វិធីសាស្ត្រដ៏ជោគជ័យមួយ ដែលកន្លងមក ត្រូវបានក្រុមហ៊ុន Samsung យកមកប្រើប្រាស់ដើម្បីបំពេញនូវសេក្តីស្រឡាញញ់ចំពោះអ្នក ដែលប្រើប្រាស់ផលិតផលស្មាតហ្វូនរបស់ខ្លួន ម្តងហើយ ម្តងទៀត នោះគឺការបង្ហាញនូវពណ៌ថ្មីៗ ជាច្រើនសម្រាប់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ នៅពេលនេះ ក្រុមហ៊ុន Xiaomi បានទទួលយកនូវគំនិតថ្មីមួយអំពីយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Samsung នេះហើយ។ ពេលនេះក្រុមហ៊ុនចិនមួយនេះ ប្រើប្រាស់យុទ្ធសាស្ត្រនេះ ជាលើកដំបូងរបស់ខ្លួនផងដែរ។ កាលដោយពីម្សិលមិញនេះ យើងបានមើលឃើញនូវទូរស័ព្ទ Mi Mix ដែលមានពណ៌ស ហើយពេលនេះក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសចិនមួយនេះ បានបន្ថែមនូវ 3 ពណ៌ផ្សេងទៀតសម្រាប់ទូរស័ព្ទ Mi Note 2 នៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ CES ដែលពណ៌ទាំងនេះ យើងមិនធ្លាប់បានឃើញពីមុនមកទេក្រៅពីពណ៌ខ្មៅ ពណ៌មាស និងពណ៌ទឹកប្រាក់នោះ។
នាពេលឆាប់ៗខាងមុខនេះ លោកអ្នកពិតជាអាចកម្ម៉ង់ទិញមុននូវទូរស័ព្ទ Mi Note 2 ជាមួយ 3 ពណ៌ប្លែក គឺពណ៌បៃតង ពណ៌ផ្កាឈូក និងពណ៌ស្វាយ។ យើងអាចសន្មត់បានថា ពណ៌ថ្មីទាំង 3 នេះ នឹងផលិតមកជាមួយនឹងចំនួនកំណត់ណាមួយសម្រាប់ទីផ្សារនៅក្នុងប្រទេសចិន ប៉ុន្តែទូរស័ព្ទនេះ ប្រហែលជាដំណើរការលក់នៅទីផ្សារកន្លែងផ្សេងផងដែរ។ ក្រៅពីពណ៌ផ្កាឈូក លោកអ្នកប្រហែលជាមិនដែលបានឃើញស្មាតហ្វូនដែលមានពណ៌បៃតង ឬពណ៌ស្វាយនោះទេ។ ដូចនេះ ការប្រើប្រាស់នូវពណ៌ថ្មីសម្រាប់ទូរស័ព្ទ Mi Note 2 ពិតជាទាក់ទាញចិត្តអ្នកប្រើប្រាស់ និងប្លែកភ្នែកមែនទែន។
នៅពេលនេះ អ្វីដែលយើងរង់ចាំមើលនោះ គឺថាតើអ្នកប្រើប្រាស់ទាំងអស់ពិតជានឹងទិញទូរស័ព្ទពណ៌បៃតង ឬទូរស័ព្ទពណ៌ស្វាយមែនដែរឬទេ? ប្រសិនបើការពិសោធន៍ លើកនេះទទួលបានជោគជ័យពិតមែន លោកអ្នកនឹងបានឃើញនូវវត្តមានរបស់ទូរស័ព្ទ Xiaomi ជាច្រើនស៊េរីទៀតនៅប៉ុន្មានឆ្នាំខាងមុខនេះ។ យ៉ាងណាមិញ វានៅមិនទាន់មានការប្រកាសពីកាលបរិច្ឆេទនៃការលក់ទូរស័ព្ទ Mi Note 2 ស៊េរីថ្មីនេះនៅឡើយទេ ហើយតម្លៃរបស់វាក៏មិនទាន់ដឹងដែរ ចំនែកលក្ខណៈសម្បត្តិរបស់វាមិនមានកែប្រែប្រួលផ្លាស់ប្តូរនោះទេ៕