Magic V5 ដែលជាស្មាតហ្វូនស៊េរីថ្មីម៉ូដែលប្រណិតរបស់ក្រុមហ៊ុន Honor ត្រូវគេបានរំពឹងថា នឹងមានការបង្ហាញខ្លួននៅចុងខែមិថុនានេះហើយ។ តាមសេចក្តីរាយការណ៌កន្លងមក បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីនេះ បានឆ្លងកាត់នូវការបញ្ជាក់ពីវិញ្ញាបនបត្រ 3C របស់ប្រទេសចិនរួចហើយ ដោយមានការទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ខ្លួនផងដែរ។ យោងតាមការបញ្ជាក់នៅក្នុងបញ្ជីនៅលើ Xpertpick នាពេលថ្មីៗនេះ បង្ហាញថា ស្មាតហ្វូនថ្មីនេះ មាន 2 ម៉ូដែល គឺ Honor MTN-AN00 និង MTN-AN80 ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា 80W Fast Charging។
គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Magic V3 ដែលបង្ហាញខ្លួនកន្លងមក មានថាមពលថ្ម Silicon-Carbon (Si/C) មានទំហំ 5,150mAh នឹងមានការគាំទ្រដោយបច្ចេកវិទ្យាសាកថ្មលឿន 66W។ ប្រៀបធៀវជាមួយនិងស្មាតហ្វូនជំនាន់ថ្មី Magic V5 នេះវិញ ត្រូវបានគេបញ្ជាក់ថា នឹងមានបំពាក់នូវថាមពលថ្មទំហំ 6,100mAh។
ថ្មីៗនេះ ស្មាតហ្វូន Magic V5 នេះក៏បង្ហាញខ្លួននៅលើវិញ្ញាបនបត្រ Geekbench ផងដែរ ដោយមានភ្ជាប់នូវជាមួយនឹងបន្ទះឈីប Snapdragon 8 Elite។ ប្រៀបធៀបជាមួយ ស្មាតហ្វូន V3 ដែលមានវត្តមានមុននេះ គឺមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3។ ស្មាតហ្វូននេះមានពិន្ទុ 3,000 និង 9,000 នៅក្នុងការតេស្ត single-core និង multi-core ។
ប្រភពខាងលើនេះបន្តថា អ្វីដែលធ្វើអោយស្មាតហ្វូន Magic V5 នេះកាន់តែអស្ចារ្យនោះ គឺថាមពលថ្ម ត្រូវបានគេមើលឃើញថា មានទំហំជាងថាមពលថ្មនៅលើស្មាតហ្វូនស៊េរីថ្មី Galaxy Z Fold7 ដែលកន្លងមក មានការទម្លាយថា អាចនឹងមានថាមពលថ្មត្រឹមតែ 4,400mAh ប៉ុណ្ណោះ គឺទំហំដូចទៅនឹងស្មាតហ្វូនជំនាន់មុនអញ្ចឹងដែរ។ មួយវិញទៀត ក្រុមហ៊ុន Honor ក៏ត្រូវបានគេឃើញថា មានងាកមកផ្តោតទៅលើការពង្រីកនូវថាមពលថ្មកាន់តែធំ និងការឌីស្សាញកាន់តែស្រស់ស្អាតជាងមុនថែមមួយកម្រិតទៀតផង៕