សម្រាប់លក្ខណៈសម្បត្តិដ៏ទាក់ទាញជាច្រើនត្រូវបានរកឃើញនៅលើស្មាតហ្វូននាពេលបច្ចុប្បន្ននេះ ក៏ប៉ុន្តែបញ្ហាដែលគួរឱ្យធុញទ្រាន់នោះគឺថាមពលថ្មដែលបានបង្ករនូវការរំខានយ៉ាងខ្លាំងសម្រាប់អ្នកប្រើប្រាស់។ ក្រុមហ៊ុនផលិតទូរស័ព្ទ Gionee របស់ប្រទេសចិនបានកត់សម្គាល់ទៅលើបញ្ហានេះផងដែរ កាលពីឆ្នាំមុននេះក្រុមហ៊ុនមួយនេះបានប្រកាសបង្ហាញនូវទូរស័ព្ទ Elife E8 ដែលមានថាមពលថ្មកម្លាំងដល់ទៅ 6020 mAh ហើយសម្រាប់ឆ្នាំនេះវិញក្រុមហ៊ុនបានប្រកាសបង្ហាញនូវទូរស័ព្ទ M2017 ដែលជាស្មាតហ្វូនស៊េរីថ្មីចុងក្រោយមានថាមពលថ្មខ្លាំងដល់ទៅ 7000mAh ថែមទៀត។
ទូរស័ព្ទនេះ ត្រូវបានបញ្ជាក់គុណភាពដោយក្រុមហ៊ុន FCC និងក្រុមហ៊ុន TENAA របស់ប្រទេសចិនតាំងពីខែវិច្ឆិកាមកម្ល៉េះ។ វាមានរូបរាងយ៉ាងស្រស់ស្អាតធ្វើពីស្បែកស្រោបនៅលើលោហធាតុពណ៌ខ្មៅអមជាមួយនឹងអេក្រង់កោង 5.7 អ៊ីងកម្រិតភាពច្បាស់ QHD (2560 x 1440) ភិចសែល និងមានរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 6GB ថែមទៀតផង។ ទូរស័ព្ទនេះថែមទាំងមានកាមេរ៉ាភ្លោះទំហំ 12MP និងទំហំ 13MP ជាមួយនឹងបច្ចេកវិទ្យា Optical Zoom 2x និងបច្ចេកវិទ្យា Digital Zoom 8x ហើយកាមេរ៉ាមុខរបស់វាមានទំហំ 8 MP ទ្រទ្រង់នូវស៊ីមពីរ ម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB/256GB ការប្រើប្រាស់នូវ Encrypted Call Service សម្រាប់អ្នកប្រើប្រាស់ដែលប្រើ China Telecom និងប្រព័ន្ធស្កែនក្រយ៉ៅដៃនៅផ្នែកខាងមុខដែលអាចចូលទៅលេង WeChat និង Alipay ផងដែរ។
សរុបមក ទូរស័ព្ទ M2017 មានលក្ខណៈសម្បត្តិស្រដៀងទៅនឹងស្មាតហ្វូនផ្សេងដែរគ្រាន់តែក្រុមហ៊ុន Gionee មិនសូវផ្តោតទៅលើការប្រើប្រាស់នូវបន្ទះឈីបចុងក្រោយនោះទេ។ ទូរស័ព្ទនេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 653 ខណៈពេលដែលទូរស័ព្ទ Pixel របស់ក្រុមហ៊ុន Google ប្រើប្រាស់នូវបន្ទះឈីប Snapdragon 821 ទៅហើយ។ ទូរស័ព្ទនេះថែមទាំងមិនមានរន្ធសម្រាប់ដោតកាត microSD នោះទេហើយវាថែមទាំងគ្មានរន្ធសម្រាប់ដោតកាសស្តាប់ដូចក្រុមហ៊ុន Apple ដែរ។
ប៉ុន្តែអ្វីដែលមិនគួរឱ្យជឿនោះគឺថា វាបានប្រើប្រាស់នូវថាមពលថ្មកម្លាំងដល់ទៅ 7000mAh (ការផ្គុំនូវថ្មដែលមានកម្លាំង 3500mAh ចំនួន 2) ហើយនេះជាលក្ខណៈពិសេសជាងគេរបស់ទូរស័ព្ទ M2017 នេះ។ វាមានសមត្ថភាពលើសពីស្មាតហ្វូននាៗដល់ទៅជិតពីរដងព្រោះសម្រាប់ការនិយាយកម្សាន្តបានរហូតដល់ទៅ 32 ម៉ោង ការចាក់វីដេអូបានដល់ទៅ 26 ម៉ោង នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន Gionee ។ អ្វីដែលសំខាន់នោះ ទូរស័ព្ទនេះអាចប្រើប្រាស់បានច្រើនថ្ងៃមុនពេលសាកថ្មសារជាថ្មីម្តងទៀត។
ពេលនេះទូរស័ព្ទ M2017 បានដាក់ឱ្យធ្វើការបញ្ជាកម្មង់ទិញបានហើយដោយចាប់ផ្តើមពីថ្ងៃទី 6 ខែមករានៅក្នុងប្រទេសចិន។ អ្វីដែលគួរឱ្យសោកស្តាយនោះគឺថាទូរស័ព្ទនេះនៅមិនទាន់ដាក់លក់ជាលក្ខណៈអន្តរជាតិនៅឡើយនោះទេ។ ដោយសារតែទូរស័ព្ទនេះជាម៉ូដែលពិសេសប្រណិតនោះតម្លៃរបស់វាចាប់ផ្តើមពី 1007 ដុល្លារអាមេរិចសម្រាប់ម៉ូដែល 128GB និងតម្លៃ 2446 ដុល្លារអាមេរិចសម្រាប់ទំហំ 256GB ៕