បន្ទាប់ពីការប្រកាសបន្តការលក់ស្មាតហ្វូន Xperia XZ Premium នៅក្នុងប្រទេសកម្ពុជា កាលពីពេលកន្លងទៅ ថ្ងៃនេះ ក្រុមហ៊ុន Sony នៅកម្ពុជា បានបង្ករនូវការភ្ញាក់ផ្អើលថ្មីមួយទៀត សម្រាប់អ្នកគាំទ្រស្មាតហ្វូន Xperia XZ Premium របស់ខ្លួន ដោយក្រុមហ៊ុន Sony បញ្ជាក់ថា ខ្លួននិងចេញលក់នូវពណ៌ថ្មីមួយទៀតសំរាប់ស្មាតហ្វូនថ្មីនេះ នៅក្នុងទីផ្សារប្រទេសកម្ពុជា នៅចុងសប្តាហ៍នេះ គឺចន្លោះពីថ្ងៃទី 8 និងទី 9 ខែកក្កដា ឆ្នាំ 2017 នេះ ។ យោងតាមការបញ្ជាក់ពីក្រុមហ៊ុន Sony បានអោយដឹងថា ព័ណ៍ថ្មី Bronze Pink សម្រាប់ស្មាតហ្វូនជំនាន់ថ្មីនេះ គឺបង្កើត ឡើង ដើម្បីជាការទាក់ទាញអារម្មណ៍ ក៏ដូចជាប្រកួតប្រជែងជាមួយនិងបណ្តាក្រុមហ៊ុនដៃគូមួយចំនួនទៀត ដែលបានបញ្ចេញនូវពណ៌ថ្មីៗ នាពេលកន្លងមកផងដែរ ដែលពណ៌នេះ គឺពិតជាល្អដាច់គេ ។
សូមជំរាបថា កាលពីខែឧសភា កន្លងទៅ លោក Satoshi Aoyagi ដែលជាអ្នករចនាព័ណ៍ថ្មីនេះ បាននិយាយថា យើងចង់រកពណ៌មួយ ដែលតំណាងឱ្យអារម្មណ៍កក់ក្តៅស្របគ្នាជាមួយនឹងការរចនារូបរាង និងលក្ខណៈ សម្បត្តិដ៏ពិសេសរបស់វា។ លោហ:ធាតុសំរឹទ្ធ (Bronze) បង្ហាញពីអារម្មណ៍ស៊ីជម្រៅទៅលើកញ្ចក់ផ្នែកខាងមុខ និងផ្នែកខាងក្រោយ។” ជាក់ស្តែងពណ៌ថ្មី Bronze Pink (សូមកុំហៅថា Pink Gold) បន្ថែមពណ៌កូល័រថ្មីមួយទៀតទៅលើពណ៌ Deepsea Black និងពណ៌ Luminous Chrome ។
Sony Xperia XZ Premium គឺជាស្មាតហ្វូនតែមួយគត់ ដែលបានបង្ហាញនៅព្រឹត្តិការណ៍តាំងពិពរណ៍ MWC 2017 ដោយបំពាក់បន្ទះឈីប Snapdragon 835 ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Qualcomm បន្ថែមពីនេះទៀត ស្មាតហ្វូននេះ ភ្ជាប់ជាមួយនឹងកាមេរ៉ា Motion Eye Camera ដែលអាចថតវីដេអូដ៏អស្ចារ្យ ប្រភេទ Slow-Motion Videos (យឺតជាងស្មាតហ្វូនផ្សេងដល់ទៅ 4 ដង) ហើយលោកអ្នកក៏អាចថតរូបភាពបានជាច្រើនមុនពេលចាប់ផ្តើមថតផងដែរ។ កាលពីសប្តាហ៍មុុននេះ Sony Xperia XZ Premium ត្រូវបានក្រុមហ៊ុ Sony ដាក់លក់ក្នុងតម្លៃ $699 ជាមួយនិងការថែមជូនកាដូ ដែលមានតម្លៃ $138។ ដូច្នេះ រង់ចាំមើលថាតើ Sony Xperia XZ Premium ពណ៌ថ្មី Bronze Pink និងមានតម្លៃពិសេស ហើយនិងមានកាដូដូចគ្នារយ៉ាងណា?