
នៅថ្ងៃនេះ Leapmotor បានប្រកាសថានឹងមានការដាក់អោយ pre-sales ទៅលើម៉ូដែល Lafa 5 ដែលជាឡានអគ្គិសនីស៊េរីថ្មីឌីស្សាញផ្តោតខ្លាំងទៅយុវវ័យនៅលើទីផ្សារប្រទេសចិននាថ្ងៃទី 7 ខែវិច្ឆិកាខាងមុខនេះហើយ។យោងតាមការបញ្ជាក់ពីក្រុមហ៊ុននេះដែលបង្ហោះនៅលើ Weibo បានអោយដឹងថាសព្រឹត្តិការណ៍នៃការប្រកាសលក់មុនទៅលើម៉ូដែលថ្មីនេះនឹងធ្វើឡើងនៅទីក្រុងប៉េកាំងម៉ោង 7:00pm។
សូមជំរាបថា Lafa 5 គឺបានបង្ហាញវត្តមាននៅលើទីផ្សារសកលនាព្រឹត្តិការណ៌ IAA Mobility នៅក្រុង Munich ប្រទេសអាល្លឺម៉ង់កាលពីដើមខែកញ្ញាកន្លងទៅហើយថែមទាំងមានការប្រកាសអោយមានការបញ្ជាទិញមុននៅទីផ្សារប្រទេសចិនផងដែរប៉ុន្តែមិនទាន់មានការបញ្ជាក់ពីតម្លៃនិងព័ត៌មានទូទៅនោះទេ។យោងតាមការបញ្ជាក់ពីLeapmotorកន្លងមកធ្លាប់បានបង្ហើបថា Lafa 5 អាចនឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេសចិននាត្រីមាសទី 4 ខាងមុខនេះហើយនឹងប្រគល់ឡាននេះនៅត្រីមាសដំបូងឆ្នាំ 2026។

ក្រុមហ៊ុននេះបន្តថាសម្រាប់ការដាក់លក់នៅលើទីផ្សារសកលក៏អាចនឹងធ្វើឡើងនៅដើមឆ្នាំ 2026 ខាងមុខនេះដូចគ្នា។សម្រាប់ព័ត៌មានទូទៅរបស់ឡាន Lafa 5 នេះត្រូវបានគេរំពឹងថានឹងមានការបញ្ជាក់នៅថ្ងៃទី 7 ខែវិច្ឆិកាខាងមុខហើយ។សូមជំរាបថាLafa 5 ថ្មីនេះគឺមានការឌីស្សាញបែប sporty hatchback ចេញពីក្រុមការងាររបស់Stellantisនៅតំបន់អឺរ៉ុប។តាមការបញ្ជាក់ពីក្រុមហ៊ុននេះបាននិយាយថាការនាំមកនូវម៉ូដែលថ្មីLafa 5 គឺមានគោលដៅផ្តោតលើអ្នកប្រើប្រាស់ជាយុវវ័យនៅទូទាំងពិភពលោកដែមានក្តីសុបិន្ត "Dream Car" ចង់បានឡានដែលខ្លួនពេញចិត្ត។
Lafa 5 ត្រូវបានគេមើលឃើញថាមានប្រវែង 4,430mm ទទឹង 1,880mm កំពស់ 1,520mm និងមានគម្លាតកង់មុខក្រោយប្រវែង 2,735mm។សម្រាប់ម៉ួដែលនេះគឺនឹងក្លាយជាគូរប្រជែងរបស់ Volkswagen ID.3, SAIC MG4, BYD Dolphin និង Ni Firefly EV។Lafa 5 ប្រើប្រាស់ម៉ូទ័រមួយកម្លាំង 160 kW (215 សេះ) និងមានការទ្រទ្រង់នូវសិនស័រ LiDAR ទៀតផង។

ទាក់ទងជាមួយនិងការលក់រថយន្តរបស់Leapmotorនេះដែរកាលពីខែកញ្ញានេះក្រុមហ៊ុននេះលក់រថយន្តរបស់ខ្លួនបាន 66,657 គ្រឿងដែលជាចំនួនខ្ពស់បំផុតហើយបើគិតចាប់ពីខែមករាមកដល់ខែកញ្ញាក្រុមហ៊ុននេះបាននាំចេញឡានរបស់ខ្លួនបាន 395,516 គ្រឿងដែលមានការកើនឡើង 128.81% ប្រៀបធៀបជាមួយនិងឆ្នាំមុន។





