ក្រុមហ៊ុន LG បានទិញយកក្រុមហ៊ុន Hi-Fi Sound សម្រាប់ប្រើប្រាស់នូវប្រព័ន្ធ B&O “Friend” Module ទៅកាន់ស្មាតហ្វូន LG G5 ខណៈពេលដែលស្មាតហ្វូន LG V20 បានប្រើប្រាស់នូវប្រព័ន្ធ Quad DAC 32-bit ភ្ជាប់ជាមួយនឹងកាសស្តាប់ B&O ដែលផ្តល់នូវគុណភាពសំឡេងដ៏ទាក់ទាញ។ ការប្រើប្រាស់នូវប្រព័ន្ធសំឡេង Quad DAC នឹងបន្តរដាក់ឱ្យដំណើរការនៅលើស្មាតហ្វូន LG G6 ដែលមានសមត្ថភាពក្នុងការផលិតនូវគុណភាពសំឡេងបានច្បាស់បំផុតគ្មានការរំខានអ្វីពីខាងក្រៅនោះទេ។
ប្រព័ន្ធសំឡេង Quad DAC 32-bit នេះមានសមត្ថភាពក្នុងការគ្រប់គ្រងទៅលើផ្នែកខាងឆ្វេង និងខាងស្តាំដាច់ៗពីគ្នាប៉ុន្តែវារក្សានូវតុល្យភាពនៃគុណភាពសំឡេង នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុននៅថ្ងៃច័ន្ទនេះ។ អ្វីដែលកាន់តែពិសេសជាងនេះទៀត ប្រព័ន្ធ DAC ថ្មីនេះប្រើប្រាស់នូវខ្សែសៀគ្វីដែលកាត់បន្ថយនូវការបាត់បង់នៃគុណភាពសំឡេងនៅក្នុងកម្រិតទាបបំផុតត្រឹមតែ 0.0002% ប៉ុណ្ណោះ។
ការប្រើប្រាស់នូវ Quad DAC របស់ក្រុមហ៊ុន LG ដែលមានន័យថាការប្រើប្រាស់នូវ DAC ចំនួន 4 គ្រាប់នៅលើបន្ទះឈីបតែមួយអាចកាត់បន្ថយនូវសំឡេងរំខានបានដល់ទៅ 50% ។ ប្រសិនបើស្មាតហ្វូន LG V20 ជាស្មាតហ្វូនដែលបានប្រើប្រាស់នូវបន្ទះឈីបថ្មីនេះ ស្មាតហ្វូនបន្តរដែលប្រើប្រាស់នូវបន្ទះឈីបនេះគឺ LG G6 ដែលមានសមត្ថភាពកាន់តែអស្ចារ្យនៅក្នុងផ្តល់នូវគុណភាពសំឡេងបានច្បាស់បំផុតតាមរយៈកាសស្តាប់។ ក្រុមហ៊ុន LG ត្រូវបានគេរំពឹងថានឹងធ្វើការដាក់បង្ហាញនូវស្មាតហ្វូន LG G6 ជាផ្លូវការនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ MWC នៅទីក្រុងបាសេឡូណានៅចុងខែកុម្ភៈនេះ។ សូមកុំភ្លេចតាមដានព័ត៌មាននេះជាបន្តរទៀត!