ឡានអគ្គិសនីចំនួន 7 ម៉ូដែលខាងក្រោមនេះ ត្រូវបានគេរំពឹងថា នឹងមានវត្តមាននៅលើទីផ្សារនាពេលឆាប់ៗខាងមុខនេះ និងជាឡាន EV ដែលនឹងបន្ថែមកម្តៅទីផ្សារកាន់តែខ្លាំងនៅក្នុងទីផ្សារឡានអគ្គិសនីពិភពលោកផងដែរ។
1-Kia EV9 GT
ឡានអគ្គិសនី SUV ស៊េរីថ្មីរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ ត្រូវបានគេចាត់ថ្នាក់ជារថយន្ត SUV 7-កៅអី ដែលមានសន្ទុះល្បឿនលឿនបំផុតមួយលើលោក។ Kia EV9 GT បំពាក់ប្រព័ន្ធម៉ូទ័រអគ្គិសនីដែលមានសរុប 502bhp ដែលអាចជាន់ស្ទុះពី 0-60mph ប្រើពេល 4.6 វិនាទី ហើយជាពិសេសឡានអគ្គិសនីនេះបានដំណើរការដោយប្រអប់លេខ និងប្រព័ន្ធ Sound Engine ដូចគ្នានឹងម៉ូដែល Hyundai loniq 5 N ថែមទៀតផង។
2-BMW iX3
iX3 ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់មកជាមួយកញ្ចប់ថ្មដែលមានទំហំធំដល់ 108kWh សាកពេញម្តងអាចជិះបានចម្ងាយ 500 ម៉ាយល៍។ ឡានអគ្គិសនីស៊េរីថ្មីរបស់ BWM មួយនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីដែលមានកម្លាំងសរុប 464bhp និងកម្លាំងរមួល 479lb ft ដែលអាចជាន់ស្ទុះល្បឿនពី 0-60mph ចាយពេលប្រមាណ 4.9 វិនាទី ហើយអាចជាន់ល្បឿន Top Speed ដល់ 130mph។ iX3 នឹងជារថយន្តដំបូងរបស់ BMW ដែលគាំទ្រនូវប្រព័ន្ធ panoramic iDrive system របស់ក្រុមហ៊ុន។
3-Ranger Rover EV
ម៉ូដែលនេះនឹងក្លាយជាឡានអគ្គិសនីដំបូងគេនៃម៉ាក Ranger Rover បន្ទាប់ពីការបង្ហាញខ្លួនម៉ូដែល Jaguar I-Pace ដែលបានចេញលក់ដំបូងក្នុងឆ្នាំ 2018។ ឡានអគ្គិសនីស៊េរីថ្មីរបស់ចក្រភពអង់គ្លេសមួយនេះ នឹងបំពាក់កញ្ចប់ថ្មទំហំ 118kWh ទាញដំណើរការដោយម៉ូទ័រអគ្គិសនីភ្លោះមានកម្លាំងសរុប 542bhp និងកម្លាំងរមួល 627lb ft ហើយការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 300 ម៉ាយល៍។
4-Scout Traveller
Traveller ជាឡានអគ្គិសនីដំបូងរបស់ក្រុមហ៊ុនផលិតរថយន្តប្រភេទ 4x4 របស់អាមេរិក Scout Mototors ដែលត្រូវបានឧបត្តម្ថធនដោយសម្ព័ន្ធក្រុមហ៊ុន Volkswagen Group។ Scout Traveller នឹងក្លាយជាគូប្រជែងជាមួយ Land Rover Defender EV។ ឡាន EV ស៊េរីថ្មីនេះ ត្រូវបានផលិតដោយប្រើគ្រោងឆ្អឹងប្រភេទ body-on-frame platform គាំទ្រប្រព័ន្ធសាកភ្លើងកម្លាំង 800V electrical system ហើយនឹងប្រកញ្ចប់ថ្ម និងប្រព័ន្ធបច្ចេកវិទ្យាអគ្គិសនីរបស់ក្រុមហ៊ុន Magna របស់កាណាដា។
5-Toyota Land Cruiser EV
Toyota បានធ្វើការបង្ហាញនូវគំរូឡានអគ្គិសនីស៊េរីថ្មីរបស់ខ្លួននៅក្នុងព្រឹត្តិការ 2025 Tokyo Motor Show។ គំរូឡាន EV ថ្មីនេះ ត្រូវបានគេហៅថា Land Cruiser Se ដែលជាប្រភេទឡានអគ្គិសនី SUV កៅអី 3 ជួរ។ តាមការបង្ហើបពី Toyota ឲ្យដឹងថា Land Cruiser EV ជំនាន់ថ្មី នឹងបំពាក់កញ្ចប់ថ្មស្តើងស្លីមដែលមានសមត្ថភាពអាចជិះបានចម្ងាយ 621 ម៉ាយល៍នៅពេលសាកពេញម្តង ជាមួយនឹងបច្ចេកវិទ្យាថ្មកម្រិតខ្ពស់ហៅថា energy-dense lithium-ion technology។
6-Bentley EV
ឡានអគ្គិសនីដំបូងរបស់ Bentley ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមានក្នុងឆ្នាំ 2026 ហើយនិងចេញលក់នៅដើមឆ្នាំ 2027។ ឡាន SUV EV ដំបូងរបស់ក្រុមហ៊ុនផលិតរថយន្តអង់គ្លេសមួយនេះអាចនឹងមានប្រវែងខ្លីជាង 5 ម៉ែត្រ ហើយនិងមានជម្រើសប្រើម៉ូទ័រអគ្គិសនីពីរ និងបួន ជាមួយកម្លាំង 400bhp និង 800bhp ព្រមជាមួយកញ្ចប់ថ្មទំហំ 108kWh គាំទ្រកម្លាំងសាកភ្លើងល្បឿនលឿន 400kW ដែលសាកពេញម្តងអាចជិះបានចម្ងាយ 600km។
7-Toyota BZ4X Touring
ជាមួយម៉ូដែលថ្មីរបស់ BZ4X ដែលប្រើប្រព័ន្ធគ្រោងឆ្អឹង e-TNGA platform ដូចគ្នា ប៉ុន្តែអាចនឹងពន្លាតបណ្តោយវែងជាងប្រមាណ 140mm និងកំពស់ខ្ពស់ជាង 20mm ហើយនិងផ្ទុកទំងន់បានធ្ងន់ជាង 148 លីត្រធៀបនឹង BZ4X បច្ចុប្បន្ន។ BZ4X Touring នឹងបំពាក់ម៉ូទ័រអគ្គិសនីកម្លាំង 376bhp ខ្លាំងជាង BZ4X ស្តង់ដារដែលមានកម្លាំង 338bhp។ ជាមួយគ្នានេះ ក៏មានការរំពឹងទុកថា Toyota ក៏នឹងមានម៉ូដែល BZ4X Touring ដែលប្រើម៉ូទ័រមួយកម្លាំង 221bhp ផងដែរ៕