បន្ទាប់ពីស្មាតហ្វូនត្រកូល X ទាំង 3 របស់ខ្លួន ទទួលបានជោគជ័យនាពេលកន្លងមក ជាពិសេសគឺជោគជ័យនៅលើទឹកដីអឺរ៉ុបតែម្តងនោះ ក្រុមហ៊ុន Sony ក៏មិនបង្អង់យូរនូវក្នុងការរៀបបញ្ចេញសមាជិកថ្មីរបស់គ្រួសារត្រកូល X ដែលកាន់តែមានភាពទាក់ទាញ ជាពិសេសគឺកាមេរ៉ាតែម្តង ដែលសមាជិកថ្មីនោះមានឈ្មោះថា Sony Xperia XA Ultra ។
សមាជិកថ្មីនេះនឹងអាចមានអេក្រង់ទំហំ 6 អ៊ីង ដែលអាចទ្រទ្រង់រូបភាព និងវីដេអូបានក្នុងកំរឹត 1080p ជាមួយនឹងកំរឹតដង់ស៊ីតេរូបភាព 367ppi ផងដែរ។ Xperia XA Ultra ក៏ត្រូវបានរចនាអេក្រង់ធំទូលាយស្ទើតែគ្មានគែមសងខាង (edge-to-edge)ដែលធ្វើអោយសមាជិកថ្មីមួយនេះគឺកាន់តែស្រស់ស្អាត និងកាន់តែទាក់ទាញ។ បើយើងក្រឡេកមកមើកកំលាំងនៃម៉ាសុីនរបស់ Xperia XA Ultra វិញ ឃើញថា វាត្រូវបានភ្ជាប់មកជាមួយនឹងបន្ទះឈីបប្រភេទ Mediatek Helio P10 ដែលមានរ៉េមទំហំ 3GB ដែលដំណើរការដោយប្រព័ន្ធប្រត្តិបត្តិការ Android Marshmallow v6.0.1 ។ Xperia XA Ultra នេះ គឺមានទំហំផ្ទុក 16GB ប៉ុន្តែលោកអ្នកកុំព្រួយបារម្ភថ្វី ត្បិតអី លោកអ្នកពិតជាអាចបន្ថែមកាតមេម៉ូរីខាងក្រៅប្រភេទ microSD បានយ៉ាងងាយស្រួលទៀតផង។
អ្វីដែលជាលក្ខណៈពិសេសបំផុតរបស់ Xperia XA Ultra នោះគឺ ផ្នែកកាមេរ៉ាតែម្តង។ វាត្រូវបានបំពាក់មកជាមួយនឹងអំពូល Flash LED ទាំងសងខាងតែម្តង ពោលគឺ ទាំងខាងមុខ និងទាំងខាងក្រោយ ដោយខាងក្រោយត្រូវបានភ្ជាប់មកជាមួយនឹងកាមេរ៉ាទំហំ 21.5 មេហ្គាភិចសែល រួមនឹងបច្ចេកវិទ្យា hybrid autofocus ។ ចំនែកឯកាមេរ៉ាខាងមុខវិញ គឺមានទំហំ 16 មេហ្គាភិចសែល LED Flash ដែលមានសមត្ថភាពចាប់យកការ Selfie របស់លោកអ្នកបានយ៉ាងស្រស់ស្អាតជាទីបំផុត ហើយវាក៏ត្រូវបានភ្ជាប់មកជាមួយនឹងបច្ចរកវិទ្យា Gesture shutter ដែលមានន័យថា ពេលលោកអ្នកធ្វើការថត Selfie លោកអ្នកគ្រាន់តែ បិទ-បើក ប្រអប់ដៃរបស់លោកអ្នក នោះវានឹងដំណើរការនៃការថតភ្លាមៗតែម្តង។
Xperia XA Ultra ក៏ត្រូវបានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យានៃសាកថ្មលឿនរហ័ស ដោយលោកអ្នកគ្រាន់តែចំណាយពេលត្រឹមតែ 10 នាទី នៅក្នុងការសាកថ្ម នោះលោកអ្នកនឹងអាចរីករាយជាមួយវាបារហូតដល់ទៅជាង 5 ម៉ោង ឯណោះ។ Sony Xperia XA Ultra នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែកក្កដាខាងមុខនេះ ដែលមាន 3 ពណ៌ ជាជម្រើសរបស់លោកអ្នក រួមមាន ពណ៌ស ពណ៌ខ្មៅ បៃតងមាស ផងដែរ។