2017 គឺជាឆ្នាំដ៏ធំមួយសម្រាប់ក្រុមហ៊ុន Apple និងអ្នកគាំទ្រទាំងអស់ ព្រោះវាជាខួបអនុស្សាវរីយ៍គម្រប់ 10 ឆ្នាំរបស់ទូរស័ព្ទ iPhone។ ដោយសារតែហេតុផលនេះ ហើយ អ្នកគាំទ្ររបស់ក្រុមហ៊ុន Apple ជឿជាក់ថា ពួកគេនឹងទទួលបាននូវផលិតផលបច្ចេកវិទ្យាថ្មីមួយ ដែលពួកគេ នឹកស្មានមិនដល់នាពេលខាងមុខនេះ។ អ្នកគាំទ្រមួយចំនួនគិតថា ក្រុមហ៊ុន Apple នឹងបញ្ចេញនូវទូរស័ព្ទ iPhone 7s ដែលមានអេក្រង់ទំហំ 4.7 អ៊ីង ទូរស័ព្ទ iPhone 7s Plus ដែលមានអេក្រង់ 5.5 អ៊ីង និងទូរស័ព្ទ iPhone 8 (អ្នកខ្លះហៅថា iPhone X) ដែលមានអេក្រង់ទំហំ 5.8 អ៊ីង ដែលប្រើប្រាស់នូវអេក្រង់ប្រភេទ OLED។
ពាក្យចចាមអារ៉ាមមួយចំនួន បានបញ្ជាក់ថា ទូរស័ព្ទ iPhone X មានការរចនារូបរាងកាន់តែប្លែកជាមួយនឹងអេក្រង់គែមសងខាងកោង (Edge-to-Edge Display) កញ្ចក់អេក្រង់ OLED ហើយវាមិនមានប៊ូតុងនៅសងខាងទូរស័ព្ទនោះទេ។ បន្ថែមពីនេះទៅទៀត វាប្រើប្រាស់នូវបច្ចេកវិទ្យា Touch-sensitive និង 3D-Sensig Tech ដែលមានសមត្ថភាពក្នុងការប្រើប្រាស់មុខងារ Face Recognition បានទៀតផង។
ព័ត៌មានថ្មីមួយទៀតដែលបានចេញផ្សាយនៅថ្ងៃនេះ បានបញ្ជាក់ថា នៅក្នុងគម្រោងរបស់ក្រុមហ៊ុន Apple សម្រាប់គម្រប់ខួប 10 ឆ្នាំនៃការផលិតទូរស័ព្ទ iPhone របស់ខ្លួន តម្លៃរបស់ទូរស័ព្ទថ្មីនេះ អាចខ្ពស់ជាង 1000 ដុល្លារអាមេរិច។ សម្រាប់ទូរស័ព្ទ iPhone 7 Plus គឺមានតម្លៃដល់ទៅ 969 ដុល្លារទៅហើយ ហេតុដូចនេះវត្តមានរបស់ iPhone ជំនាន់ក្រោយនេះពិតជាមានតម្លៃច្រើនជាងនេះ។ ប្រភពព័ត៌មាននេះបន្ថែមថា ការផ្លាស់ប្តូរទៅប្រើប្រាស់នូវបន្ទះអេក្រង់ប្រភេទ OLED ទើបជាហេតុផលធ្វើឱ្យតម្លៃរបស់ទូរស័ព្ទ iPhone មានការកើនឡើងខ្ពស់ជាងការប្រើប្រាស់នូវបន្ទះអេក្រង់ LCDs ដែលក្រុមហ៊ុន Apple កំពុងតែប្រើប្រាស់នាពេលបច្ចុប្បន្ន៕