
Stelato ដែលជាម៉ាកយីហោឡានអគ្គិសនីដ៏ធំមួយបង្កើតឡើងដោយក្រុមហ៊ុន Huawei និង Beijing Automotive Group (BAIC Group) នឹងមានការប្រកាសចេញនូវឡានម៉ូដែលថ្មីរបស់ S9 Sedan នៅខែក្រោយនេះបន្ទាប់ពីទទួលបាននូវភាពជោគជ័យពីម៉ូដែលមុនដែលបង្ហាញចេញកាលពីខែសីហាឆ្នាំមុន។បើតាមការប្រកាសនៅបណ្តាញសង្គម Weibo នៅថ្ងៃនេះ Stelato គឺបានបង្ហាញនូវរូបភាពរបស់ S9 ជំនាន់ថ្មីដែលនឹងមានការប្រើប្រាស់នូវស្លាកសញ្ញាឡូហ្កូផ្ទាល់ខ្លួនជាលើកដំបូងថែមទៀតផង។
សូមជំរាបថាសម្រាប់ឡាន Stelato ដែលកំពុងតែមានលក់នៅលើទីផ្សារនាពេលនេះគឺមានដូចជា S9 Sedan និង S9T wagon ដែលមានស្លាកឈ្មោះ Stelato ជាភាសាអង់គ្លេសនៅលើ Front grille។Stelato S9 គឺឡានអគ្គិសនីថ្មីមួយដែលបានបង្ហាញវត្តមានជាលើកដំបូងនៅថ្ងៃទី 24 ខែសីហាឆ្នាំ 2024 ក្នុងព្រឹត្តិការណ៌សម្ពោធផលិតផលថ្មីរបស់ក្រុមហ៊ុន Huawei។ហើយឡាននេះបានធ្វើការចាប់ផ្តើមដឹកជញ្ជូនជូនដល់អតិថិជននៅថ្ងៃ 7 ខែកញ្ញាឆ្នាំ 2024។សម្រាប់ឡាននេះគឺស្ថិតនៅក្នុងម៉ូដែល Mid-to-Large executive sedan ដែលមានប្រវែង 5,160mm និងទទឹង 1,987mm កំពស់ 1,486mm ហើយនិងមានគម្លាតកង់មុខក្រោយប្រវែង 3,050 mm។
ជាមួយនិងការដាក់លក់នៅលើទីផ្សារថ្មីៗនេះ Stelato S9 មាន 3 ជម្រើសសម្រាប់អគ្គិសនីសុទ្ធ (BEV) និង 3 ជម្រើសសម្រាប់អគ្គិសនីលាយចំហេះ (EREV) ហើយនិងមានតម្លៃចាប់ពី 309,800 យ៉ន់($43,500) ទៅ 449,800 យ៉ន់។

យោងតាមព័ត៌មានថ្មីកាលពីដើមខែនេះបានទម្លាយចេញនូវរូបភាពបែកធ្លាយ Stelato S9 ស៊េរីថ្មីនៅលើបណ្តាញើផ្សព្វផ្សាយក្នុងប្រទេសចិនជាច្រើនផងដែរដោយក្នុងនោះមានអ្នកផុសថាឡានថ្មីនេះនឹងមានជម្រើសអគ្គិសនីសុទ្ធ (BEV) និង 3 ជម្រើសអគ្គិសនីលាយចំហេះ (EREV) ដូចមុនដដែល។សូមបញ្ជាក់ថាStelatoគឺម៉ាកយីហោឡានមួយស្ថិតនៅក្រោមឆ័ត្រក្រុមហ៊ុន Huawei HIMA (Harmony Intelligent Mobility Alliance) ផងដែរ។





