
កាលពីខែកញ្ញាកន្លងទៅនេះក្រុមហ៊ុន Apple បានប្រកាសចេញនូវ iPhone 17 Series នៅលើទីផ្សារហើយបើមើលទៅលើស្មាតហ្វូន iPhone 17 Pro ដែលបានបង្ហាញខ្លួនកន្លងមកគឺមានមកភ្ជាប់ជាមួយនឹងពណ៌ទឹកប្រាក់ទឹកក្រូចនិងខៀវ។យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះបានអោយដឹងថាក្រុមហ៊ុន Apple នឹងមានការបញ្ចេញនូវពណ៌ថ្មីបន្ថែមទៀតទៅលើ iPhone ដែលត្រៀមនឹងបញ្ចេញនៅឆ្នាំក្រោយ។បើតាមប្រភពចេញពីប្រទេសចិនថ្មីៗនេះបានទម្លាយចេញនូវពណ៌របស់ស្មាតហ្វូន iPhone 18 Pro ដែលនឹងប្រកាសជាផ្លូវការនៅក្នុងខែកញ្ញាឆ្នាំ 2026 ខាងមុខនេះហើយ។
ប្រភពខាងលើនេះបន្តថាសម្រាប់ពណ៌របស់ iPhone 18 Pro នេះនឹងមានជម្រើស 3 ពណ៌រួមមានដូចជាពណ៌ Coffee, Purple និង Burgundy។ដូច្នេះប្រសិនបើអ្នកចង់បានពណ៌ថ្មីបន្ថែមទៀតអ្នកត្រូវរង់ចាំដល់ឆ្នាំក្រោយ។តាមរយៈព័ត៌មានថ្មីនេះត្រូវបានគេនិយាយថាក្រុមហ៊ុន Apple អាចនឹងមិនបញ្ចេញនូវពណ៌ខ្មៅឬពណ៌សនោះទេ។ការផ្លាស់ប្តូរពណ៌ខាងលើនេះត្រូវបានគេមើលឃើញថាអាចនឹងក្លាយជាយុទ្ធសាស្រ្តថ្មីរបស់ក្រុមហ៊ុននៅក្នុងការប្រើប្រាស់ពណ៌ថ្មីនៅលើស្មាតហ្វូនរបស់ខ្លួន។

ផ្អែកទៅលើពាក្យចចាមអារ៉ាមជាច្រើននៃពណ៌ iPhone 18 Pro នេះទៅលើពណ៌ស្វាយគឺធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូន iPhone XR, iPhone 11, iPhone 12, iPhone 14 និង iPhone 14 Pro ជាដើម។ប៉ុន្តែសម្រាប់ពណ៌ថ្មី 'Coffee' ឬ 'Burgundy' យើងនៅមិនទាន់ធ្លាប់បានឃើញមាននៅលើ iPhone នៅឡើយទេ៕





