
Denza ដែលជាជាម៉ាកយីហោឡានប្រណិតស្ថិតក្រោមដំបូល BYD មានក្តីរំពឹងយ៉ាងមុតមាំថាម៉ាករថយន្តរបស់ខ្លួនអាចនឹងទាក់ទាញក្រសែភ្នែករបស់អ្នកទិញដែលកំពុងសំឡឹងទៅរកម៉ាករថយន្តប្រណិតល្បីៗដូចជា Land Rover, BMW, Lexus ឬ Audi ជាដើមជាមួយនឹងវត្តមានរបស់ Denza B8 ស៊េរីឆ្នាំ 2026 ដែលជាឡាន upper-large off-road plug-in-hybrid SUV របស់ខ្លួននៅទឹកដីប្រទេសអូស្ត្រាលី។
Denza B8 ឆ្នាំ 2026 គ្រោងនឹងមកដល់ក្នុងបន្ទប់តាំងបង្ហាញរបស់ក្រុមហ៊ុនក្នុងប្រទេសអូស្ត្រាលីនៅដើមឆ្នាំ 2026 ហើយនឹងចេញលក់ភ្លាមៗបន្ទាប់ពីម៉ូដែល Denza B5 ដែលមានទំហំតូចជាងប៉ុន្តែស្ថិតនៅលំដាប់កំពូលនៃផលិតផលរបស់ Denza និង BYD ក្នុងនាមជាម៉ូដែលធំបំផុតនិងថ្លៃបំផុតនៅទីផ្សារអូស្ត្រាលីរហូតមកទល់នឹងពេលបច្ចុប្បន្ន។

ទោះជាយ៉ាងណាតម្លៃសម្រាប់ Denza B8 ឆ្នាំ 2026 នៅមិនទាន់ដឹងនៅឡើយទេដោយលោក Mark Harland ប្រធានក្រុមហ៊ុន Denza Australia និង New Zealand បានបង្ហើបថាក្រុមហ៊ុនបាននឹងកំពុងសិក្សាពីតម្លៃរថយន្ត PHEV SUV ថ្មីនេះធ្វើយ៉ាងណាឲ្យមានតម្លៃសមរម្យតាមដែលអាចធ្វើទៅបានសម្រាប់អតិថិជន។លោក Harland បាននិយាយថាខ្ញុំចង់បានតម្លៃនោះ {គឺតម្លៃចាប់ផ្តើមពីក្រោម 10 ម៉ឺនដុល្លារ} ប៉ុន្តែខ្ញុំមិនអាចសន្យារឿងនោះបានទេព្រោះយើងមិនទាន់បានចរចា»។
ប្រធានក្រុមហ៊ុនរូបនេះបន្តថា «ដូច្នេះវាត្រូវតែមានប្រាក់ចំណេញតិចតួចសម្រាប់ Denza និងត្រូវតែមានប្រាក់ចំណេញខ្លះសម្រាប់អ្នកចែកចាយប៉ុន្តែខ្ញុំនឹងព្យាយាមចរចាតម្លៃឱ្យបានលឿនបំផុតសម្រាប់ពួកយើងជានិច្ច»។គេយល់ថា Denza B8 នឹងមិនអាចយកឈ្នះលើរថយន្ត LandCruiser 300 Series ដែលមានទំហំស្រដៀងគ្នានោះទេដោយសាររថយន្ត Toyota ចាប់ផ្តើមពី $97,990 តម្លៃចេញពីរោងចក្រសម្រាប់ម៉ូដែល GX ប៉ុន្តែការភ្ជាប់មកនូវបច្ចេកវិទ្យាកម្រិតខ្ពស់និងប្រព័ន្ធ Plug-in-hybrid របស់ Denza B8 នឹងជាចំណុចលក់ដ៏សំខាន់សម្រាប់អតិថិជនដែលមានសក្តានុពល។
Denza B8 2026 ឬ Fangchengbao 8 (ឈ្មោះហៅនៅចិន) ត្រូវបានផលិតឡើងដោយប្រើគ្រោងឆ្អឹងប្រភេទ ladder-frame chassis ដូចគ្នានឹង BYD Shark និង Denza B5 ដែរ។ B8 មានប្រវែងដងខ្លួន 5,180mm/ ទទឹង 1,994mm/ កំពស់ 1,905mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,900mm។ Denza B8 2026 មានទំហំធំជាង Toyota LandCruiser បន្តិចជាមួយជម្រើសម៉ូដែល 7-កៅអីនិង 6-កៅអី។
រថយន្ត SUV នេះមានទំងន់សរុប 3,290kg, អាចអូសសណ្តោងទំងន់បាន 3,500kg និង 700kg សម្រាប់បន្ទុកឃ្លប់គូទក្រោយ។សម្រាប់ប្រព័ន្ធបើកបរលើផ្លូវ off-road វិញ Denza B8 2026 មានភ្ជាប់មកជាមួយប្រព័ន្ធចាក់ប៉ុងមុខក្រោយ front and rear locking differential ជាមួយប្រព័ន្ធទប់លំនឹងជើងក្រោម adaptive suspension។

Denza B8 2026 ដំណើរការដោយប្រព័ន្ធម៉ាស៊ីន Hybrid ដែលមានទំហំធំដល់ 2.0-Liters ជាប្រភេទម៉ាស៊ីនសាំង។គូបផ្សំជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរនិងដំណើរការដោយប្រព័ន្ធ All-wheel-drive អាចផលិតកម្លាំងសរុបបាន 450kW និងកម្លាំងរមួល 760Nm។ចំពោះកញ្ចប់ថ្មីវិញ Denza B8 2026 គឺមានទំហំ 36.8kWh ដែលសាកភ្លើងពេញម្តងអាចបើកដោយប្រើថាមពលអគ្គិសនីសុទ្ធចម្ងាយ 90km ហើយបើប្រើគូបជាមួយម៉ាស៊ីនចាក់សាំងពេញម្តងអាចបើកបានចម្ងាយ 905km តាមការបញ្ជាក់ស្តង់ដារពី WLTC។
សម្រាប់លក្ខណៈពិសេសផ្សេងៗទៀតមានដូចជាអេក្រង់បង្ហាញព័ត៌មានទំហំ 12.3-inch, Speaker ចំនួន 16 គ្រាប់, ខាងក្នុងពាសដោយស្បែក Nappa leather, កញ្ចក់បង្អួចប្រភេទ Double-glazed windows, ប្រភេទទ្វារបឺត, ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេរួមនឹងអេក្រង់កម្សាន្តធំទំហំដល់ 17.3-inch អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto៕





