នៅក្នុងព្រឹត្តិការណ៍ “Wonderlust” ដែលបានផ្សាយផ្ទាល់ចេញពី “Apple Park” កាលពីរាត្រីទី 12 ឈានចូលថ្ងៃទី 13 (នៅកម្ពុជា) Apple បានធ្វើការដាក់បង្ហាញចេញគ្រួសារ iPhone 15 Series, Apple Watch Series 9 និង Watch Ultra 2 រួមនិងកាស AirPods Pro ផងដែរ។ ហើយនៅក្នុងអត្ថបទនេះ យើងនឹងនិយាយពីនាឡិកាឆ្លាតវៃជំនាន់ថ្មី Appel Watch Series 9 និង Watch Ultra 2។
Apple Watch ជំនាន់ថ្មីឆ្នាំនេះ គឺមិនសូវជាមានការកែប្រែផ្នែកឌីស្សាញរូបរាងខុសពីជំនាន់ Apple Watch Series 8 និង Ultra ឆ្នាំមុននោះទេ ដោយ Apple គ្រាន់តែញ៉ាត់បញ្ចូលនូវបច្ចេកវិទ្យាថ្មីៗ និងមុខងារថ្មីៗមួយចំនួនតែប៉ុណ្ណោះ។ យើងនិយាយពីឈីបជំនាន់ថ្មី Apple S9 Chip ដែលបន្ទះឈីបជំនាន់ថ្មីប្រើនៅលើ Apple Watch Series 9 និង Watch Ultra 2 គឺបានបង្កើនប្រសិទ្ធិភាពទៅលើប្រព័ន្ធ Transition ខ្ពស់ជាង 60% ធៀបនឹង S8 ដែលប្រើនៅលើ Apple Watch Series 8 និង Watch Ultra ឆ្នាំមុន ហើយក៏មានអនុភាពដំណើរការមុខងារ និងកម្មវិធីបានលឿនរហ័សជាងទ្វេដងថែមទៀត (X2)។
មុខងារថ្មីដែលនឹងផ្តល់នូវបទពិសោធន៍ប្រើប្រាស់ថ្មីចេញពី Apple Watch Series 9 និង Watch Ultra 2 គឺ Double Tap Gesture ដោយមុខងារថ្មីនេះអាចឲ្យអ្នកប្រើប្រាស់ធ្វើការទទួលទូរស័ព្ធ ផ្តាច់ការសន្ទនា, ចាក់និងបញ្ឈប់តន្ត្រី, ត្រួតពិនិត្យសារជូនដំណឹង, បិទសំឡេង Alarm Clock, ដំណើរ ឬបញ្ឈប់ Stopwatch និងមុខងារជាច្រើនទៀតដោយគ្រាន់តែយកចង្អុលម្រាមដៃគោះផ្ទប់ជាមួយម្រាមមេដៃពីរដងតែប៉ុណ្ណោះ។ ពិតជាអែមមែនទែន។ បន្ថែមពីនេះមុខងារ Siri នៅលើ Apple Watch ជំនាន់ថ្មីទាំងពីរម៉ូដែលនេះ ក៏មានដំណើរការកាន់តែរលូនជាងមុន ជាពិសេស យើងអាចសួរទៅ Siri ទាក់ទងទៅនឹងបញ្ហាសុខភាពបានថែមទៀតផង ដូចជាសួរពីកម្រិតនៃការគេងឲ្យបានគ្រប់គ្រាន់ ឬកម្រិតនៃចង្វាក់បេះដូងរបស់យើងជាដើម។
ទោះបីជារក្សាការឌីស្សាញរូបរាងដដែលក៏ពិតមែន ប៉ុន្តែ Apple បានបង្កើនកម្រិតពន្លឺអេក្រង់របស់ Apple Watch Series 9 និង Watch Ultra 2 ខ្ពស់ជាងមុនទ្វេដងឯណោះ។ ដោយអេក្រង់របស់ Watch Series 9 មានកម្រិតពន្លឺដល់ 2,000nit ខណៈអេក្រង់របស់ Watch Ultra 2 មានកម្រិតពន្លឺរហូតដល់ 3,000nits ដែលល្អបំផុតសម្រាប់ការមើលម៉ោង ក៏ដូចជាសារជូនដំណឹងផ្សេងៗបានច្បាស់ ទោះបីស្ថិតនៅក្រោមពន្លឺថ្ងៃខ្លាំងយ៉ាងណាក៏ដោយ។ ជាពិសេសអេក្រង់របស់ Apple Watch Series 9 និង Watch Ultra 2 ក៏នឹងដំណើរការទម្លាក់កម្រិតពន្លឺមកទាបបំផុតដោយស្វ័យប្រវត្តិត្រឹម 1nits នៅពេលរាត្រី ឬនៅអំឡុងពេលស្ថិតនៅក្នុងរោងកុន ដើម្បីសន្សំសំចៃថាមពលថ្ម។ សម្រាប់ថ្មវិញត្រូវបាន Apple បញ្ជាក់ថា Watch Series 9 មានលទ្ធភាពអាចកាន់បានដល់ 18 ម៉ោង ខណៈ Watch Ultra 2 កាន់បាន 36 ម៉ោងដូចជំនាន់ទីមួយដែរ ប៉ុន្តែ អាចបន្តកាន់បានដល់ 72 ម៉ោង នៅពេលបើកមុខងារ Low-power mode។
Apple Watch Series 9 មានជម្រើសទំហំ 41mm និង 45mm ជាមួយទំហំអេក្រង់ 1.9-inch ចំនែក Apple Watch Ultra 2 មានទំហំ 49mm ជាមួយអេក្រង់ទំហំ 1.92-inch។ អេក្រង់របស់ Apple Watch ជំនាន់ថ្មីទាំងពីរនេះជាប្រភេទ Retina LPTO-OLED Display ដូចគ្នា។
Watch Series 9 និង Watch Ultra 2 ដំណើរការដោយ WatchOS10 និងគាំទ្រមុខងារ Always-on-Display, មានការពង្រឹងទៅលើមុខងារ Ultra-Wide band ក៏ដូចជាប្រព័ន្ធការពារជម្រាបទឹកកម្រិត IP6X ដែលអាចមុជចុះក្នុងទឹកបានជម្រៅដល់ 50 ម៉ែត្រ។ Apple Watch Series 9 មានជម្រើសតួរខ្លួនស្រោបដោយ Aluminum និង Stainless Steel ជាមួយពណ៌ starlight, midnight, silver, (PRODUCT)RED និង Pink សម្រាប់ម៉ូដែលមានតួរ Aluminum រីម៉ូដែលមានតួរ Stainless Steel មានជម្រើសពណ៌ Silver, Gold និង Graphite។
Apple បានបើកឲ្យធ្វើការ Pre-Order នាឡិកាដៃជំនាន់ថ្មីទាំងពីរស៊េរីរបស់ខ្លួនចាប់ពីថ្ងៃដាក់បង្ហាញចេញនេះទៅ ហើយការចេញលក់ផ្លូវការណ៍ គឺនឹងធ្វើឡើងនៅថ្ងៃទី 22 ក្នុងខែកញ្ញា សប្តាហ៍ក្រោយ។ ដោយក្នុងនោះ Apple Watch Series 9 មានតម្លៃចាប់ពី $399 ឡើងទៅ ខណៈដែល Watch Ultra 2 គឺមានតម្លៃខ្ទង់ $799៕