
MG គឺជាម៉ាកយីហោរថយន្តដែលស្ថិតនៅក្រោមសម្ព័ន្ធក្រុមហ៊ុនផលិតរថយន្តចិន SAIC បានក្លាយជាក្រុមហ៊ុនផលិតរថយន្តចិនដំបូងគេដែលលក់រថយន្តបានចំនួនជាង 1 លានគ្រឿងនៅទីផ្សារអឺរ៉ុប និងចក្រភពអង់គ្លេស។ MG ជាក្រុមហ៊ុនផលិតរថយន្តដែលមានដើមកំណើតនៅចក្រភពអង់គ្លេស និងត្រូវបានលក់ទៅឲ្យក្រុមហ៊ុន Nanjing Automotive Corporation ក្នុងឆ្នាំ 2005។ ក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់ចិន SAIC បានទិញយកក្រុមហ៊ុន Nanjing Automotive Corporation ក្នុងឆ្នាំ 2007។
ក្នុងឆ្នាំ 2025 កន្លងទៅ MG លក់រថយន្តបានចំនួនច្រើនជាង 300,000 គ្រឿង នៅទីផ្សារអឺរ៉ុប និងចក្រភពអង់គ្លេស ដែលក្នុងនោះនៅទីផ្សារអង់គ្លេសលក់បានចំនួនជាង 85,000 គ្រឿង ដែលធ្វើឲ្យការលក់ប្រចាំឆ្នាំមានការកើនឡើងជិត 30% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ និងជាឆ្នាំទី 11 ដែល MG បានជាប់ជាក្រុមហ៊ុនលក់រថយន្តដាច់បំផុតនៅទីផ្សារអឺរ៉ុប។ បច្ចុប្បន្ននេះ MG ក៏ជាប់នៅចំណាត់ថ្នាក់លេខ 16 នៅក្នុងទីផ្សារអឺរ៉ុប និងចក្រភពអង់គ្លេសទាំងមូល ដែលធ្វើឱ្យក្រុមហ៊ុននេះ ក្លាយជាម៉ាកយីហោរថយន្តចិនតែមួយគត់ដែលចូលទៅក្នុងតារាងកំពូលទាំង 20 នៃក្រុមហ៊ុនលក់រថយន្តដាច់បំផុត របស់ពិភពលោក។

នៅឆ្នាំ 2025 ដដែល MG លក់រថយន្តប្រភេទ Hybrid Series បានចំនួន 137,000 គ្រឿង កើនឡើងប្រចាំឆ្នាំដល់ 300% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែរការលក់រថយន្តអគ្គិសនីសុទ្ធ គឺមានចំនួន 46,000 គ្រឿង។ នៅពាកកណ្តាលឆ្នាំ 2025, MG បានជាប់ជាក្រុមហ៊ុនឡានចិនដែលលក់រថយន្តដាច់បំផុតនៅទីផ្សារអឺរ៉ុបដោយលក់បានចំនួន 153,000 គ្រឿង នាំមុខក្រុមហ៊ុនអគ្គិសនីអាមេរិក Tesla ជាលើកដំបូង នេះបើតាមរបាយការណ៍ពីស្ថាប័ន European Automobile Manufacturers’ Association ហៅកាត់ថា “ACEA”។

បើក្រឡេកទៅមើលទិន្នន័យការលក់រថយន្តរបស់ MG នៅទីផ្សារអឺរ៉ុបក្នុងឆ្នាំ 2021 គឺលក់បានចំនួន 50,000 គ្រឿង, ចូលដល់ឆ្នាំ 2022 ក្រុមហ៊ុននេះ បានក្លាយជាក្រុមហ៊ុនផលិតរថយន្តចិនដំបូងគេនៅទីផ្សារអឺរ៉ុបដែលលក់បានចំនួនលើសពី 100,000 គ្រឿង និងនៅឆ្នាំ 2023 ការលក់បានកើនឡើងដល់ 200,000 គ្រឿង។
រហូតមកដល់ពេលបច្ចុប្បន្ន ការលក់សរុបរបស់ MG នៅក្នុងប្រទេសអ៊ីតាលី អេស្ប៉ាញ និងបារាំង គឺបានលើសពី 100,000 គ្រឿង។ ចក្រភពអង់គ្លេស គឺជាទីផ្សារធំបំផុតរបស់ម៉ាកយីហោរថយន្ត MG ដោយក្រុមហ៊ុនលក់រថយន្តសរុបបានជាង 370,000 គ្រឿង ហើយក្នុងនោះការលក់រថយន្តអគ្គិសនីសុទ្ធក្នុងទីផ្សារអង់គ្លេស គឺបានចំនួនលើសពី 100,000 គ្រឿង។ ដោយឡែកក្នុងខែមករា ឆ្នា 2026 ក្រុមហ៊ុន MG បាននាំចេញរថយន្តសរុបបានចំនួន 26,000 គ្រឿង នៅទីផ្សារអឺរ៉ុប ដែលតំណាងឲ្យការកើនឡើងនៃការលក់ប្រចាំឆ្នាំ 15% ពីមួយឆ្នាំទៅមួយឆ្នាំ៕





