ទីផ្សារប្រគូតប្រជែងគ្នាក្នុងទីផ្សារឡានអគ្គិសនីប្រភេទ Pickup truck ក្នុងទីផ្សារសហរដ្ឋអាមេរិកនៅតែបន្តឡើងកម្តៅ និងបន្ត ដណ្តើមគ្នាជាអ្នកលក់ដែលឈានមុខគេ។ ដូចដែលយើងបានដឹងរួចហើយថា កំពូលឡានភិកអាប់អគ្គិសនីរបស់ក្រុមហ៊ុន Tesla គឺ Cybertruck បានឈរនៅលំដាប់កំពូលតារាងជារថយន្តភិកអាប់ដែលល្អដាច់បំផុតនាពេលកន្លងមក។
បើទោះជាយ៉ាងណាចំណែកជាកំពូលឡាន Pickup truck របស់ Tesla Cybertruck ត្រូវបានរបូតវិញនៅត្រីមាសដំបូងនៃឆ្នាំ 2025 កន្លងទៅថ្មីៗនេះ។ បើតាមប្រភពព័ត៌មានថ្មីៗនេះ បានឲ្យដឹងថា ពេលនេះឡានអគ្គិសនី Pickup truck ដែលនាំមុខគេក្នុងការលក់ប្រចាំត្រីមាសដំបូងក្នុងឆ្នាំ 2025 គឺជា Ford F-150 Lightning។
តាមរបាយការណ៍នៃការចុះបញ្ចីរថយន្តថ្មីនៅទូទាំងសហរដ្ឋអាមេរិកនៅត្រីមាសទី 1 (ខែមករា ដល់ខែមីនា) ឆ្នាំ 2025 ដែលទទួលបានពី S&P Global Mobility បានឲ្យដឹងថា ឡាន Ford F-150 Lightning មានការចុះបញ្ចីថ្មីចំនួន 7,913 គ្រឿង នៅខណៈដែល Tesla Cybertruck មានចំនួនចុះបញ្ចី 7,126 គ្រឿង ដែលទិន្នន័យនេះបង្ហាញថា ចំនួននៃការលក់រថយន្ត F-150 Lightning ក្នុងទីផ្សារអាមេរិកនៅត្រីមាសដំបូងឆ្នាំនេះ គឺបាននាំមុខ Cybertruck ក្នុងចំនួនតិចតួច ដែលខុសពីពេលមុនដែលការលក់ និងការនាំចេញរបស់ Cybertruck គឺមានចំនួនច្រើនបំផុតបើធៀបនឹង F-150 Lightning។
ទោះជាយ៉ាងណាក៏មានរបាយការណ៍ផ្សេងមួយទៀតដែលបានចេញដោយស្ថាប័ន Cox Automotive បានបង្ហាញតួរលេខផ្សេងខុសពីតួរលេខរបស់ S&P Global Mobility ដោយ Cox Automotive បានបង្ហាញថា ការលក់របស់ Ford F-150 Lightning ក្នុងត្រីមាសដំបូងឆ្នាំ 2025 គឺមានចំនួន 7,187 គ្រឿង និង Tesla Cybertruck មានចំនួន 6,404 គ្រឿង។ ទោះជាទិន្នន័យស្រាវជ្រាវរបស់ស្ថាប័នខាងលើមិនទាន់មានភាពប្រក្រតីក៏ពិតមាន ប៉ុន្តែ យើងមើលឃើញថា សន្ទុះនៃការលក់រថយន្ត F-150 Lightning ក្នុងឆ្នាំ 2025 នេះ គឺពិតជាកើនឡើងខ្លាំងជា Tesla Cybertruck យ៉ាងពិតប្រាកដ។
បើយើងងាកទៅកាន់ត្រីមាសទី 3 ក្នុងឆ្នាំ 2023 វិញ ឃើញថា ឡានភិកអាប់ Tesla Cybertruck លក់បានចំនួនដល់ទៅ 16,692 គ្រឿង បើតាមរបាយការណ៍របស់ក្រុមហ៊ុន Cox Automotive ហើយបន្ទាប់មកបានធ្លាក់ចុះមកត្រឹម 12,991 គ្រឿងវិញនៅក្នុងត្រីមាសទី 4 នៃឆ្នាំ 2024។ ហើយសម្រាប់ការចុះបញ្ចីចំនួន 7,126 គ្រឿង ឬការលក់បានចំនួន 6,404 គ្រឿង នៅក្នុងត្រីមាសទីមួយនៃឆ្នាំ 2025 បង្ហាញពីការធ្លាក់ចុះជាបន្តបន្ទាប់បើធៀបនឹងរយៈពេលនៃការចេញលក់លើកដំបូង។
ថ្វីត្បិតតែ F-150 Lightning បាននាំមុខ Cybertruck ក៏ដោយ ក៏រថយន្តភិកអាប់អគ្គិសនីទាំងពីរម៉ូដែលនេះ នៅមិនទាន់លក់ក្នុងចំនួនដ៏ច្រើននៅឡើយ បើប្រៀបធៀបទៅនឹងរថយន្តភិចអាប់ប្រភេទប្រើម៉ាស៊ីនសាំង ឬម៉ាស៊ូតដែលមានចំនួនលក់បានរាប់លានគ្រឿងជារៀងរាល់ឆ្នាំ។ ការលក់ប្រហែលជាង 7,000 គ្រឿងក្នុងរយៈពេល 3 ខែបង្ហាញថា អ្នកប្រើប្រាស់កំពុងមានការចាប់អារម្មណ៍ទៅលើឡានភិកអាប់អគ្គីសនី ឬ Electric Pickup truck។ បន្ទាប់ពី Ford F-150 Lightning និង Tesla Cybertruck ឡានភិកអាប់ Chevrolet Silverado EV បានជាប់ចំណាត់ថ្នាក់លេខ 3 ក្នុងការចុះបញ្ចីលក់ បន្ទាប់មកគឺ GMC Sierra EV, Rivian R1T និង GMC Hummer EV៕