ថ្មីៗនេះ ក្រុមហ៊ុនចែកចាយ Sprint បានអះអាងថា ខ្លួនជាក្រុមហ៊ុនលក់ផ្តាច់មុខនូវស្មាតហ្វូនស៊េរីថ្មី Essential Phone នៅក្នុងទឹកដីសហរដ្ឋអាមេរិច ហើយឥឡូវនេះ របាយការណ៍ជាច្រើនអះអាងថា ក្រុមហ៊ុន Telus នឹងក្លាយខ្លួនជាក្រុមហ៊ុនលក់ផ្តាច់មុខស្មាតហ្វូនស៊េរីថ្មីរបស់លោក Andy Rubin នៅក្នុងប្រទេសកាណាដា។ ស្មាតហ្វូន Essential Phone នឹងដាក់អោយធ្វើការកម្មង់ទិញមុន (Pre-order) នៅចុងខែកក្កដា នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន Telus នៅក្នុងសនិ្នសីទកាសែតមួយ។ សម្រាប់តម្លៃរបស់ស្មាតហ្វូនស៊េរីថ្មីនេះ នៅមិនទាន់បញ្ជាក់នៅឡើយទេនៅលើក្រុមហ៊ុន Telus និងក្រុមហ៊ុន Sprint ។ ស្មាតហ្វូន Essential Phone អាចនឹងមានតម្លៃខ្ពស់ជាង 1 ពាន់ដុល្លារអាមេរិចនៅក្រុមហ៊ុន Telus ខណៈពេលដែលតម្លៃដើមចេញពីរោងចក្ររបស់ក្រុមហ៊ុនគឺត្រឹមតែ 699 ដុល្លារអាមេរិចតែប៉ុណ្ណោះហើយស្មាតហ្វូននេះក៏អាចកម្មង់ទិញមុនបានផងដែរនៅលើគេហទំព័រ Essential ។
ស្មាតហ្វូន Essential Phone អាចដំណើរការបានជាសកលសម្រាប់បណ្តាញ GSM និង CDMA ប៉ុន្តែសម្រាប់សហរដ្ឋអាមេរិច Verizon និង T-Mobile នៅមិនទាន់ប្រគល់សិទ្ធិទាំងស្រុងសម្រាប់ស្មាតហ្វូនស៊េរីថ្មីនេះទេ។ Essential Phone ត្រូវគេរំពឹងថាបំពាក់នូវ HD Voice និង Video Calling ស្រាប់នៅក្នុងម៉ាស៊ីនតែម្តង។ ក្រុមហ៊ុនចែកចាយជាច្រើនទៀតនៅក្នុងប្រទេសកាណាដាមិនទាន់បញ្ជាក់អ្វីនៅឡើយទេទៅលើស្មាតហ្វូននេះ នៅក្នុងបណ្តាញរបស់ពួកគេ។
ស្មាតហ្វូន Essential Phone បំពាក់នូវបន្ទះឈីប Qualcomm Snapdragon 835 អេក្រង់ទំហំ 5.7 អ៊ីងរាបស្មើរមិនមានស៊ុមព័ទ្ធអេក្រង់ រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 13 មេហ្គាភិចសែល (អាចភ្ជាប់ជាមួយកាមេរ៉ា 360 ដឺក្រេ) កាមេរ៉ាខាងមុខទំហំ 8 មេហ្គាភិចសែល រួមជាមួយនឹងរន្ធដោត USB-C ប្រព័ន្ធស្កែនក្រយ៉ៅដៃនៅផ្នែកខាងក្រោយ និងប្រព័ន្ធប្រតិបត្តិការ Android Nougat 7.1.1 ។ បន្ថែមពីនេះទៀត ស្មាតហ្វូននេះមិនមានរន្ធដោតកាសស្តាប់ 3.5mm audio jack នោះទេ ហើយវាមាន 4 ពណ៌សម្រាប់ជ្រើសរើសគឺ Black Moon, Stellar Gray, Pure White និង Ocean Depths ៕