OPPO Find X គឺជាស្មាតហ្វូនដែលមានការចាប់អារម្មណ៍ និងប្លែកសម្រាប់ឆ្នាំ 2018 កន្លងទៅនេះ ហើយស្មាតហ្វូននេះ គឺមានការរចនារូបរាងជាលក្ខណៈអេក្រង់រុញ ដែលមានភ្ជាប់ជាមួយនឹងកាមេរ៉ាខាងមុខ សេនស័រប្រព័ន្ធដោះសោរស្កេនមុខ និងកាមេរ៉ាខាងក្រោយថែមទៀតផង។ នៅឆ្នាំ 2019 នេះ ក្រុមហ៊ុន Oppo ត្រូវបានគេរំពឹងថា នឹងបញ្ចេញនូវស្មាតហ្វូនជំនាន់បន្ទាប់របស់ស្មាតហ្វូននេះ។ តាមការបញ្ចាក់របស់ YouTuber MrWhoseTheBoss បានអោយដឹងថា ក្រុមហ៊ុន នេះក៏ត្រៀមបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី Find X2/X 2/Find X II នាពេលខាងមុខនេះហើយ។

នៅក្នុងវីដេអូចុងក្រោយរបស់គាត់ គឺគាត់បាននិយាយអំពីមុខងារជាច្រើនរបស់ស្មាតហ្វូននេះ ជាមួយនឹងការរចនារូបរាងរបស់វាផងដែរ។ សម្រាប់មុខងារសំខាន់ៗនៅលើស្មាតហ្វូននេះគឺមានដូចជាបច្ចេកវិទ្យា 10x optical zoom technology និងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថ្មីដែលក្រុមហ៊ុនទើបតែបង្ហាញកាលពីសប្តាហ៍មុននេះ។ នៅក្នុងវីដេអូនេះ ក៏មានការលើកឡើងផងដែរថា ក្រុមហ៊ុន OPPO គឺប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ាស្រដៀងគ្នាទៅនឹងក្រុមហ៊ុន Samsung ជាមួយនឹងកាមេរ៉ា Aperture ផ្សេងៗគ្នាដូចដែលបង្ហាញនៅលើស្មាតហ្វូនត្រកូល Galaxy S9។ គាត់បាននិយាយថា បច្ចេកវិទ្យា 10x optical zoom technology និងមុខងារ night mode នឹងបំពាក់នៅលើស្មាតហ្វូន Find X2។ ស្មាតហ្វូននេះ ក៏នឹងបំពាក់នូវកាមេរ៉ា Time of Flight 3D ដែលប្រើប្រាស់នូវបច្ចេកវិទ្យានៃការស្កេន 3D ផងដែរ បន្ថែមពីនេះ ក៏និងមានកែប្រែទៅលើគែមរបស់ស្មាតហ្វូននេះ ដើម្បីផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យសម្រាប់ការថតរូបភាពទៀតផង។
គួរបញ្ជាក់ថា ស្មាតហ្វូន Find X បានបង្ហាញខ្លួនជាមួយនឹងការរចនាអេក្រង់រុញជាមួយនឹងអេក្រង់គែមពេញយ៉ាងស្រស់ស្អាតបំផុត។ សម្រាប់ស្មាតហ្វូន Find X2 ក្រុមហ៊ុន Oppo ត្រូវបានគេរំពឹងថា នឹងមានការរចនាអេក្រង់ដែលមានរន្ធប្រហោងនៅលើអេក្រង់សម្រាប់បំពាក់នូវកាមេរ៉ាខាងមុខ មានន័យថាស្មាតហ្វូននេះ មិនមានបច្ចេកវិទ្យា 3D face unlock នោះទេ ប៉ុន្តែស្មាតហ្វូននេះនឹងមានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ដែលមិនត្រឹមតែដំណើរការលឿននោះទេ ប៉ុន្តែវាថែមទាំងទ្រទ្រង់នូវការប្រើប្រាស់ម្រាមដៃពីរថែមទៀត។

ស្មាតហ្វូនOPPO Find X ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា VOOC Charge ប៉ុន្តែសម្រាប់ម៉ូដែលពិសេសទាំងពីរ របស់ស្មាតហ្វូននេះក៏ទ្រទ្រង់នូវបច្ចេកវិទ្យា SuperVOOC fast charging ដែលអាចបញ្ចូលថាមពលថ្មទំហំ 3,400mAh ពីទទេរទៅពេញនៅក្នុងរយៈពេលត្រឹមតែ 35 នាទីប៉ុណ្ណោះ។ ស្មាតហ្វូន Find X2 នេះ នឹងប្រើប្រាស់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន SuperVOOC ផងដែរ។ យើងរំពឹងថា OPPO នឹងបន្ថែមនូវបច្ចេកវិទ្យា wireless charging សម្រាប់ស្មាតហ្វូននេះផងដែរ។ ថ្មីនេះ ក្រុមហ៊ុននេះ ក៏ទើបតែចូលរួមជាមួយនឹង Wireless Power Consortium ដូចនេះ ស្មាតហ្វូន Find X2 នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន Oppo ដែលបំពាក់នូវបច្ចេកវិទ្យានេះ។ សរុបមក ស្មាតហ្វូន Find X2 អាចនឹងបង្ហាញខ្លួននៅក្នុងខែមិថុនាដូចស្មាតហ្វូនជំនាន់មុនរបស់ខ្លួនដែរ៕

