ក្រុមហ៊ុន Tecno ទើបតែបានធ្វើការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីស្ថិតក្នុងស្រឡាយ Camon Series ដែលមានដូចជាម៉ូដែល Tecno Camon 30 Premier 5G និង Camon 30 Pro 5G។ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺជាសមាជិកបន្ទាប់ពីម៉ូដែល Camon 30 និង Camon 30 5G ដែលបានប្រកាសចេញកាលពីពេលថ្មីៗនេះជាមួយការប្រើប្រាស់បន្ទះឈីប MediaTek Helio G99 និង Dimensity 7020។ ចំនែកសមាជិតថ្មីដែលទើបបានប្រកាសចេញនេះ គឺបានប្រើនូវបន្ទះឈីប MediaTek Dimensity 8200 Ultra។
Tecno Camon 30 Premier 5G និង Camon 30 Pro 5G បានបំពាក់នូវបច្ចេកវិទ្យាអេក្រង់ AMOLED Display ល្បឿន 144Hz ទំហំ 6.78-inch ហើយអេក្រង់របស់ម៉ូដែល Pro មិនគាំទ្របច្ចេកវិទ្យា LTPO នោះទេ ប៉ុន្តែ អេក្រង់ម៉ូដែល Premier គឺគាំទ្រនូវបច្ចេកវិទ្យាអេក្រង់មួយនេះ។ Camon 30 Premier 5G គាំទ្រកម្រិតបង្ហាញដល់ 1.5K ទំហំ 1264x2780px ខណៈម៉ូដែល Camon 30 Pro 5G គាំទ្រកម្រិតបង្ហាញ FHD+ ទំហំ 1080x2436px។
ស្មាតហ្វូនជំនាន់ថ្មីទាំងពីរម៉ូដែលនេះ ដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 8200 Ultra ដូចគ្នា ដោយនៅលើម៉ូដែល Pro មានភ្ជាប់មកជាមួយរ៉េមទំហំ 8GB ជាមួយម៉េមូរីទំហំ 256GB រីនៅលើម៉ូដែល Premier មានភ្ជាប់ដោយរ៉េមទំហំដល់ 12GB និងម៉េមូរីទំហំ 512GB។ ហើយក៏គាំទ្រនូវមុខងារពង្រីកទំហំរ៉េមបន្ថែម Visual RAM Expansion បានទំហំ 12GB ថែមទៀតផង។
Tecno Camon 30 Premier 5G និង Camon 30 Pro 5G មានថ្មទំហំ 5,000mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 70W Wired Fast Charging និងដំណើរការដោយ Android 14 ដែលស្រោបផ្ទៃមុខកម្មវិធីប្រើប្រាស់ដោយ HiOS14 ចេញពីប្រអប់ស្រាប់តែម្តង។ បន្ថែមពីនេះស្មាតហ្វូនជំនាន់ថ្មីទាំងពីររបស់ Tecno នៅមានមុខងារ IR Blaster, ប្រើបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃដោះសោរសុវត្ថិភាពក្រោមអេក្រង់ និងមានប្រព័ន្ធ Speaker សំឡេងពីរគ្រាប់ គាំទ្របច្ចេកវិទ្យាសំឡេង Dolby Atmos ថែមទៀងផង។
សម្រាប់ប្រព័ន្ធកាមេរ៉ាវិញ Tecno Camon 30 Premier 5G និង Camon 30 Pro 5G បានបំពាក់នូវកាមេរ៉ាសែលហ្វីទំហំ 50MP គាំទ្រមុខងារ autofocus និងមានអមដោយអំពូលភ្លើងពីរគ្រាប់ Dual-LED Flash។ ចំនែកប្រព័ន្ធកាមេរ៉ាក្រោយវិញ គឺមានទំហំ 50MP ជា Main Sensor ប្រើប្រាស់សែនស័រ Sony IMX890 មាន OIS និងទំហំ 50MP ជា Ultrawide lens។ ហើយនៅលើម៉ូដែល Pro មានបន្ថែមនូវសែនស័រកាមេរ៉ាទំហំ 2MP ដែលជា Depth Sensor ចំនែកនៅលើម៉ូដែល Premier គឺមានទំហំ 50MP មួយគ្រាប់ទៀតជា periscope telephoto ខ្នាត 70mm focal length និងគាំទ្រមុខងារ Hybrid-zoom បានដល់ 60x។
នៅលើម៉ូដែល Camon 30 Premier 5G ក៏មានបំពាក់នូវប្រព័ន្ធ PolarAce Imaging System របស់ Tecno ជាមួយ ISP ដើម្បីជួយបង្កើននូវមុខងារកាត់់បន្ថយសំឡេងរំខាន AI Noise reduction សម្រាប់ការថតវីដេអូ HDR, 4K Ultra Night Vision Video និងដើម្បីជាជំនួយក្នុងគណនាកម្រិតពណ៌នៃស្បែកឲ្យបានត្រឹមត្រូវតាមបែបធម្មជាតិផងដែរ។ ទោះជាយ៉ាងណាសម្រាប់កាលបរិច្ឆេទចេញលក់ រួមនឹងតម្លៃរបស់ Camon 30 Premier 5G និង Camon 30 Pro 5G ក្រុមហ៊ុន Tecno មិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ៕