
Huawei Pura 80 Ultra គឺជាស្មាតហ្វូនថ្នាក់ប្រណិតមួយដែលបានបង្ហាញខ្លួនជាផ្លូវការណ៌ថ្មីៗនេះជាមួយនឹងកាមេរ៉ាកម្រិតខ្ពស់បំផុត។សម្រាប់ឆ្នាំក្រោយនេះស្មាតហ្វូនជំនាន់ថ្មី Pura 90 Ultra នឹងបន្តនៅក្នុងការផ្តល់នូវភាពភ្ញាក់ផ្អើលបន្ថែមទៀតសម្រាប់អ្នកគាំទ្ររបស់ខ្លួន។យោងតាមព័ត៌មានចុងក្រោយបំផុតបានអោយដឹងថាស្មាតហ្វូនស៊េរីថ្មីម៉ូដែល Ultra ថ្មីនេះនឹងមានការបំពាក់នូវកាមេរ៉ាគុណភាពកម្រិតខ្ពស់បំផុតទាំងនៅលើកាមេរ៉ាគោលនិងកាមេរ៉ា Periscope។
សូមជំរាបថាក្រុមហ៊ុន Samsung ក៏បានចាប់ផ្តើមទៅលើនិន្នាការថ្មីនេះជាយូរមកហើយតាមរយៈការប្រើប្រាស់នូវកាមេរ៉ាជាមួយនឹងមេហ្កាធំទៅលើស្មាតហ្វូនត្រកូល Note និង S Series របស់ខ្លួនជាមួយនឹងកាមេរ៉ាគោលទំហំ 200MP ប៉ុន្តែបើទោះបីជាផ្តល់នូវទំហំ MP ធំបែបនេះក៏ដោយនោះក្រុមហ៊ុន Samsung នៅមិនទាន់អាចធ្វើអោយអ្នកគាំទ្រមានការភ្ញាក់ផ្អើលនោះទេជាមួយនឹងស្មាតហ្វូន Galaxy S25 Ultra របស់ខ្លួននោះដែលបង្ហាញខ្លួនកាលពីឆ្នាំនេះ។

ថ្មីៗនេះក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនក៏បានចាប់ផ្តើមប្រកួតប្រជែងទៅលើនិន្នាការនៃការប្រើប្រាស់កាមេរ៉ាធំផងដែរ។ក្រុមហ៊ុន vivo ទើបតែប្រកាសបង្ហាញស្មាតហ្វូន vivo X300 Pro ដែលមានកាមេរ៉ាគោលទំហំ 50MP Zeiss និង 200MP super telephoto។កាមេរ៉ា Telephoto ក៏មានប្រើប្រាស់នូវសិនស័រ 1/1.4 អ៊ីងជាមួយនឹងកម្រិត f/2.67 aperture ហើយនិងបច្ចេកវិទ្យា CIPA 5.5 Professional-Grade Image Stabilization។សម្រាប់ក្រុមហ៊ុន Honor ទើបតែបញ្ចេញស្មាតហ្វូន Magic 8 Pro ដែលមានកាមេរ៉ា 200MP ultra-night telephoto lens ដែលប្រើប្រាស់នូវ 1/1.4 large sensor ជាមួយនឹង f/2.6 aperture, 100% focus pixels, 3.7x optical zoom និង 100X digital zoom ។
ក្រឡេកមកមើលស្មាតហ្វូន Pura flagship ជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei នេះវិញគឺនឹងមានការពង្រឹងទៅលើសមត្ថភាពកាមេរ៉ាកាន់តែប្រសើរជាងមុន។ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 90 Ultra នេះត្រូវបានកំពុងតែតេស្តជាមួយនឹងកាមេរ៉ាគោលទំហំ 200MP និង 200MP periscope telephoto ។សម្រាប់សេនស័រថ្មីនេះនឹងបង្កើនទៅលើសមត្ថភាពនៃការថតរូបភាពកាន់តែអស្ចារ្យបំផុត។បើមើលទៅលើស្មាតហ្វូន Huawei Pura 80 Ultra បច្ចុប្បន្ននេះគឺជាស្តេចនៅលើបញ្ជីនៃ DXOMARK ដែលយកឈ្នះទៅលើគូប្រជែងជាច្រើន។ស្មាតហ្វូននេះមានសេនស័រទំហំ 50MP 1-inch sensor ជាមួយនឹង high dynamic range និង physical variable aperture ថែមទៀត។

តាមការកត់សម្គាល់ពីអ្នកតាមដាននានាបានអោយដឹងថាក្រុមហ៊ុន Huawei អាចនឹងប្រើប្រាស់នូវកាមេរ៉ាទំហំ 200MP នៅលើស្មាតហ្វូន Pura 90 Ultra ដែលនឹងផ្តល់នូវបទពិសោធន៍ថ្មីគ្មានគូប្រៀបសម្រាប់អ្នកប្រើប្រាស់។ស្មាតហ្វូន Pura ថ្មីនេះអាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 1 ឆ្នាំ 2026 ខាងមុខនេះ៕





