ក្រុមហ៊ុន Xiaomi Global ថ្មីៗនេះ មានប្រកាសតែងតាំងលោក Manu Kurma Jain ដែលជានាយកចាក់ការទូទៅផ្នែកប្រតិបត្តិការស្មាតហ្វូនប្រចាំប្រទេសឥណ្ឌា ឲ្យទៅកាន់តំណែងជាអគ្គនាយករងទីផ្សារសកលរបស់ក្រុមហ៊ុន (Global Vice President) ជំនូសលោក Hugo Barra ដែលបានលាឈប់កាលពីខែមុន។ លោក Jian បានកាន់តំណែងជានាយកប្រតិបត្តិការស្មាតហ្វូនរបស់ Xiaomi ចាប់តាំងពីថ្ងៃ ដែលស្លាកសញ្ញាស្មាតហ្វូនរបស់ចិនមួយនេះ បានបើកហាងលក់របស់ខ្លួននៅទីផ្សារប្រទេសឥណ្ឌាកាលពីឆ្នាំ 2014 មកម្ល៉េះ។
ក្រៅតែពីទទួលបានតំណែងជាអគ្គនាយករងប្រតិបត្តិការស្មាតហ្វូននៅលើទីផ្សាសកលហើយ លោក Jian ក៏នៅតែបន្តជាការងារជានាយកគ្រប់គ្រងទូទៅសម្រាប់ប្រតិបត្តិការស្មាតហ្វូនក្នុងប្រទេសឥណ្ឌាដដែល។ ក្រោមការដឹកនាំរបស់លោក Jian បានធ្វើឲ្យស្លាកសញ្ញាស្មាតហ្វូនរបស់ចិនមួយនេះ ទទួលបានប្រជាប្រិយភាពខ្លាំងក្លាបំផុតរហូតទទួលបានទីផ្សារជួរមុខគេសម្រាប់ការលក់នៅលើបណ្តាញអនឡាញ និងឈរនៅលំដាប់ទីពីរសម្រាប់ការលក់តាមហាងចែកចាយបន្ត។ ហើយការពីពេលថ្មីៗនេះ Xiaomi ទើបតែបានប្រកាសថា ក្រុមហ៊ុនបានលក់ស្មាតហ្វូនម៉ូដែល Xiaomi Redmi 3s បានរហូតដល់ទៅ 3 លានគ្រឿងក្នុងទីផ្សារប្រទេសឥណ្ឌាក្នុងរយះពេលមិនដល់ 6 ខែផង។
ដោយឡែកក្នុងត្រីមាសទីបួនឆ្នាំ 2016 ក្រុមហ៊ុន Xiaomi បានគ្រងតំណែងលេខ 2 ក្នុងទីផ្សារស្មាតហ្វូនប្រទេសឥណ្ឌាទៀតផង។ សូមបញ្ជាក់ថា Xiaomi បានប្រកាសការតែងតាំងលោក Manu Kumar Jain ជាអគ្គនាយរងទីផ្សារសកលនេះនៅលើបណ្តាញវ៉ិបសាយផ្លូវការណ៍របស់ក្រុមហ៊ុនរួចហើយ បើទោះបីជាមិនទាន់ប្រកាសឲ្យចូលកាន់តួនាទីជាផ្លូវការណ៍ក៏ដោយ៕