បន្ទាប់បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិន កាលពីខែមុននេះមក នៅថ្ងៃទី 27 ខែឧសភានេះ ក្រុមហ៊ុន realme នឹងបង្ហាញខ្លួនជាផ្លួវការនូវស្មាតហ្វូនស៊េរីថ្មី realme GT 7 Series នៅលើទីផ្សារសកលថែមទៀតហើយ។ ស្មាតហ្វូនថ្មីទាំងនេះ មានដូចជា realme GT 7, GT 7T រួមនិងកាសស្តាប់ Buds Air 7 Pro ផងដែរ។ អ្វីដែលគួរអោយកត់សម្គាល់នោះ ក្រុមហ៊ុន realme នៅក្នុងប្រទេសឥណ្ឌាបញ្ជាក់ថា ស្មាតហ្វូនម៉ូដែលពិសេស realme GT 7 Dream Edition ដែលជាកិច្ចសហការជាមួយនឹងក្រុមការងារ Aston Martin’s Formula One នឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន realme GT 7 នៅក្នុងទីផ្សារនៃប្រទេសឥណ្ឌាផងដែរ។
យោងតាមរូបភាពបែកធ្លាយមួយតាមរយៈ Jacky នៅលើបណ្តាញសង្គម Weibo បានទម្លាយអំពីប្រអប់របស់ស្មាតហ្វូន Dream Edition ជាមួយនឹងហត្ថលេខាពណ៌បៃតងរបស់ Aston Martin និងអមជាមួយនឹងឡូហ្គោ F1 ថែមទៀតផង។ ខណៈពេលដែលលក្ខណៈសម្បត្តិ Hardware នៅមិនទាន់ដឹងនៅឡើយទេនោះ ស្មាតហ្វូន Edition នេះ មានការឌីស្សាញដ៏ប្រណិត ការប្រើប្រាស់ UI កាន់តែងាយស្រួល និង Accessories ជាច្រើនទៀត។
ស្មាតហ្វូន realme GT 7 សម្រាប់ទីផ្សារសកលនេះ ប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 9400e ជាមួយនឹងថាមពលថ្មទំហំ 7,000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 120W wired fast charging និង 7.5W reverse wired charging ។ បើធៀបទៅនឹងស្មាតហ្វូនសម្រាប់ទីផ្សាររបស់ចិន គឺមានបន្ទះឈីប Dimensity 9400+, ថ្មទំហំ 7,200mAh និងបច្ចេកវិទ្យាសាកថ្មលឿន 100W charging ។
សម្រាប់កាមេរ៉ារបស់ស្មាតហ្វូននេះ មានសិនស័រ Sony IMX906 និងសិនស័រ 112-degree ultra-wide lens ហើយនិងកាមេរ៉ាខាងមុខទំហំ 32MP ដែលទ្រទ្រង់វីដេអូកម្រិត 4K នៅក្នុងកម្រិត 120fps ទៀតផង។ តាមការបញ្ជាក់នៅក្នុងព័ត៌មានខាងលើនេះ បង្ហាញថា ក្រុមហ៊ុន realme កំពុងតែធ្វើទីផ្សារទៅលើស្មាតហ្វូន realme GT 7 series ដោយសារតែនេះ ជាស្មាតហ្វូនដ៏ខ្លាំងក្លា ដែលមានមុខងារកាមេរ៉ាកម្រិតខ្ពស់ និងការប្រើប្រាស់ថាមពលថ្មកាន់តែយូរថែមទៀតផង៕