នៅក្នុងការផ្លាស់ប្តូរយុទ្ធសាស្ត្រដើម្បីពន្លឿនយុទ្ធសាស្ត្រពង្រីកទីផ្សារឡានអគ្គិសនីរបស់ខ្លួន ក្រុមហ៊ុនផលិតរថយន្តជប៉ុន Mazda Motor Corporation តាមរយៈក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ចិន Changan-Mazda បានចូលជាដៃគូដ៏សំខាន់ជាមួយក្រុមហ៊ុន Contemporary Amperex Technology Co., Ltd. (CATL) ដែលជាក្រុមហ៊ុនផលិតកញ្ចប់អាគុយឡានអគ្គិសនីឈានមុខគេរបស់ពិភពលោក។ ដែលកិច្ចសហការនេះ នឹងផ្តោតលើការអភិវឌ្ឍន៍ឡានអគ្គិសនីជំនាន់ក្រោយដោយប្រើនូវប្រព័ន្ធគ្រោងឆ្អឹងថ្មី CIIC (Cell to Chassis) Skateboard Platform របស់ CATL ។
ភាពជាដៃគូរវាង Mazda-CALT នឹងផ្តោតសំខាន់ទៅលើវេទិកា CIIC របស់ CATL ដែលត្រូវបានប្រកាសចេញកាលពីអំឡុងខែធ្នូឆ្នាំមុន។ ប្រព័ន្ធតួរថយន្តថ្មីនេះ ត្រូវបានបង្កើតឡើងជុំវិញស្ថាបត្យកម្មរថយន្តដែលត្រូវបានដោះបំបែកដោយផ្នែកតួខ្លួនរថយន្តខាងលើ និងខាងក្រោម ដែលអនុញ្ញាតឱ្យមានប្រព័ន្ធ modular subsystems និង standardised interfaces។ ហើយរចនាសម្ព័ន្ធនេះ ត្រូវបានគាំទ្រការកំណត់រចនាសម្ព័ន្ធផ្នែករឹង និងសូហ្វវែររថយន្តដែលអាចបត់បែនបាន ហើយត្រូវបានរចនាឡើងដើម្បីសម្រួលដល់ការអភិវឌ្ឍន៍គំរូ និងកែលម្អការសម្របសម្រួលថ្មីសម្រាប់វិស័យរថយន្តអគ្គិសនីនាពេលអនាគត។
តាមរយៈការរួមបញ្ចូលគ្នានៃច្ចេកវិទ្យាតួរថយន្តរបស់ CATL ជាមួយប្រព័ន្ធផលិតរថយន្តរបស់ Chang'an Mazda ក្រុមហ៊ុនទាំងពីរមានគោលបំណងកាត់បន្ថយពេលវេលានៃការអភិវឌ្ឍន៍ និងស្របតាមការផ្លាស់ប្តូរតម្រូវការទីផ្សារសម្រាប់ដំណើរការដោយថាមពលថ្មី (NEVs)។ តំណាងក្រុមហ៊ុនទាំងពីរបានចូលរួមក្នុងពិធីចុះហត្ថលេខានេះ។
ខាងក្រុមហ៊ុន CATL ត្រូវបានតំណាងដោយលោក Yu Jiashuai នាយកផ្នែលប្រតិបត្តិការអតិថិជន, លោក Tan Libin សហប្រធាននៃប្រព័ន្ធទីផ្សារ, លោក Li Xiaoning ប្រធានប្រតិបត្តិនៃអាជីវកម្មក្រៅប្រទេស និងលោក Yang Hanbing នាយកគ្រប់គ្រងនៃផ្នែក Intelligent Mobility Division។ ចំនែកដំណាងខាងក្រុមហ៊ុន Changan Mazda មានលោក Ma Dayong នាយកផ្នែកលទ្ធកម្ម និងលោក Deng Zhitao អនុប្រធានប្រតិបត្តិ។
CATL និង Changan Mazda មានបំណងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរបស់ពួកគេដោយធ្វើការលើបច្ចេកវិទ្យាថ្មីនៃប្រភេទរថយន្ត NEV។ គោលដៅរបស់ពួកគេ គឺដើម្បីគាំទ្រដល់ការផលិតយានយន្តដែលបំពេញតាមស្តង់ដារសុវត្ថិភាព អនុភាពដំណើរការ និងស្តង់ដារដែលអាចជឿជាក់បានសម្រាប់ទីផ្សារក្នុងស្រុក និងសកលលោក។ កិច្ចសហការនេះឆ្លុះបញ្ចាំងពីនិន្នាការកាន់តែទូលំទូលាយក្នុងចំណោមក្រុមហ៊ុនផលិតរថយន្ត និងអ្នកផ្គត់ផ្គង់ថ្ម ដើម្បីបង្រួបបង្រួមអ្នកជំនាញ សម្រាប់បំពេញតាមបទប្បញ្ញត្តិ និងការរំពឹងទុកទីផ្សារសម្រាប់រថយន្តអគ្គិសនី។
Mazda កំពុងពង្រីកកិច្ចសហប្រតិបត្តិការរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសចិនជាខ្លាំង ហើយសម្រាប់ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះពីប្រធានាធិបតី Masahiro Moro នៅក្នុងពិធីសម្ពោធផ្លូវការណ៍នៃរថយន្តអគ្គិសនីស៊េរីថ្មី Mazda EZ-60 SUV នៅឯពិព័រណ៍រថយន្តក្រុងស៊ាងហៃឆ្នាំ 2025 និងការបង្ហាញខ្លួនលើកដំបូងនៃរថយន្ត Mazda 6e Sedan នៅទីក្រុងណានជីង។
ក្រុមហ៊ុនបានប្តេជ្ញាចិត្តក្នុងការវិនិយោគនៅទំហំទឹកប្រាក់ 10 ពាន់លានយន់ ឬប្រហែល 1.37 ពាន់លានដុល្លារអាមេរិក ក្នុងគោលបំណងបង្កើនផលិតកម្មទ្វេដង និងឈានដល់ការលក់រថយន្តប្រចាំឆ្នាំ 300,000 គ្រឿង នៅឆ្នាំ 2027 ដោយ 90% គឺជាឡានអគ្គិសនី ឬឡានកូនកាត់ (Plug-in-hybrid)។ ក្រុមហ៊ុន Mazda មានមូលដ្ឋាននៅក្នុងខេត្ត Nanjing ប្រទេសចិន ដែលមាននូវមជ្ឈមណ្ឌលស្រាវជ្រាវ និង អភិវឌ្ឍន៍ (R&D) រួមនឹងការផលិត ហើយនិងការនាំចេញផងដែរ។ ក្រុមហ៊ុន Mazda ក៏មានគម្រោងនឹងធ្វើការបង្ហាញម៉ូដែលអគ្គិសនីចំនួនពីរបន្ថែមទៀតនៅក្នុងប្រទេសចិននៅក្នុងឆ្នាំ 2027៕