ខណះដែលបានបង្ហាញពីការច្នៃបង្កើតផលិតថ្មីៗរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ពិពណ៌ CES 2017 កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Samsung ក៏បានបង្កឲ្យមានភាពភ្ញាក់ផ្អើលជាមួយនឹងគម្រោងក្នុងការបង្កើតសមត្ថផលថ្មីក្នុងពេលអនាគតផងដែរនោះគឺទូរស័ព្ទស្មាតហ្វូនដែលមានអេក្រង់អាចបត់បានក្រោយពីក្រុមហ៊ុនដ៏មានសក្តានុពលខាងបច្ចេកវិទ្យាកូរ៉េខាងត្បូងមួយនេះទទួលបានអាជ្ញាប័ណ្ឌ ឬហៅថា ប៉ាតង់ ក្នុងការផលិតស្មាតហ្វូនជំនាន់ថ្មីដែលមានអេក្រង់បត់ នេះបើតាមរបាយការណ៍ចុះផ្សាយពី Patently Mobile។ ការិយាល័យប័ណ្ឌប៉ាតង់ និងស្លាកយីហោរបស់សហរដ្ឋអាមេរិក U.S Patent and Trademark Office ឬហៅកាត់ថា USPTO បានផ្តល់អាជ្ញាប័ណ្ឌផលិតស្មាតហ្វូនប្រភេទនេះដល់ Samsung រួចទៅហើយ បើទោះបីជា Samsung មិនទាន់បានបំពេញបែបបទនៃរចនាបថក្នុងការផលិតវាឲ្យចេញជារូបរាងនៅឡើយក្តី។
បច្ចុប្បន្នក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះបានគ្រប់គ្រង់លើប៉ាតង់រចនាម៉ូតស្មាតហ្វូនជំនួនពីរដែលត្រូវបានអនុម័តក្នុងនោះមានស្មាតហ្វូនដែលមានផ្នែកខាងក្រោយកោងសងខាង (Curved Edge on the back) និងស្មាតហ្វូនដែលមានអេក្រង់កោងសងខាង (Dual Edge Screen) ដែលមានក្នុងស្រឡាយ Samsung Galaxy Edge។ ដោយឡែកសម្រាប់ប៉ាតង់ទីបីក្នុងការរចនា និងផលិតស្មាតហ្វូនដែលមានអេក្រង់បត់បានដូចក្រដាសនេះនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ប៉ុន្តែ Samsung ថ្មីៗនេះពិតជាបានបង្ហាញចេញនូវរូបគំរូស្មាតហ្វូនប្រភេទនេះដល់មហាជនបានទស្សនារួចទៅហើយ ហើយវាពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែនពីមហាជន។
ជាមួយគ្នាដែរមួយរយះពេលកន្លងមកក៏មានលេចលឺព័ត៌មានខ្លះដែលថាស្មាតហ្វូនដែលបំពាក់អេក្រង់បត់នេះស្ថិតក្នុងស្មាតហ្វូនស្រឡាយថ្មីគឺ Samsung Galaxy X…។ យោងតាមរបាយការណ៍ដែលបានចុះផ្សាយដោយ Patent Apple កន្លងមកបានឲ្យដឹងថា ក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យាអេក្រង់បត់បានបញ្ជាក់ថាមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗចំនួនប្រាំបាននឹងកំពុងសាកល្បងប្រើប្រាស់កញ្ចក់អេក្រង់ដែលអាចបត់បាននេះក្នុងនោះមាន Google, Apple, Microsoft, Samsung និង Lenovo ហើយក្នុងនោះក្រុមហ៊ុន LG ក៏ត្រូវបានគេរាយការណ៍មកដែរថានឹងចូលប្រឡូកក្នុងវិស័យឧបករណ៍អេក្រង់បត់នេះផងដែរ។
ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងទុកថានឹងប្រកាសចេញស្មាតហ្វូនដែលបំពាក់អេក្រង់បត់នេះតាំងពីដើមឆ្នាំ 2016 មកម្ល៉េះ ប៉ុន្តែគម្រោងនេះមិនបានលេចចេញជារូបរាងនោះទេ។ ដោយឡែកចំពោះរបាយការណ៍ថ្មីៗដែលបានចេញផ្សាយនាពេលកន្លងមកបាននិយាយថា Samsung នឹងចាប់ផ្តើមនូវចង្វាក់ផលិតស្មាតហ្វូនអេក្រង់បត់នៅឆ្នាំ 2018។ ដូចនេះយើងមិនទាន់អាចសន្និដ្ឋានបានថាតើស្មាតហ្វូនអេក្រង់បត់បានដូចក្រដាសនេះអាចនឹងបង្ហាញវត្តមានលើទីផ្សារពិតដែរឬអត់ទេក្នុងពេលអនាគត៕