GoPro គឺជាក្រុមហ៊ុនផលិតកាមេរ៉ាដ៏ល្បីល្បាញមួយរបស់អាមេរិកដែលបានបង្កើតឡើងក្នុងឆ្នាំ 2002 ដែលមានលោក Nick Woodman ជាស្ថាបនិក។ ក្រុមហ៊ុនមួយនេះទទួលបានការគាំទ្រនិងភាពល្បីល្បាញខ្លាំងក្នុងទីផ្សារកាមេរ៉ាយ៉ាងឆាប់រហ័សជាមួយនឹងការផលិតកាមេរ៉ាថតរូបដែលមានរូបរាងប្លែក សមត្ថភាពថតរូបមិនធម្មតា និងបង្កើតកម្មវិធីសម្រាប់ថតរូបដោយខ្លួនឯងផ្ទាល់តែម្តង។ ហើយកាមេរ៉ា GoPro ជាច្រើនបាននឹងកំពុងវាយលុកទីផ្សារនៅទូទាំងសកលលោកក្នុងពេលបច្ចុប្បន្ន។ បន្ថែមពីលើឧស្សាហកម្មផលិតកាមេរ៉ាកាលពីឆ្នាំ 2016 ក្រុមហ៊ុន GoPro បានហក់ចូលប្រឡូកក្នុងទីផ្សារកូនយន្តហោះប្រើតេលេបញ្ជា ឬហៅថា Drone ហើយជាលទ្ធផលយន្តហោះ Drone ដំបូងរបស់ពួកគេបានបង្ហាញវត្តមានជាផ្លូវការណ៍លើទីផ្សារដែលមានឈ្មោះថា GoPro Karma Drone ព្រមទាំងទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ឧបករណ៍មួយនេះ។
ប៉ុន្តែជាអកុសល Karma Drone ដំបូងរបស់ GoPro ត្រូវបានប្រមូលមកវិញដោយសារតែជូបបញ្ហាថ្មក្រោយពីលក់បាន 2,500 លានគ្រឿងដែលជាហេតុធ្វើឲ្យក្រុមហ៊ុនទទួលការខាតបង់ទឹកប្រាក់ប្រមាណ 116 លានដុល្លារអាមេរិក។ បើទោះបីជាជូបបញ្ហាធំបែបនេះក្តីក៏ GoPro នៅតែបន្តបង្កើតផលិតថ្មីៗដើម្បីវាយលុកទីផ្សារក្នុងឆ្នាំ 2017 នេះដដែលគឺមិនរាថយឡើយ។ លោក Nick Woodman នាយកប្រតិបត្តិ និងជាស្ថាបនិក GoPro បានបញ្ជាក់យ៉ាងខ្លីថាកាមេរ៉ាជំនាន់ថ្មីរបស់ GoPro ម៉ូដែល Hero 6 នឹងបង្ហាញវត្តមាននៅថ្ងៃណាមួយក្នុងឆ្នាំ 2017 ឆាប់ៗនេះ។
នាយកប្រិតបត្តិរូបនេះមិនបានបញ្ជាក់ពីលក្ខណះសម្បត្តិ និងគុណសម្បត្តិនៃកាមេរ៉ាជំនាន់ថ្មី Hero 6 នេះនោះទេ។ ដែលវាជាទំលាប់របស់ GoPro ទៅហើយដោយក្រុមហ៊ុនបានកំនត់រយះពេលមួយឆ្នាំ ឬក៏ពីរឆ្នាំទើបប្រកាសចេញកាមេរ៉ាជំនាន់ថ្មីរបស់ខ្លួនមួយគ្រឿងមួយស៊េរី។ ដូចនេះចាំមើលថាកាមេរ៉ា GoPro Hero 6 ជំនាន់ថ្មីមានចំនុចខ្លាំងៗអ្វីខ្លះសម្រាប់ទាក់ចិត្តអ្នកប្រើប្រាស់នៅពេលវាបានបង្ហាញវត្តមានជាផ្លូវការណ៍៕