នៅថ្ងៃនេះ រោងចក្រផលិតរថយន្ត Changan Thailand Manufacturing បានចាប់ផ្តើមសង្វាក់ផលិតក្នុងទីក្រុង Rayong ហើយ ដោយមានគម្រោងផលិតរថយន្តចំនួន 200,000 គ្រឿងនៅក្នុងមួយឆ្នាំ។ រោងចក្រនេះ នឹងប្រមូលផ្តុំខ្សែសង្វាក់រថយន្តម៉ាក Changan, Deepal និង Avatr សម្រាប់ទីផ្សារអាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់។ ដែលរោងចក្រនេះ នឹងនាំវត្តមានម៉ាករថយន្ត Changan នៅក្នុងតំបន់ទៅកាន់កម្រិតថ្មីមួយផ្សេងទៀត។
ក្រុមហ៊ុនផលិតរថយន្ត Changan បានចាប់ផ្តើមការសាងសង់រោងចក្រដំបូងរបស់ខ្លួនក្នុងប្រទេសថៃនៅក្នុងទីក្រុង Rayong នៅចុងឆ្នាំ 2023។ រោងចក្រនេះត្រូវបាន រួមមានការកន្លែងបាញ់ថ្នាំ ការតម្លើងម៉ាស៊ីន និងខ្សែភ្ជាប់ថ្មរថយន្ត។ ការសាងសង់រោងចក្រនេះត្រូវបានបញ្ចប់ក្នុងឆ្នាំនេះ និងបានចាប់ផ្តើមដំណើរការដំបូងនៅថ្ងៃទី 15 ខែឧសភា។ សម្រាប់ផលិតភាពក្នុងការផលិតរថយន្តរបស់រោងចក្រនេះគឺមានចំនួន 10 ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ យ៉ាងណាមិញ Changan គ្រោងនឹងបង្កើនផលិតភាពក្នុងការផលិតឲ្យដល់ចំនួន 200,000 គ្រឿងនៅឆ្នាំ 2027។
នៅក្នុងពិធីសម្ពោធផលិតកម្មនេះ តំណាងក្រុមហ៊ុន Changan បានថ្លែងថា រោងចក្រនេះ នឹងក្លាយទៅជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍របស់ក្រុមហ៊ុននៅក្រៅប្រទេស។ គម្រោងនេះ បានកំណត់ស្តង់ដារសម្រាប់ការអភិវឌ្ឍន៍ជាសកលរបស់ Changan រួមទាំងការកសាងប្រព័ន្ធផលិតកម្មនៅក្រៅប្រទេស ដំណើរការស្រាវជ្រាវ និងការអភិវឌ្ឍន៍ជាសកល រួមនឹងគំរូខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងការនាំចេញផងដែរ។
បើគិតមកដល់ពេលនេះ Changan Automobile បានលក់រថយន្តចំនួន 14,000 គ្រឿងក្នុងទីផ្សារប្រទេសថៃ។ ទោះជាយ៉ាងណា តួរ លេខនេះ មិនបានបំពេញតាមគោលដៅលក់កាលពីឆ្នាំ 2024 របស់ខ្លួនដែលគ្រោងលក់ក្នុងចំនួនពី 15,000 ទៅ 18,000 គ្រឿងឡើយ។ សម្រាប់កត្តាធ្វើឲ្យការលក់មានបានដល់ចំនួនគោលដៅដែលបានកំនត់ គឺភាគច្រើនដោយសារតែកត្តាសេដ្ឋកិច្ចក្នុងស្រុក។
បច្ចុប្បន្ន Changan Automobile បានលក់តែរថយន្តដំណើរការដោយថាមពលថ្មី ឬហៅថា BEV, PHEV និង EREV នៅក្នុងប្រទេសថៃ។ ដែលរថយន្តទាំងនោះរួមមានម៉ូដែល Changan Lumin, Deepal S05, Deepal E07, Deepal L07, Deepal S07, និង Avatr 11។ ក្នុងរយៈពេល 3 ឆ្នាំខាងមុខ ក្រុមហ៊ុនផលិតរថយន្តចិនមួយនេះ គ្រោងនឹងបញ្ចេញរថយន្តដំណើរការដោយថាមពលថ្មីចំនួន 12 ម៉ូដែលបន្ថែមទៀត។
សម្រាប់រថយន្តដំបូងដែលចេញពីខ្សែសង្វាក់ផលិតកម្មនៅក្នុងរោងចក្រថ្មីក្នុងទីក្រុង Rayong គឺជា Deepal S05 ដែលជាប្រភេទ Crossover ចង្កូតស្តាំ។ រថយន្ត Compact SUV មួយនេះមានបណ្តោយតួរខ្លួន 4,620mm/ ទទឹង 1,900mm/ កំពស់ 1,600mm និងគម្លាតរវាងកង់មុខទៅកង់ក្រោយ 2,880mm។ នៅខាងក្នុង S05 មានកៅអីចំនួន 5 និងអាចផ្ទុកទំងន់ 492kg ខណៈម៉ូដែលប្រើអគ្គិសនីសុទ្ធអាចផ្ទុកទំងន់បានធ្ងន់ជាងប្រហែល 159kg។
Deepal S05 EV ដំណើរការដោយម៉ូទ័រអគ្គិសនីមួយមានកម្លាំង 175kW (235hp) ភ្ជាប់នៅលើភ្លៅខាងក្រោយ ហើយអាចជាន់ស្ទុះពី កុងទ័រ 0-100km/h ចាយពេលខ្ទង់ 7.3 វិនាទី។ ម៉ូដែលនេះបំពាក់ថ្មប្រភេទ LFP ទំហំ 56.12kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 470 គីឡូម៉ែត្រ។ ដោយឡែកសម្រាប់ម៉ូដែល EREV ដំណើរដោយម៉ូទ័រអេឡិចត្រូនិចកំលាំង 160kW (215hp) ភ្ជាប់មកជាមួយថ្មប្រភេទ LFP ទំហំ 27.28kWh សាកភ្លើងពេញម្តងអាចបើកដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 170 គីឡូម៉ែត្រ។ ម៉ូដែល Deepal S05 EREV ភ្ជាប់មកជាមួយម៉ាស៊ីនប្រភេទ Naturally aspirate ចំនុះ 1.5-liter ដើរតួរជាម៉ាស៊ីនភ្លើងសាកថ្មដែលចាក់សាំងមួយពេញអាចជម្រុយចម្ងាយបើកបរដល់ S05 បានចម្ងាយផ្លូវ 1,000 គីឡូម៉ែត្រ៕