
ក្រុមហ៊ុន Geely ត្រៀមធ្វើការប្រកាសចេញឡាន Plug-in-hybrid sedan ម៉ូដែល Galaxy Starshine 6 ថ្មីដែលបំពាក់កញ្ចប់ថ្មធំជាងម៉ូដែលមុន និងអាចបើកបរដោយប្រើប្រាស់អគ្គិសនីសុទ្ធបានចម្ងាយឆ្ងាយជាងមុន។ Galaxy Starshine 6 PHEV នៅតែរក្សាការប្រើប្រាស់ម៉ាស៊ីន Plug-in-hybrid សាំងចំនុះ 1.5-liter កម្លាំង 110 សេះ ដែលប្រើនៅលើម៉ូដែលមុនដដែល គ្រាន់តែបានបង្កើនទំហំកញ្ចប់ថ្មធំជាងមុនជាមួយទំហំ 28.3kWh ដែលសាកភ្លើងពេញម្តងអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 170km បានឆ្ងាយជាងម៉ូដែលមុនប្រមាណ 45km។
ឡាន PHEV sedan ម៉ូដែលថ្មីនេះមានតួរខ្លួនប្រវែង 4,806mm/ ទទឹង 1,886mm/ កម្ពស់ 1,490mm ជាមួយគម្លាតកង់មុខទៅកង់ក្រោយ 2,756mm និងទំងន់សរុប 1,625kg។ ចំពោះការឌីស្សាញរូបរាងខាងក្រៅរបស់ Galaxy Starshine 6 PHEV ម៉ូដែលថ្មី គឺនៅរក្សាទម្រង់ដូចគ្នានឹងម៉ូដែលមុនដែរ។ ទោះជាយ៉ាងណាមិនមានការបញ្ជាក់ពីកម្លាំងម៉ូទ័រដែលប្រើនៅលើម៉ូដែលថ្មីនោះទេ។ បច្ចុប្បន្ននេះ Geely បានចេញលក់ម៉ូដែល Galaxy Starshine 6 PHEV ជាមួយជម្រើសកញ្ចប់ថ្ម Lithium-iron- phosphate ទំហំ 8.5kWh និង 17kWh ដែលអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 60km និង 125km តាមជម្រើសទំហំថ្មរៀងៗគ្នា។

Geely Galaxy Starshine 6 PHEV បច្ចុប្បន្នដំណើរការដោយប្រព័ន្ធ EM-i NordThor Hybrid 2.0 systemគាំទ្រដោយម៉ាស៊ីន 1.5-liter កម្លាំង 110 សេះ និងម៉ូទ័រអគ្គិសនីខាងមុខមួយមានកម្លាំង 161 សេះ ដែលភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខ E-DHT។ Galaxy Starshine 6 PHEV មានជម្រើស 7 ម៉ូដែលផ្សេងគ្នាជាមួយតម្លៃចាប់ពីខ្ទង់ $10,800 ទៅ $15,300 នៅទីផ្សារប្រទេសចិន។ ហើយចាប់តាំងពីថ្ងៃប្រកាសចេញលក់កាលពីខែតុលា ឆ្នាំ 2025, Galaxy Starshine 6 PHEV លក់បានចំនួន 1,532 គ្រឿងក្នុងខែដំបូង និងលក់បានចំនួន 6,433 គ្រឿងនៅក្នុងខែវិច្ឆិកា ហើយលក់បានចំនួន 8,708 គ្រឿងនៅក្នុងខែធ្នូ។

ទន្ទឹងនឹងនេះ ម៉ូដែលថ្មីរបស់ Galaxy Starshine 6 PHEV ដែលប្រើប្រាស់នូវប្រព័ន្ធ Methanol Plug-in-hybrid ត្រូវបានបង្ហាញនៅលើការចុះបញ្ជីរបស់ស្ថាប័ន MIIT កាលពីដើមខែកុម្ភៈ ឆ្នាំ 2026។ នៅលើបញ្ចីរបស់ MIIT បង្ហាញឲ្យឃើញថា ម៉ូដែលថ្មីនេះ មានបំពាក់ដោយម៉ាស៊ីន 1.5-liter អាចផលិតកម្លាំងបាន 125 សេះ និងបំពាក់នូវកញ្ចប់ថ្ម Lithium-iron-Phosphate ថែមទៀតផង។ ទោះជាយ៉ាងណាសម្រាប់តម្លៃ និងកាលបរិច្ឆេទប្រកាសចេញលក់ផ្លូវការណ៍របស់ Galaxy Starshine 6 PHEV ម៉ូដែលថ្មី Geely មិនទាន់បានបញ្ជាក់នៅឡើយទេក្នុងពេលនេះ៕






