គ្រូបង្វឹកជិះក្តារលើទឹករលកម្នាក់នៅភាគខាងត្បូងនៅឆ្នេរសមុទ្រដែលជាជនជាតិអូស្រា្តលីមួយបាននិយាយថា ទូរស័ព្ទ iPhone 7 របស់គាត់បានផ្ទុះឆេះក្លាយជាអណ្តាតភ្លើង និងបានបំផ្លាញនូវរថយន្តរបស់គាត់ ថែមទៀត។ លោក Mat Jones បាននិយាយថា គាត់បានទុកទូរស័ព្ទនៅខាងក្រោមសម្លៀកបំពាក់នៅក្នុងរថយន្តរបស់គាត់ខណៈពេលដែលគាត់ចាប់ផ្តើមហាត់ជិះក្តារលើទឹករលក។ នៅពេលដែលគាត់ត្រលប់មកវិញ គាត់ពិតជាមានការភ្ញាក់ផ្អើលមែនទែនដែលឃើញរថយន្តរបស់គាត់ហុយផ្សែងអាប់អួរពេញតែរថយន្តតែម្តង។
លោក Jones បានរកឃើញបំនែកនៃទូរស័ព្ទ iPhone 7 របស់គាត់ ហើយខោរបស់គាត់ត្រូវបានភ្លើងឆេះខណៈពេលដែលវារុំទូរស័ព្ទដែលផ្ទុះនោះនៅខាងក្នុង។ លោកមិនមានការសង្ស័យអ្វីនោះទេថាវាគឺជាប្រភពដែលបណ្តាលឱ្យមានភ្លើងឆេះនោះ។ គ្រូបង្វឹកជិះក្តារលើទឹករលកនេះទើបតែទិញទូរស័ព្ទនេះបានរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ហើយលោកបាននិយាយបន្ថែមទៀតថា គាត់មិនធ្លាប់បានធ្វើឱ្យទូរស័ព្ទនេះធ្លាក់នោះទេ ឬប្រើប្រាស់នូវឆ្នាំងសាកថ្មផ្សេងដែរក្រៅពីឆ្នាំងសាកថ្មស៊ីននោះទេ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នៅមិនទាន់បានធ្វើអត្ថាធិប្បាយនៅឡើយទេ ប៉ុន្តែពួកគេបានឃើញពីពាក្យបណ្តឹង ហើយពួកគេកំពុងធ្វើការស៊ើបអង្កេតចំពោះរឿងនេះ។ ពេលនេះប្រហែលជាវាដើរតាមបញ្ហារបស់ហ្វាប់ប្លេត Galaxy Note 7 របស់ក្រុមហ៊ុន Samsung កាលពីប៉ុន្មានសប្តាហ៍មុននេះអំពីទូរស័ព្ទរបស់ពួកគេដែលបានផ្ទុះឆេះ។ ក្រុមហ៊ុន Samsung ក៏បានចេញសេចក្តីប្រកាសថ្លែងការណ៍មួយស្នើរសុំឱ្យម្ចាស់ទូរស័ព្ទទាំងអស់បិទទូរស័ព្ទថ្មីរបស់ពួកភ្លាមៗជាបន្ទាន់ផងដែរ៕
ប្រភពព័តមាន៖ http://au.news.yahoo.com/a/32960624/iphone-7-catches-fire-destroys-vehicle/#page1