ពេលនេះ ក្រុមហ៊ុន Qualcomm បានប្រកាសបង្ហាញនូវទូរស័ព្ទ Asus Zenfone AR មុនពេលការប្រកាសវត្តមានជាផ្លូវការ ដែលត្រូវបានគេរំពឹងថា នឹងធ្វើឡើងនាពេលឆាប់ៗនេះ។ ក្រុមហ៊ុន Qualcomm បានបង្ហាញដោយចៃដន្យនៅក្នុងសេចក្តីប្រកាសមួយដែលពាក់ព័ន្ធទៅនឹងទូរស័ព្ទ Asus Zenfone AR ហើយក្រុមហ៊ុនបានឆ្លើយតបទៅនឹងព័ត៌មានដែលបានបែកធ្លាយកាលពីពេលមុនថា: ពិតជាត្រឹមត្រូវដែលថាទូរស័ព្ទនេះនឹងប្រើប្រាស់នូវកម្មវិធី Google Tango និង Google Daydream ដំបូងគេបំផុត។ Tango គឺជា Platform ថ្មីមួយទៀតរបស់ក្រុមហ៊ុន Google សម្រាប់ធ្វើការស្វែងរកនៅលើផែនទី (Indoor Mapping) ខណៈពេលដែល Daydream ជាប្រព័ន្ធ VR កម្រិតខ្ពស់បំផុតរបស់ក្រុមហ៊ុន Google ។
ទូរស័ព្ទ Asus Zenfone AR ស៊េរីថ្មីនេះត្រូវបានគេដឹងថានឹងដំណើរការនូវបន្ទះឈីប Snapdragon 821 ដែលខុសពីព័ត៌មានដែលបានបែកធ្លាយកាលពីពេលមុននេះដែលអះអាងថាទូរស័ព្ទនេះប្រហែលជាប្រើប្រាស់នូវបន្ទះឈីបថ្មី Snapdragon 835 SoC ដំបូងគេបំផុត។ វានៅមិនទាន់មានការបែកធ្លាយលក្ខណៈសម្បត្តិច្រើននោះទេនៅក្នុងសេចក្តីប្រកាសនេះ ដូចនេះយើងត្រូវរង់ចាំព័ត៌មានបន្ថែមជាបន្តទៀត។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ បន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm ដែលជាប្រភេទ Snapdragon 8xx និង 6xx នឹងទ្រទ្រង់នូវ Google Tango Platform បាន។ ទូរស័ព្ទ Asus នឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍មួយដែលធ្វើឡើងនៅថ្ងៃទី 4 ខែមករានេះមុនព្រឹត្តិការណ៍ CES 2017 ៕