
Porsche គឺជាម៉ាករថយន្តប្រណិតបំផុតមួយដែលជ្រកក្រោមដំបូលសម្ព័ន្ធក្រុមហ៊ុន Volkswagen Group របស់ប្រទេសអាល្លឺម៉ង់។ថ្មីៗនេះបើតាមប្រភពព័ត៌មានចេញពីកូរ៉េខាងត្បូងបានទម្លាយថា Porsche ត្រៀមបញ្ចេញរថយន្តអគ្គិសនីសុទ្ធស្ថិតក្នុងម៉ូដែល Cayenne ដែលនៅកូរ៉េខាងត្បូងត្រូវបានគេស្គាល់ថា “Gangnam Santa Fe” នៅចុងឆ្នាំ 2025 នេះ។ហើយឡានអគ្គិសនីស៊េរីថ្មីចេញពីម៉ាកប្រណិតមួយនេះត្រូវបានគេព្យាករណ៍ថានឹងមានចេញលក់នៅទីផ្សារក្នុងប្រទេសកូរ៉េខាងត្បូងនៅដើមឆ្នាំ 2026។
ដោយនៅមុនពេលមកដល់ផ្លូវការណ៍របស់ Cayenne EV ថ្មីក្រុមហ៊ុន Porsche ថ្មីៗនេះបានធ្វើការតម្លាយចេញពីលក្ខណៈលម្អិតមួយចំនួនរបស់ឡានអគ្គិសនីស៊េរីថ្មីនេះផងដែរ។មួយវិញទៀត Porsche Cayenne ត្រូវបានអ្នកស្រុកកូរ៉េខាងត្បូងផ្តល់រហ័សនាមឲ្យថា “ឡានស្ត្រីមេផ្ទះឬ Gangnam Hosewife”។
យោងថាការលើកឡើងពី Porsche បានឲ្យដឹងថា Cayenne Electric ត្រូវបានផលិតឡើងដោយប្រើប្រាស់ទម្រង់ប្រព័ន្ធគ្រោងឆ្អឹងឡានអគ្គិសនីជំនាន់ចុងក្រោយឬ next-generation electric vehicle platform ដែលមានភ្ជាប់មកជាមួយកញ្ចប់ថ្មទំហំ 113kWh ប្រភេទ high-voltage nickel-manganese-cobalt-aluminum (NMCA) battery ដែលមានកម្រិតដង់ស៊ីតេខ្ពស់ជាងប្រមាណ 7% បើធៀបនឹងកញ្ចប់ថ្មនៅលើម៉ូដែល Taycan។ Porsche បានបញ្ជាក់ទៀតថាទៅលើការធ្វើតេស្តស្តង់ដារផ្តល់ពីក្រុមហ៊ុនកញ្ចប់ថ្ម Cayenne Electric សាកភ្លើងពេញម្តងអាចជិះបានដល់ចម្ងាយ 563km។
Porsche Cayenne Electric គឺជារថយន្តអគ្គិសនីសុទ្ធដំបូងគេរបស់ Porsche ដែលប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹងជំនាន់ថ្មី។ជាពិសេសជានេះទៅទៀត Cayenne Electric ក៏មានបំពាក់នូវប្រព័ន្ធសារធាតុត្រជាក់បន្សាបកំដៅ internal cooling performance ដែលផ្តល់នូវកម្រិតត្រជាក់ស្មើរនឹងទូរទឹកកកចំនួន 100 គ្រឿងការពារការឡើងកម្តៅថ្មបានយ៉ាងល្អបំផុត។ជាងនេះទៀត Porsche Cayenne Electric ស៊េរីថ្មីក៏គាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដែលសាកពី 10% ទៅ 80% ប្រើពេល 15 នាទីប៉ុណ្ណោះ។

ក្នុងឆ្នាំ 2026 ខាងមុខនេះក្រុមហ៊ុន Porsche ត្រូវបានគេរាយការណ៍ថានឹងមានការណែនាំបង្ហាញនូវប្រព័ន្ធសាកថ្មរថយន្តឥតខ្សែដំបូងរបស់ខ្លួន “Porsche Wireless Charging” ក្នុងពេលនៃការប្រកាសចេញ Cayenne Electric ផងដែរ។ប្រព័ន្ធ Porsche Wireless Charging នឹងធ្វើការបញ្ចូលថាមពលទៅថ្មនៅពេលដែលរថយន្តចតលើឧបករណ៍សាកដែលដំឡើងនៅលើកម្រាលឥដ្ឋហើយធ្វើការដាក់ហ្វ្រាំងចតដែលត្រូវបានភ្ជាប់។ទោះជាយ៉ាងណានៅមិនទាន់មានព័ត៌មានលម្អិតពីប្រព័ន្ធដ៏ស្មុគស្មាញនេះមិនទាន់ត្រូវបានទម្លាយចេញលម្អិតនៅឡើយទេ៕





