ក្រុមហ៊ុន Nissan បានរាយការណ៍ពីការខាតបង់ហិរញ្ញវត្ថុដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេល 25 ឆ្នាំ ដែលសរុបជាទឹកប្រាក់ចំនួនប្រមាណ 7 ពាន់លានដុល្លារអូស្ត្រាលី ឬប្រហែល 670.9 ពាន់លានយ៉េនសម្រាប់ឆ្នាំសារពើពន្ធ 2025 នេះ ចំពេលមានការធ្លាក់ចុះនៃការលក់រថយន្ត និងប្រាក់ចំណេញ។
ការគ្រប់គ្រងក្រុមហ៊ុន រួមទាំងនាយកប្រតិបត្តិថ្មីលោក Ivan Espinosa នៅសប្តាហ៍នេះ បានប្រកាសពីផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញដើម្បីបង្វែរលទ្ធផលហិរញ្ញវត្ថុរបស់ Nissan អោយត្រឡប់ទៅរកប្រាក់ចំណេញវិញក្នុងរយៈពេលប៉ុន្មានខែទៀតនេះ។ ក្នុងចំនោមការផ្លាស់ប្តូរនេះ រួមមានការកាត់បន្ថយបុគ្គលិកចំនួន 11,000 នាក់ បន្ថែមពីលើចំនួន 9,000 នាក់ដែលបានប្រកាសពីមុន ដែលបុគ្គលិកទាំងដែលត្រូវបញ្ឈប់រួមមានទូទាំងផ្នែកលក់ និងរដ្ឋបាលទូទៅ បុគ្គលិកផ្នែកការស្រាវជ្រាវ និងការអភិវឌ្ឍន៍ និងនាយកដ្ឋានផលិតកម្មនៃអាជីវកម្មជាដើម។
Nissan ក៏ត្រូវបានត្រៀមក្នុងការបិទរោងចក្រចំនួន 7 នៅឆ្នាំ 2027 ដែលលើសចំនួន 4 រោងចក្រដែលក្រុមហ៊ុនមានគម្រោងបិទកាលពីមុន ហើយទុកឱ្យដំណើរការចំនួន 10 រោងចក្រប៉ុណ្ណោះ។ Nissan មិនទាន់បានបញ្ជាក់ថារោងចក្រណាខ្លះទំនងជាត្រូវបិទក្រោមការរៀបចំរចនាសម្ព័ន្ធថ្មីឡើងវិញនៅឡើយទេ។
ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុននេះ ក៏មានគម្រោងជួសជុលរោងចក្រផលិតថាមពលអគ្គិសនីរបស់ខ្លួនផងដែរ ហើយបានប្រកាសថារោងចក្រផលិតថ្មដែលគ្រោងទុកក្នុងទីក្រុង Kyushu ប្រទេសជប៉ុនត្រូវបានលុបចោល។ ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើងតាមរយះការខាតបង់សុទ្ធខ្ពស់បំផុតទី 2 របស់ Nissan ក្នុងកំណត់ត្រា ត្រឹមតែរយៈពេលខ្លីនៃឆ្នាំ 2000 នៅពេលដែលក្រុមហ៊ុនកំពុងស្ថិតក្នុងដំណាក់កាលនៃការក្ស័យធន។
សំណាងរបស់ Nissan បានវិលត្រឡប់មកវិញនៅពេលនោះដោយអតីតនាយកប្រតិបត្តិលោក Carlos Ghosn ដែលរត់គេចខ្លួន។ លោក Ivan Espinosa នាយកប្រតិបត្តិក្រុមហ៊ុន Nissan បាននិយាយនៅក្នុងសុន្ទរកថាដែលដកស្រង់ដោយ Automotive News ថា "វាគឺជាការសម្រេចចិត្តដ៏ឈឺចាប់ និងសោកសៅបំផុតដែលយើងត្រូវតែទទួលយក" ។ "យើងនឹងមិនធ្វើបែបនេះទេ ប្រសិនបើវាមិនចាំបាច់សម្រាប់ការរស់រានមានជីវិតរបស់ Nissan។ ការលក់រថយន្ត Nissan បានធ្លាក់ចុះ 2.8% ក្នុងរយៈពេល 12 ខែដែលបញ្ចប់នៅថ្ងៃទី 31 ខែមីនា ឆ្នាំ 2025 មកនៅត្រឹម 3.35 លានគ្រឿង ប៉ុន្តែប្រាក់ចំណេញប្រតិបត្តិការរបស់វាធ្លាក់ចុះដល់ 88% មកនៅត្រឹម 731 លានដុល្លារអាមេរិក។
Nissan បានប្រកាសថាខ្លួនកំពុងកំណត់គោលដៅកាត់បន្ថយថ្លៃដើមក្នុងមួយម៉ោងចំនួន 20% សម្រាប់ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ខ្លួន និងផែនការកាត់បន្ថយចំនួនការផលិតរថយន្តពីចំនួន 13 ម៉ូដែល បច្ចុប្បន្នមកត្រឹម 7 ម៉ូដែលនៅឆ្នាំ 2035។ ពេលវេលាអភិវឌ្ឍន៍យានយន្តត្រូវបានកំណត់គោលដៅកាត់បន្ថយពី 37 ខែដល់ 30 ខែ។
Nissan Skyline ស៊េរីថ្មី ត្រូវបានលេចលឺព័ត៌មានចចាមអារ៉ាមថា ជារថយន្ត SUV ជាជាងរថយន្តស្ព័រ ហើយរថយន្តប្រភេទ SUV ខ្នាតកណ្តាលថ្មី និងរថយន្ត SUV ខ្នាតតូចថ្មីនឹងត្រូវប្រើស្លាកឈ្មោះម៉ាករថយន្តប្រណីត Nissan Infiniti ដែលបាននឹងកំពុងស្ថិតក្នុងដំណាក់អភិវឌ្ឍន៍។ ស្របពេលជាមួយគ្នានេះ Nissan បានផ្អាកសកម្មភាពផលិតកម្មជាបណ្តោះអាសន្នសម្រាប់ការចេញលក់ម៉ូដែលថ្មីនៅក្រោយឆ្នាំ 2026 ដើម្បីផ្តោតលើការកាត់បន្ថយថ្លៃដើម។ គួររំលឹកថា Nissan ក៏ធ្លាប់បានចចារស្នើរសុំដាក់បញ្ចូលក្រុមហ៊ុនរបស់ខ្លួនជាមួយនឹងក្រុមហ៊ុន Honda និង Mitsubishi កាលពីដើមឆ្នាំ ដើម្បីស្តារវិបត្តិហិរញ្ញវត្ថុរបស់ក្រុមហ៊ុន៕