ចាប់តាំងពីចេញ Galaxy រហូតមកដល់ពេលនេះ ក្រុមហ៊ុន Samsung មានទំលាប់មួយ គឺតែងតែបញ្ចេញនូវទូរស័ព្ទស៊េរីថ្មីម្តង ពីរគ្រឿង ដែលមានត្រកូលដូចគ្នាក្នុងរយៈពេលមួយឆ្នាំជារៀងរាល់ឆ្នាំ។ ប៉ុន្តែសម្រាប់ឆ្នាំ 2017 នេះ មានលេចធ្លាយ នូវរបាយការណ៍មួយបានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ ឈប់ធ្វើរឿងដដែលទៀតហើយ។ បន្ទាប់ពីការបោះបង់នូវការផលិត និងចែកចាយនូវហ្វាប់ប្លេត Galaxy Note 7 ដោយសារតែបញ្ហាថ្មដែលអាចបណ្តាលឱ្យផ្ទុះបាន យុទ្ធសាស្ត្រនៃការផ្លាស់ប្តូរទូរស័ព្ទថ្មីរបស់ក្រុមហ៊ុន Samsung ហាក់ដូចជាមិនមានអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបានធ្វើការប្រកាសប្រមូលមកវិញទាំងអស់ ហើយចាប់ផ្តើមវាយតម្លៃឡើងវិញអំពីវិធីសាស្ត្ររបស់ខ្លួនក្នុងការផលិតដើម្បីធានាបាននូវគុណភាពទៅលើផលិតផលរបស់ខ្លួនឱ្យកាន់តែល្អប្រសើរនៅពេលអនាគត។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកគាំទ្រផលិតផល Samsung បានដឹងពីទម្លាប់របស់ក្រុមហ៊ុន Samsung ហើយដែលតែងតែបញ្ចេញនូវស្មាតហ្វូនជាច្រើនស៊េរីសម្រាប់អតិថិជន។ នៅឆ្នាំនេះ ទូរស័ព្ទ Galaxy S7 និង Galaxy S7 Edge ត្រូវបានប្រកាស បន្ទាប់មកក៏មានវត្តមានរបស់ហ្វាប់ប្លេត Galaxy Note 7 ។ កាលពីឆ្នាំមុនក៏ដូចគ្នាផងដែរ ហ្វាប់ប្លេត Galaxy Note 5 ត្រូវបានប្រកាសបន្ទាប់ពីការបង្ហាញខ្លួនរបស់ទូរស័ព្ទ Galaxy S6 Edge+ ។ បើយោងតាមសារព័ត៌មាន The Korea Herald បានឱ្យដឹងថា ទម្លាប់នៃការប្រកាសនូវស្មាតហ្វូនជាច្រើនស៊េរីនឹងលែងមានទៀតហើយនៅឆ្នាំ 2017 ប៉ុន្តែការសម្រេចចិត្តក្នុងការបោះបង់នូវប្រព័ន្ធក្នុងការផលិតនូវស្មាតហ្វូនពីរម៉ូដែលក្នុងត្រកូលតែមួយនៅមិនទាន់ច្បាស់ជាព័ត៌មានចុងក្រោយនោះទេ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា របាយការណ៍នេះបានដកស្រង់ពីក្រុមហ៊ុនដៃគូមួយរបស់ក្រុមហ៊ុន Samsung ដែលបានកត់សម្គាល់ឃើញថា ក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើននៅមិនទាន់បានទទួលការជូនដំណឹងនៃការផ្លាស់ប្តូរនេះនៅឡើយទេ។
សម្រាប់ព័ត៌មានជាក់លាក់ថាតើពេលណា ដែលក្រុមហ៊ុន Samsung នឹងធ្វើការប្រកាសនូវទូរស័ព្ទស៊េរីថ្មីរបស់ខ្លួននៅពេលណានោះក៏មិនទាន់ដឹងនៅឡើយដែរ ប៉ុន្តែវាប្រហែលជាមិនទាន់ធ្វើការប្រកាសបង្ហាញនៅឆ្នាំនេះនោះទេ។ យើងបានលឺហើយថា ទូរស័ព្ទស៊េរីថ្មី ដែលក្រុមហ៊ុន Samsung កំពុងតែ ផលិតនោះគឺ Samsung Galaxy S8 ប៉ុន្តែរឿងនេះមិនទាន់ដឹងថាពិត ឬយ៉ាងណានោះទេ៕