ក្រុមហ៊ុន Samsung តែងតែបញ្ចេញនូវម៉ូដែលប្រណិតរបស់ស្មាតហ្វូនអេក្រង់បត់បានរបស់ខ្លួនត្រកូល Z Fold ដែលលក់ផ្តាច់មុខសម្រាប់ទីផ្សាររបស់ចិនជារៀងរាល់ឆ្នាំ ហើយសម្រាប់ឆ្នាំ 2025 នេះ ក្រុមហ៊ុននេះ ក៏នឹងធ្វើដូចគ្នានេះផងដែរ។ ក្រុមហ៊ុននេះ ទើបតែបង្ហាញនូវស្មាតហ្វូន Samsung W26 ដែលជម្រើសថ្មីរបស់ស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold 7 ដែលមានការឌីស្សាញថ្មីមានឆ្នូតពណ៌មាសនៅជុំវិញ និងមានគែមអាលុយមីញ៉ូម ហើយនិងប្រើប្រាស់នូវ hinge ថ្មី ព្រមទាំងមានរូបរាងស្លីមយ៉ាងស្រស់ស្អាតបំផុត។
ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ មានកម្រាស់ 4.2mm នៅពេលបើក និងនៅលើពេលបិទកម្រាស់ 8.9mm ហើយមានទម្ងន់ 215 ក្រាម ដូចទៅនឹងស្មាតហ្វូន Galaxy Fold 7 ផងដែរ។ ស្មាតហ្វូន W26 នេះ បំពាក់នូវកាមេរ៉ា 3 គ្រាប់ជាមួយនឹងរង្វង់ពណ៌មាស និងត្រចៀកពណ៌មាស និងគែមពណ៌មាស។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺមានបង្ហាញចេញជាមួយជម្រើស 2 ពណ៌គឺ Danxi Red និង Xuan Yao Black ។
សម្រាប់លក្ខណៈសម្បត្តិខាងក្នុងរបស់ស្មាតហ្វូនថ្មីនេះ មិនមានអ្វីដែលខុសគ្នាពីស្មាតហ្វូន Fold 7 នោះទេ។ ស្មាតហ្វូនថ្មីនេះបំពាក់នូវបន្ទះឈីប Snapdragon 8 Elite និង OneUI 8 នៅលើ Android 16 ។ ស្មាតហ្វូននេះ មានរ៉េមទំហំ 16GB និងម៉េមូរីទំហំ 512GB ឬ 1TB។ ស្មាតហ្វូនបត់បាននេះ មានអេក្រង់ខាងក្រៅទំហំ 6.5 អ៊ីង cover display និងអេក្រង់ខាងក្នុងទំហំ 8 អ៊ីង AMOLED ដែលអេក្រង់ទាំងពីរនេះ មានការទ្រទ្រង់នូវល្បឿន 120Hz LTPO refresh rates ដូចគ្នា។ អេក្រង់ខាងក្រៅរបស់ស្មាតហ្វូនថ្មីនេះ ប្រើប្រាស់នូវកញ្ចក់ Corning Gorilla Glass Ceramic 2 សម្រាប់បន្ថែមទៅលើភាពធន់មួយស្រទាប់ទៀត។
បើមើលទៅលើកាមេរ៉ារបស់ស្មាតហ្វូនថ្មីនេះ ក្រុមហ៊ុន Samsung មិនបានធ្វើការផ្លាស់ប្តូរខ្លាំងនោះទេ។ ស្មាតហ្វូន W26 នេះបំពាក់នូវកាមេរ៉ាគោលទំហំ 50MP f/1.8 ជាមួយនឹង OIS, 12MP ultra-wide និងគ្រាប់ទីពីរទំហំ 10MP telephoto ជាមួយនឹង 3x optical zoom។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 10MP selfie និងសេនស័រ 4MP under-display sensor ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4400mAh ជាមួយនឹងបច្ចេកវិទ្យា 25W wired charging ដូចទៅនឹងស្មាតហ្វូន Z Fold 7 ។
ស្មាតហ្វូន Samsung W26 នេះមានតម្លៃចាប់ពី CNY 16,999 ($2,390)សម្រាប់ទំហំ 16GB+512GB ខណៈពេលដែលទំហំ 1TB មានតម្លៃ CNY 18,999 ($2,670) ។ ដូចទៅនឹងស្មាតហ្វូន W-Series ជំនាន់់មុនៗនោះ ស្មាតហ្វូននេះនឹងលក់ផ្តាច់មុខនៅក្នុងប្រទេសចិនប៉ុណ្នោះ៕