អេឡិចត្រូនិក ក៏បានចូលរួមជា Media Sponsors ដើម្បីផ្សព្វផ្សាយព័តមានដ៏សំខាន់នៃកម្មវិធីនេះ ឲ្យបានទូលំទូលាយជូនដល់ប្រជាជនកម្ពុជាបានជ្រាបជាព័តមានផងដែរ៕