ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទទួលបាននូវលទ្ធផលវិជ្ជមានខ្លាំងមែនទែននៅក្នុងប្រទេសចិន។ នៅក្នុងរយៈពេលមួយសប្តាហ៍នៃបុណ្យជាតិរបស់ចិន China National Day Golden Week កាលពីថ្ងៃទី 29 ខែកញ្ញាដល់ថ្ងៃទី 5 ខែតុលានេះ ក្រុមហ៊ុនចិនមួយនេះ បានវ៉ាឈ្នះក្រុមហ៊ុន Apple ក្លាយជាម៉ាកយីហោស្មាតហ្វូនដែលលក់ដាច់ខ្លាំងបំផុតនៅក្នុងប្រទេសចិន ដែលមានចំណែកទីផ្សារដល់ទៅ 21.2% ។
តាមទិន្នន័យនៃការលក់ក្នុងប្រទេសចិននាពេលនេះ បានបង្ហាញថា ក្រុមហ៊ុនម៉ាកយីហោស្មាតហ្វូនចំនួន 5 នៅក្នុងថ្ងៃបុណ្យជាតិនេះមានដូចជា Xiaomi, Apple, vivo, OPPO និង Huawei ។ ក្រុមហ៊ុន Apple ជាប់ចំណាត់ថ្នាក់លេខ 2 ដែលមានចំណែកទីផ្សារចំនួន 16.30% ខណៈពេលដែលក្រុមហ៊ុន vivo មានចំណែកទីផ្សារចំនួន 15.90%។ ថ្មីៗនេះ លោក Lu Weibing ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Xiaomi បាននិយាយថា ការលក់ទៅលើស្មាតហ្វូន Xiaomi 17 series គឺមានចំនួនលើសពី 1 លានគ្រឿងនៅក្នុងពេលតែប៉ុន្មានថ្ងៃក្រោយការប្រកាសលក់ប៉ុណ្ណោះ ដោយកើនឡើង 20% ប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នាស្មាតហ្វូនជំនាន់មុននេះ ។ ភាពជោគជ័យនេះគឺដោយសារតែស្មាតហ្វូនត្រកូល Pro ។
អ្នកទម្លាយ Digital Chat Station បានរាយការណ៍ថា ការលក់ទៅលើស្មាតហ្វូនជំនាន់ Xiaomi 17 Pro Max និង 17 Pro គឺមានចំនួនដល់ទៅ 800,000 គ្រឿង។ ទន្ទឹមនឹងនេះផងដែរ សម្រាប់ស្មាតហ្វូនប្រភេទ standard Xiaomi 17 ហាក់ដូចជាមិនទទួលបាននូវការពេញនិយមខ្លាំងនោះទេជាមួយនឹងការលក់បានត្រឹមតែ 194,000 ប៉ុណ្ណោះ។
លក្ខណៈពិសេសដែលជម្រុញទៅលើការលក់ស្មាតហ្វូន Pro ខ្លាំងនោះ គឺដោយសារតែអេក្រង់ដែលស្ថិតនៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ។ លោក Lu Weibing បញ្ជាក់ថាក្រុមហ៊ុន Xiaomi បានវិនិយោគយ៉ាងខ្លាំងទៅលើការប្រើប្រាស់នូវអេក្រង់ 2 នេះដែលការចំណាយទៅលើការអភិវឌ្ឍន៍នេះគឺច្រើនជាង 1 ពាន់លានយ៉ន់។ លោកបន្ថែមថា ក្រុមហ៊ុនជាច្រើនទៀតអាចនឹងគិតដល់រឿងនេះ ប៉ុន្តែវាមានតែក្រុមហ៊ុនតិចតួចប៉ុណ្នោះដែលហ៊ានចំណាយទឹកប្រាក់យ៉ាងច្រើននេះដើម្បីវិនិយោគ។
ខណៈពេលដែលស្មាតហ្វូនទាំងនេះ ទទួលបាននូវភាពជោគជ័យខ្លាំងនៅក្នុងការលក់នៅប្រទេសចិននោះ ស្មាតហ្វូននេះប្រហែលជាមិនទាន់លក់នៅទីផ្សារសកលនោះទេរហូតដល់ឆ្នាំក្រោយនេះ។ ស្មាតហ្វូន Xiaomi 17 Pro ប្រហែលជាលក់ផ្តាច់មុខតែនៅក្នុងប្រទេសចិនតែប៉ុណ្នោះ៕