ថ្មីៗនេះ ក្រុមហ៊ុន Lenovo និងក្រុមហ៊ុន Microsoft បានធ្វើការចាប់ដៃគ្នានៅក្នុងកិច្ចព្រមព្រៀងមួយដែលមានផ្តល់នូវលទ្ធភាពសម្រាប់ទូរស័ព្ទ Android ដែលផលិតដោយក្រុមហ៊ុន Lenovo អាចធ្វើការប្រើប្រាស់នូវកម្មវិធីជាច្រើនរបស់ Microsoft ដែលមានដូចជា Skype, Office និង OneDrive ។ កិច្ចព្រមព្រៀងនេះបានរួមបញ្ចូលទាំងការឆ្លងអាជ្ញាប័ណ្ណប៉ាតង់រវាងក្រុមហ៊ុន Microsoft និង Lenovo ។ ក្នុងកិច្ចព្រមព្រៀងនេះក៏បានដាក់បញ្ចូលនូវប៉ាតង់ដែលកម្មសិទ្ធិរបស់ Motorola របស់ក្រុមហ៊ុន Lenovo ផងដែរ។
កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Xiaomi និង Microsoft បានធ្វើការឯកភាពទៅលើកិច្ចព្រមព្រៀងឆ្លងអាជ្ញាប័ណ្ណដែលអនុញ្ញាតឱ្យក្រុមហ៊ុន Xiaomi ធ្វើការតម្លើងនូវកម្មវិធី Office និង Skype នៅលើទូរស័ព្ទរបស់ Xiaomi ។
ក្រុមហ៊ុន Lenovo នៅមិនទាន់បញ្ជាក់នូវម៉ូដែលទូរស័ព្ទណាខ្លះដែលអាចប្រើប្រាស់នូវកម្មវិធី Microsoft បាននោះ ប៉ុន្តែគម្រោងនេះនឹងបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដែលមានផែនការក្នុងការលក់នូវទូរស័ព្ទរាប់លានគ្រឿងនៅលើពិភពលោកនៅប៉ុន្មានឆ្នាំខាងមុខទៀត។ សម្រាប់ទំហំទឹកប្រាក់ដែលបានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងនេះនៅមិនបានបញ្ជាក់នៅឡើយទេ។
ក្រុមហ៊ុន Microsoft មានកម្មសិទ្ធិប៉ាតង់ដែលមានការវិនិយោគយ៉ាងធំធេងសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ។ ជាការពិតណាស់ ក្រុមហ៊ុនបង្កើតនូវកម្មវិធី Software មួយនេះបានរកចំណូលបានច្រើនពីប៉ាតង់របស់ខ្លួនជាជាងការលក់ទូរស័ព្ទដៃ Windows Phone របស់ខ្លួននៅលើទីផ្សារពិភពលោក៕